ខ្ញុំពិតជាខ្លាចនិងខ្មាសអៀនបំផុត ពេលដែលខ្ញុំចាប់ផ្តើមកាន់ក្រដាសនិងប៊ិក ដើម្បីសរសេរអត្ថបទនេះ។ តែអ្វីដែលជម្រុញចិត្តខ្ញុំឲ្យក្លាហានក្នុងការសរសេរនោះ គឺជាចំណងជើងនៃអត្ថបទនេះហើយ «ស្រឡាញ់មនុស្សម្នាក់គ្មានកំហុស»។
ពិតមែនហើយ ការស្រឡាញ់មនុស្សម្នាក់ ពិតជាមិនខុសឡើយ ប្រសិនបើយើងពុំបានធ្វើឲ្យគេខាតបង់ ឬខូចកេរ្តិ៍ឈ្មោះនោះទេ ហើយសម្រាប់ខ្ញុំវិញ គេថែមទាំងពុំបានដឹងឡើយថា ខ្ញុំលួចស្រឡាញ់គេ ហើយក៏ប្រហែលជាពុំមានថ្ងៃដែលខ្ញុំអាចប្រាប់គេដែរ ហើយបើទោះជាខ្ញុំប្រាប់គេ ក៏ពុំមានប្រយោជន៍អ្វីឡើយ ព្រោះគេនឹងត្រូវចាកចោលខ្ញុំទៅឯនាយសមុទ្រ ក្នុងរយៈពេលប៉ុន្មានខែទៀតដែរ។ ក៏ប៉ុន្តែប្រសិនបើខ្ញុំប្រាប់គេ ហើយយើងអាចស្រឡាញ់គ្នាមែន តើជាការល្អដែរឬទេ? សម្រាប់ខ្ញុំវាពិតជាការប្រសើរបំផុតនៅក្នុងឆាកជីវិត ទោះបីជារយៈពេលខ្លីក៏ដោយ តែបើអាចកើតឡើងមែន ខ្ញុំប្រហែលជាមិនខុសពីមនុស្សញៀនថ្នាំឡើយ ព្រោះមនុស្សញៀនថ្នាំ កាលបើបានថ្នាំហើយ ពិតជាអារម្មណ៍ភ្លឺថ្លាសប្បាយរីករាយ ថែមទាំងមានកម្លាំងខ្លាំងក្លាទៀត តែបន្ទាប់ពីអស់ជាតិថ្នាំហើយ… តើខ្ញុំត្រូវក្លាយជាបែបណាពេលដែលគេទៅបាត់…។
ហេតុអ្វីក៏ខ្ញុំស្រឡាញ់គេខ្លាំងបែបនេះ គ្រប់វិនាទី គ្រប់ពេល គ្រប់ដង្ហើមចេញចូល បិទឬបើកភ្នែក គឺរូបគេនៅក្នុងចិត្តខ្ញុំជាប់ជានិច្ច។ ខ្ញុំពិតជាឆ្ងល់ចំពោះខ្លួនឯងណាស់ គឺរូបខ្ញុំពុំមែនជាមនុស្សដែលស្រឡាញ់គេងាយៗនោះទេ តែហេតុអ្វីទៅពេលនេះ បែរជាស្រឡាញ់ស្ទើរបាត់មុខមួយថ្ងៃមិនបានទៅវិញ។ សម្រាប់ខ្ញុំ ខ្ញុំធ្លាប់គិតថា មនុស្សស្រីដែលខ្ញុំស្រឡាញ់ គឺក្មេង ស្អាត ពុំទាន់មានសង្សារ ហើយស្រឡាញ់ខ្ញុំ។ តែពេលនេះវាផ្ទុយជាច្រើន គេជាមនុស្សស្រីស្អាត ប្រហែលជាមានសង្សារហើយ ហើយក៏ត្រូវចាកចេញទៅក្រៅប្រទេសដែរ។ មានពីរចំណុចដែលខ្ញុំពុំគួរស្រឡាញ់គេទាល់តែសោះ តែខ្ញុំពិតជាពុំអាចទប់ចិត្តបានពិតមែន នេះពិតជារឿងដែលគួរឲ្យខ្មាសអៀនបំផុត និងខុសបំផុតដែលខ្ញុំបានធ្វើវាជាលើកទី១ ហើយក៏ជាលើកចុងក្រោយបង្អស់ដែរ។
គេជាមនុស្សស្រីដែលក្រៀមក្រំណាស់ ក្នុងកែវភ្នែកគេពោរពេញដោយក្តីទុក្ខ។ បទចម្រៀង «ស្លាប់ក្នុងឧទ្យានទឹកភ្នែក» ជាបទដែលគេចូលចិត្តណាស់ តើការពិតបែបណាទៅវិញ? តើគេមានសង្សារឬទេ? នរណាទៅជាសង្សារគេ? អ្នកពិតជាមនុស្សប្រុសដែលមានសំណាងណាស់ សូមមេត្តាកុំធ្វើបាបគេឲ្យដូចជាអត្ថន័យចម្រៀងណា! ក៏ដូចជាអង្វរដល់មនុស្សប្រុសគ្រប់រូប ដែលក្នុងនាមខ្ញុំជាមនុស្សប្រុសម្នាក់ ដែលធ្លាប់ប្រឡូកក្នុងពិភពស្នេហាដែរនោះ គឺសូមឲ្យទុកមនុស្សស្រីជាភេទមួយដែលទន់ជ្រាយងាយនឹងខាតបង់ពុំដូចមនុស្សប្រុសឡើយ ដូច្នេះសូមមេត្តាកុំធ្វើបាបគេអី បញ្ឃប់ទៅ! សូមគិតថា គេក៏មិនខុសពីបងប្អូនស្រីយើងដែរ គឺចេះឈឺចាប់ ហើយប្រសិនបើយើងធ្វើបាបគេ ហើយឃើញគេឈឺចាប់នោះ ខ្ញុំជឿថាយើងក៏ពិតជាមិនសប្បាយចិត្តដែរ។
បទចម្រៀង«ស្លាប់ក្នុងឧទ្យានទឹកភ្នែក» និងបទមួយចំនួនទៀត បានធ្វើឲ្យខ្ញុំពិតជាខ្លោចផ្សាណាស់ ហើយក៏មានការអាណិតដល់មនុស្សស្រីគ្រប់រូប ដែលជួបប្រទះនូវវិបត្តិនៅក្នុងជីវិត ហើយក៏សង្ឃឹមថាមនុស្សប្រុសដទៃទៀត គេពិតជាមិនខុសពីខ្ញុំឡើយ ហើយក៏អាចធ្វើបានល្អជាងខ្ញុំគិតទៅទៀតដែរ។
«ការស្រឡាញ់មនុស្សដែលយើងពុំអាចស្រឡាញ់បាន គឺជារឿងដែលឈឺចាប់បំផុតក្នុងឆាកជីវិតមនុស្ស»។ ខ្ញុំគិតថារឿងនេះគឺពុំអាចដោះស្រាយបានឡើយ តែបើមិត្តណាម្នាក់អាចមានដំណោះស្រាយល្អនោះ សូមមេត្តាសរសេរជាអត្ថបទចូលរួមយោបល់ផងចុះ។
ប្រសិនបើមានរណាម្នាក់ដឹងថា អត្ថបទនេះជារបស់ខ្ញុំ ស្គាល់ខ្ញុំ បើទុកខ្ញុំជាមិត្ត សូមមេត្តាដឹងឮតែម្នាក់ឯងចុះ មេត្តាកុំប្រាប់អ្នកផ្សេងឲ្យសោះ ខ្ញុំសូមអង្វរៗៗៗ។៕