នេះគឺជារឿងស្នេហាពិតរបស់ខ្ញុំ ហើយខ្ញុំក៏សុំជម្រាបទុកជាមុនដែរថា មនុស្សដែលខ្ញុំបាទស្រឡាញ់គេក៏ជាបុរសដូចខ្ញុំ ហើយក្រោយការអានអត្ថបទរបស់ខ្ញុំចប់ ទោះមិត្តអ្នកអានមិនឲ្យតម្លៃនោះ ក៏ទៅតាមទស្សនៈរបស់មិត្តៗចុះ ចំណែកខ្ញុំ ខ្ញុំគ្រាន់តែដឹងថា ស្រឡាញ់មនុស្សម្នាក់គ្មានកំហុសទេ។
នៅក្នុងឆ្នាំ១៩៩៩គឺជាឆ្នាំដំបូងដែលយើងបានស្គាល់គ្នា ហើយពួកយើងបានផ្តើមសាងមិត្តភាពមួយជាមួយគ្នា។ ពីមួយថ្ងៃទៅមួយថ្ងៃមិត្តភាពរបស់យើងកាន់តែត្រូវបានចងរឹតបន្តឹងឡើងដោយភាពជិតស្និទ្ធ ហើយនៅក្នុងពាក់កណ្តាលឆ្នាំនោះ ពួកយើងបានទិញវត្ថុអនុស្សាវរីយ៍ប្រគល់ជូនគ្នាទៅវិញទៅមក ដើម្បីតំណាងឲ្យភាពជាមិត្តរបស់ពួកយើង។ ចូលមកដល់ឆ្នាំ២០០០គឺពួកយើងបានកំណត់ថា រាល់ថ្ងៃទី២៩ខែកុម្ភៈគឺជាថ្ងៃបុណ្យខួបនៃមិត្តភាពរបស់យើងទាំងពីរ ហើយពួកយើងបានសន្យានឹងគ្នាថា ទោះពីពួកយើងនៅឆ្ងាយពីគ្នា ឬត្រូវឆ្លងកាត់ឧបសគ្គច្រើនយ៉ាងណាក៏ដោយ ក៏ពួកយើងត្រូវតែត្រឡប់មកជួបគ្នាវិញឲ្យទាល់តែបាន គឺដើម្បី រៀបចំបុណ្បខួបនៃមិត្តភាពរបស់ពួកយើងរាល់បួនឆ្នាំម្តង។
ពេលវេលាដើរទៅលឿនមែន ព្រោះមិនយូរប៉ុន្មានបីឆ្នាំបានកន្លងផុតទៅ។ ពួកយើងទាំងពីរត្រូវបែកគ្នាទៅធ្វើការនៅតាមខេត្តពីរផ្សេងពីគ្នា។ ទោះបីជានៅឆ្ងាយពីគ្នាដល់ណាក៏ដោយក៏ខ្ញុំតែងនឹកគិត ដល់គេជានិច្ច ហើយយើងសង្ឃឹមជាប់នៅក្នុងចិត្តថាពួកយើងនឹងបានជួបគ្នាសារជាថ្មីម្តងទៀតនៅក្នុងខែកុម្ភៈខាងមុខនេះ។ ខ្ញុំរង់ចាំពេលវេលានោះសែនយូរ ខ្ញុំចាំពីពេលវេលាមួយទល់វេលាមួយ ចាំពីរដូវមួយទល់នឹងរដូវមួយ គឺចាំផុតទៀតហើយ ហើយក៏ផុតទៅទាំងវេទនារកទីបំផុតគ្មាន ព្រោះទាំងអស់នោះជាការនឹកគិតដល់មនុស្សម្នាក់ ដែលខ្ញុំស្រឡាញ់រកទីបំផុតគ្មាន។
ក្រោយមកថ្ងៃទី២៩ខែកុម្ភៈក៏បានចូលមកដល់។ ខ្ញុំបានរៀបចំខ្លួនតាំងពីព្រលឹមដើម្បីត្រឡប់ទៅភ្នំពេញវិញជាមួយនឹងនាឡិកាដៃថ្មីមួយក្នុងបំណងទុកជូនដល់គេ ក្រោយការជួបគ្នារបស់ពួកយើង។ នៅទីបំផុតពេលវេលានៃការណាត់ជួបក៏បានមកដល់ ហើយខ្ញុំបានអង្គុយរង់ចាំគេក្នុងភោជនីយដ្ឋានមួយ។ មិនយូរប៉ុន្មានគេក៏មកដល់ ហើយពួកយើងបានស្ទុះឱបគ្នាដើម្បីបញ្ជាក់ពីការនឹករលឹកគ្នាទៅវិញទៅ មក ប៉ុន្តែពេលនោះខ្ញុំបែរជាមានអារម្មណ៍រំភើបនិងកក់ក្តៅ ចម្លែករកថាមិនត្រូវទាល់តែសោះ។ កាដូរបស់ខ្ញុំបានហុចជូនដល់ដៃរបស់គេ ហើយគេបានបើកមើលវាទាំងញញឹមដោយបញ្ជាក់មកជាមួយនូវការពេញចិត្ត។ ក្រោយមកគេបានដោះចិញ្ចៀនពីដៃរបស់គេប្រគល់មកឲ្យខ្ញុំ ដែលចិញ្ចៀននោះគេធ្លាប់ប្រាប់ថា គេទុកសម្រាប់មនុស្សដែលគេស្រឡាញ់។ ក្រោយមកទៀតរាត្រីនោះបានក្លាយជារាត្រីទីមួយនៃស្នេហារបស់ពួកយើង ហើយខ្ញុំបានរង់ចាំគ្រប់យ៉ាងមិនភ្លេចទេ ព្រោះវាជារាត្រីដ៏អស្ចារ្យ ហើយក៏ជារសជាតិស្នេហាទីមួយនៃជីវិតរបស់ខ្ញុំដែរ។ ពួកយើងបានរស់នៅជាមួយគ្នារហូតទល់ភ្លឺ ហើយនៅទីបំផុតថ្ងៃទី២៩កុម្ភៈក៏បានឆ្លងផុតទៅ យ៉ាងមានន័យបំផុតសម្រាប់ស្នេហារបស់ពួកយើង។
ចូលមកដល់ដើមឆ្នាំ២០០៧ គឺអ្វីក៏ចាប់ផ្តើមប្រែប្រួលអស់នោះ ក៏ដោយសារតែស្នេហារបស់ពួកយើងបានចាប់ផ្តើមមានបញ្ហា ព្រោះសង្គមបានបង្ខំឲ្យគេរៀបការជាមួយនឹងមនុស្សស្រីម្នាក់។ ខ្ញុំមិនថាអ្វីទាំងអស់ ព្រោះខ្ញុំបានដឹងថាថ្ងៃនោះគង់តែមកដល់ ប៉ុន្តែខ្ញុំពិតជាឈឺផ្សាណាស់ នៅពេលដែលស្នេហាមួយស្ថិតនៅក្រោមគំនាបនៃសង្គមបែបនេះ។ ខ្ញុំចង់ហោះហើរទៅឲ្យឆ្ងាយ ឆ្ងាយឲ្យផុតពីការរើសអើងនៃសង្គម ក៏ដូចជាការដើរគេចឆ្ងាយពីអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ខ្ញុំព្យាយាមទប់ខ្លួន និងប្រើស្នាមញញឹមទាំងក្នុងបេះដូងគ្រាំស្ទើរនឹងស្លាប់ ហើយដើរចូលទៅពិធីអាពាហ៍ពិពាហ៍របស់គេ។ ខ្ញុំសឹងនឹងហូរទឹកភ្នែកនៅពេលដែលប្រពន្ធរបស់គេហុចផ្កាម្លិះមួយភួងមកឲ្យខ្ញុំ និងរឹតតែឈឺចាប់ថែមទៀត នៅពេលដែលខ្ញុំចាប់ដៃរបស់គេដើម្បីអបអរគ្រាចុងក្រោយនៃការជួបគ្នារបស់ពួកយើង ហើយខ្ញុំគ្រាន់តែចាំបានថា ទឹកមុខរបស់គេនៅពេលនោះសម្លឹងមកខ្ញុំ ដោយបញ្ជាក់ឲ្យខ្ញុំបានយល់ និងដឹងដោយអារម្មណ៍ថា គេនៅតែស្រឡាញ់ខ្ញុំដូចកាលពីរាត្រីទីមួយនៃស្នេហារបស់យើងដដែល។
ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបានព្យាយាមគេចមុខពីគេ រហូតដល់ខែកុម្ភៈឆ្នាំ២០០៨ ទើបពួកយើងបានជួបគ្នាម្តងទៀត គឺនៅគ្រានោះគេបានមករកខ្ញុំដល់ផ្ទះ ទាំងស្រវឹង និងខ្លួនប្រាណទទឹកជោគដោយទឹកភ្លៀង ដែលកំពុងធ្លាក់យ៉ាងជោគជាំ។ គេបាននិយាយប្រាប់ខ្ញុំទាំងអួទីនួថា គេស្រឡាញ់ខ្ញុំ នឹកខ្ញុំ និងត្រូវការខ្ញុំ ហើយបើពាក្យសម្តីគេមិនពិត គេសូមឲ្យមេឃផ្តន្ទាគេចុះ។ នៅ ពេលនោះខ្ញុំអាណិតគេខ្លាំងណាស់ ហើយក៏ជឿពាក្យគេគ្រប់ម៉ាត់ទាំងអស់ ព្រោះខ្ញុំយល់ថា ស្រាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីទឹកចិត្តមនុស្ស។ ក្រោយមកយប់នោះពួកយើងក៏បានរួមក្តីស្នេហ៍ជាមួយគ្នាម្តងទៀត ប៉ុន្តែលុះស្អែកឡើង ខ្ញុំក៏ចាកចេញពីគេជាមួយនឹងសំបុត្រមួយច្បាប់ទុកជូនដល់គេហើយសង្ឃឹមថា គេប្រាកដជាយល់នូវទង្វើដែលខ្ញុំព្យាយាមរត់គេចចេញពីគេបែបនេះ។
ខ្ញុំបានបែកពីគេចាប់តាំងពីពេលនោះមក ហើយខ្ញុំក៏មិនដែលសង្ឃឹមទុកនៅក្នុងចិត្តដែរថា ពួកយើងនឹងមានថ្ងៃជួបគ្នាម្តងទៀត។ តែលុះដល់ឆ្នាំនេះឆ្នាំ២០០៩ ខ្ញុំក៏បានឃើញគេម្តងទៀតនៅ ភ្នំពេញ ប៉ុន្តែពេលនោះ គេមិនបានឃើញខ្ញុំឡើយ ព្រោះខ្ញុំគ្រាន់តែសម្លឹងមើលគេពីចម្ងាយប៉ុណ្ណោះ។ ខ្ញុំបានឃើញគេនៅក្បែរប្រពន្ធរបស់គេជាមួយនឹងក្មេងម្នាក់ ដែលជឿថាជាកូនរបស់គេ។ ខ្ញុំចង់ឃើញតំណក់ឈាមរបស់គេណាស់ ប៉ុន្តែពេលនោះខ្ញុំពិតជាមិនហ៊ានឡើយ ព្រោះខ្ញុំគ្មានសិទ្ធិ។ នៅពេលនោះខ្ញុំបានត្រឹមតែញញឹមរីករាយ ហើយឱនមុខចុះ រួចក៏ដើរចេញទៅទាំងដឹងច្បាស់នៅក្នុងចិត្តថា បេះដូងរបស់ខ្ញុំនៅតែមានរូបគេនៅឡើយ។
អ្វីដែលខ្ញុំបារម្ភគឺពេលវេលានៃការជួបគ្នាម្តងទៀតរបស់ពួកយើង នៅថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១២។ ខ្ញុំមិនដឹងថា តើខ្ញុំគួរជួបគេឬក៏អត់ទេ? ហើយក៏រឹតតែមិនដឹងថា តើខ្ញុំគួរគេចពីគេទៅទីណាទៀតដែរ។ តើសង្គមដាក់ទោសខ្ញុំយ៉ាងម៉េចដែរទៅ បើខ្ញុំគ្រាន់តែស្រឡាញ់មនុស្សល្អម្នាក់? តើពាក្យថាស្នេហា ខ្មែរយើងកំណត់តែទៅលើរឿងស៊ិចតែមួយមុខនឹងឬ? ចុះតម្លៃនៃស្នេហាមួយ តើកំណត់ទៅលើអ្វីខ្លះ? បើខ្ញុំស្រឡាញ់គេ ហើយគេក៏ស្រឡាញ់ខ្ញុំ តើជាកំហុសរបស់យើងទាំងពីរដែរឬទេ? នៅក្នុងរឿងជីវិតស្នេហារបស់ពួកយើង តើនរណាជាអ្នកដណ្តើមស្នេហារបស់នរណា? ចម្ងល់ទាំងអស់នេះធ្វើឲ្យខ្ញុំពិបាកចិត្តខ្លាំងណាស់ តែខ្ញុំប្រាកដជារង់ចាំចម្លើយពីមិត្តអ្នកអាន។ ខ្ញុំក៏សូមជម្រាបទៅមនុស្សស្រីទូទៅដែរថា សូមកុំរើសអើងពួកខ្ញុំ ពីព្រោះមានមនុស្សស្រីមិនតិចទេ ដែលបានរៀបអាពាហ៍ពិពាហ៍ទាំងស្រពេចស្រពិល ហើយរហូតមកទល់នឹងពេលនេះក៏នៅតែមិនដឹងថា ស្វាមីរបស់ខ្លួនគឺជាអ្វី? បុត្រារបស់ខ្លួនគឺជាអ្វី? បងប្អូនប្រុសរបស់ខ្លួនគឺជាអ្វី? ពីព្រោះគ្រប់យ៉ាងមិនអាចមើលដឹងដោយភ្នែកឡើយ៕