ថតតុមួយត្រូវបានទាញចេញមក នៅខាងក្នុងនោះមានប្រលោមលោកគម្របរឹងមួយក្បាល ដែលក្របមុខសរសេរចំណងជើងដាក់ថា «រន្ទះស្នេហ៍ដៃទេព»។
ម្ចាស់ដៃដែលទាញថតតុ កំពុងឱនទៅចាប់សៀវភៅនោះចេញមក មុននឹងផ្ទាត់សន្លឹកសៀវភៅទៅកាន់ទំព័រដែលខ្លួនអានដល់កាលពីលើកមុន ដោយមានប្រដាប់ខ្ទាស់សៀវភៅចំណាំទុកផង។
ម្ចាស់កែវភ្នែកទាំងគូដែលកំពុងអានសៀវភៅនេះ ជាកំលោះរូបស្រស់មុខមាត់មានស្នេហ៍ ឈ្មោះសុទ្ធិពង្ស។ គេជាមនុស្សម្នាក់ ដែលចូលចិត្តអានប្រលោមលោកចិន យកស្លាប់យករស់តែម្តងហើយ។ ប្រលោមលោករន្ទះស្នេហ៍ដៃទេព ដែលគេកំពុងដាក់ចិត្តអាននេះ គឺជារឿងដែលគេឈ្លក់វង្វេងនិងជាប់ចិត្តជាប់ថ្លើមជាទីបំផុត។
សុទ្ធិពង្សអានវាចប់ច្រើនដងមកហើយ រហូតចាំសាច់រឿង តួអង្គ ពាក្យសន្ទនាផ្សេងៗ ស្ទើរតែទាំងអស់។ តែទោះជាយ៉ាងនេះក្តី ក៏គេនៅតែយកវាមកអានជាប្រចាំ ដោយមិនចេះធុញទ្រាន់ឡើយ ហាក់ដូចជាសៀវភៅនេះជាផ្នែកមួយនៃជីវិតរបស់គេ។
ខណៈនោះទ្វាររបស់គេ ក៏របើកឡើងលេចរូបបុរសរាងមាំខ្ពស់សង្ហាម្នាក់ ក្នុងឯកសណ្ឋាននាយតម្រួត។ កំលោះម្នាក់នេះឈ្មោះនរិន្ទ។ ខ្សែភ្នែករបស់គេកំពុងបាញ់ឆ្ពោះមករកសុទ្ធិពង្ស ដែលកំពុងស្លុងចិត្តអានប្រលោមលោកចិន ដោយមិនចាប់អារម្មណ៍នឹងអ្វីផ្សេងទៀតនៅជុំវិញខ្លួន។ នរិន្ទពោលទៅកាន់មិត្តសម្លាញ់៖
«អានទៀតហើយហ៎… អានតែប្រលោមលោករឿងនេះ មិនធុញខ្លះទេអី?»
សុទ្ធិពង្សមិនតបថាអ្វីនៅបន្តអានទៀត រហូតទាល់តែនរិន្ទអត់ទ្រាំមិនបានក៏មកឈរនៅនឹងមុខគេ ហើយចាប់ទាញសៀវភៅនោះចេញពីដៃ។
«នែ៎.. យកទៅណា កំពុងតែអានជក់ចិត្តផង?»
សុទ្ធិពង្សសម្លឹងមុខនរិន្ទ ឃើញក្រសែភ្នែកនិងស្នាមញញឹមពព្រាយ ដិតនៅលើផ្ទៃមុខរបស់នាយតម្រួតកំលោះរូបនេះ។
«ដៃទេពនៅក្នុងរឿង មកស៊ូនឹងដៃទេពរបស់ខ្ញុំម្តេចនឹងបាន? តោះ! នាំគ្នាមកសាងអារម្មណ៍សុខស្រួលជាមួយគ្នាល្អជាង!»
ពោលចប់ នរិន្ទឱនក្បាលទៅថើបផ្ទៃមុខដ៏មានស្នេហ៍ របស់មិត្តសម្លាញ់សព្វពេញសាច់ទាំងអស់។ សុទ្ធិពង្សក៏តបតវិញយ៉ាងកក់ក្តៅ ម្តងនរិន្ទថើបមក ម្តងគេថើបតបទៅវិញ។ ពេលនេះរាងកាយទាំងពីរត្របាញ់ចូលគ្នាជារូបតែមួយ។ ពួកគេឈរឱបថើបគ្នាយ៉ាងស្អិតរមួត ដោយអារម្មណ៍ពុះកញ្រ្ជោល។ ចរន្តឈាមរត់ច្រាលពេញខ្លួនទៅហើយ មានពេលឯណានឹងទប់ឈ្នះ មានតែស្វែងរកសេចក្តីសុខជូនគ្នាតែប៉ុណ្ណោះដែលជាដំណោះស្រាយល្អបំផុត សម្រាប់រម្ងាប់ភ្លើងតណ្ហាដែលកំពុងឆេះរោលរាលនេះ។ ម្នាក់ៗខិតខំផ្តល់សេចក្តីសុខជូនគ្នាយ៉ាងស្កប់ចិត្ត អស់រយៈពេលយ៉ាងយូរ ទើបនាំគ្នាមកដេកនេបនិត្យនៅលើពូកក្រោមកំណាត់ភួយដ៏ទន់ល្មើយសដូចសម្លី។
សុទ្ធិពង្សរំកិលក្បាលមកផ្អែកលើទ្រូងដ៏កក់ក្តៅរបស់នរិន្ទ ហើយបង្ហើរសម្តីសួរបណ្តើរថា៖
«មានបទបញ្ជាបង្គាប់ឯងឲ្យទៅបម្រើរាជការ នៅឯតាមខេត្តមែនទេ?»
«មែនហើយ!»
«ទៅយូរប៉ុណ្ណា?»
«នៅមិនទាន់ដឹងទេ!»
«ចុះឯងនឹងត្រឡប់មកវិញទេ?»
មិនមានពាក្យតបអ្វីរបូតចេញពីមាត់របស់នរិន្ទឡើយ។ សុទ្ធិពង្សស្រវាឱបរាងកាយរបស់នាយតម្រួតកំលោះយ៉ាងស្អិតណែន ហាក់ដូចជាមិនចង់ឲ្យរាងកាយនេះ ឃ្លាតចេញទៅណាឆ្ងាយ។
@@@
ច្រើនខែកន្លងផុតទៅ…
សុទ្ធិពង្សអង្គុយអានសៀវភៅប្រលោមលោកចិន រន្ទះស្នេហ៍ដៃទេពនៅក្នុងបន្ទប់របស់ខ្លួនតែម្នាក់ឯង។ ខណៈនោះគេដកភ្នែកចេញពីសៀវភៅ ហើយងាកសម្លឹងទៅមើលកម្រាលពូកដ៏ទន់ល្មើយ ដែលគេនិងនរិន្ទធ្លាប់សាងសេចក្តីសុខជាមួយគ្នាយ៉ាងត្រេកត្រអាល អស់ជាច្រើនលើកច្រើនគ្រា។
ការនឹករឭកទៅដល់រឿងរ៉ាវនៅក្នុងអតីតកាល បានត្រឡប់មកញាំញីអារម្មណ៍របស់អ្នកកំលោះម្តងទៀតយ៉ាងខ្លោចផ្សា។ ពេលនេះសុទ្ធិពង្សច្បាស់នៅក្នុងចិត្តហើយថា នរិន្ទប្រហែលជាភ្លេចខ្លួនបាត់ទៅហើយ។ តាំងពីថ្ងៃដែលគេចាកចេញទៅ គ្មានព័ត៌មានណាមួយអំពីគេឡើយ រហូតមកដល់ថ្ងៃនេះ។
នៅទីបំផុត សុទ្ធិពង្សក៏សម្រេចចិត្តធ្វើដំណើរទៅរកនរិន្ទ នៅតាមខេត្តដែលគេចុះទៅបម្រើការងារជូនរាជការ។ កំលោះរៀបចំរបស់របរ គ្រឿងប្រើប្រាស់និងសំលៀកបំពាក់ ដាក់ចូលទៅក្នុងវ៉ាលី ហើយថែមទាំងមិនភ្លេចយកប្រលោមលោកចិន ដែលគេស្រឡាញ់ចូលចិត្ត ដាក់ជាប់ខ្លួនទៅជាមួយផងទេ។
គេបើករថយន្តសំណព្វចិត្តតាមផ្លូវជាតិ ដែលឆ្លងកាត់ជួរភ្នំ ដងស្ទឹង ទន្លេ… យ៉ាងខ្វាត់ខ្វែងទាំងថ្ងៃទាំងយប់ ហាក់មិនស្គាល់ពីភាពនឿយហត់ ដោយសង្ឃឹមទុកយ៉ាងមុតមាំថា នឹងបានជួបនាយតម្រួតកំលោះជាទីស្រឡាញ់ម្តងទៀត ទោះបីជាមិនអាចអូសទាញគេ ឲ្យត្រឡប់មករួមរស់ជាមួយគ្នាដូចគ្រាមុនក៏ដោយ។
លុះសុទ្ធិពង្សធ្វើដំណើរមកដល់ប៉ុស្ត៍តម្រួត ដែលនរិន្ទចុះមកប្រតិបត្តិការរាជការ គេក៏ដើរចូលទៅខាងក្នុង ហើយសាកសួរព័ត៌មានពីបុរសវ័យចំណាស់ម្នាក់ តែមិនទាន់នឹងបានសួរផង សំឡេងបុរសម្នាក់ទៀតក៏លាន់ឡើងពីខាងក្រោយខ្នងរបស់គេ។
«មករកខ្ញុំឬ?»
សុទ្ធិពង្សងាកមកមើលក្រោយ ឃើញនរិន្ទកំពុងឈរដោយទឹកមុខនឹងធឹងក្នុងកាយវិការបង្ហាញពីភាពមិនសប្បាយចិត្ត។ នរិន្ទកៀកស្មាមិត្តសម្លាញ់ បណ្តើរចេញទៅក្រៅប៉ុស្ត៍តម្រួត។ ខណៈដែលកំពុងចេញដើរទៅជាមួយគ្នា សុទ្ធិពង្សក៏និយាយនឹងនរិន្ទ៖
«ហេតុអី មិនឃើញឯងទាក់ទងទៅខ្ញុំសោះអ៊ីចឹង?»
«មានការងារច្រើនណាស់ ដែលខ្ញុំត្រូវទទួលខុសត្រូវនិងដោះស្រាយ… ហើយអ្វីៗក៏ប្រែប្រួលខុសពីដើមអស់ដែរ។»
«មិនពិតទេ! យ៉ាងហោចណាស់ ក៏នៅមានខ្ញុំដែលមិនប្រែចិត្តពីឯងដែរ។»
សុទ្ធិពង្សពោលចប់ នរិន្ទក៏ព្យាយាមដើរគេច។ សុទ្ធិពង្សដើរតាមយ៉ាងប្រកិត ព្រមទាំងនិយាយបណ្តើរ៖
«ឯងប្រញាប់ទៅណា រិន្ទ? ត្រឡប់មកនិយាយគ្នាឲ្យដឹងរឿងសិន!»
នរិន្ទឈប់ឈរស្ងៀមមួយសន្ទុះ ហើយងាកមុខមកក្រោយ ព្រមទាំងនិយាយ៖
«ឯងត្រឡប់ទៅវិញចុះពង្ស! គ្មានប្រយោជន៍អ្វីដែលឯងមកតាមគ្នានោះទេ… សូមឲ្យអ្វីគ្រប់យ៉ាងរវាងយើងទាំងពីរចប់ត្រឹមនេះចុះ! គឺគ្រាន់តែចាត់ទុកវាជាសុបិនមួយក៏បានដែរ។»
«ខ្ញុំមិនយល់ទេ! ជួយពន្យល់ខ្ញុំផងបានទេ?»
សុទ្ធិពង្សនិយាយជាមួយនរិន្ទដោយទឹកមុខសង្ស័យ។ ខណៈនោះក៏មាននារីរូបស្រស់ម្នាក់ ដើរមកឈរក្បែរនរិន្ទ ហើយញញឹមដាក់គេ។ កំលោះក៏ញញឹមតបទៅនាងវិញ មុននឹងងាកមុខមកនិយាយនឹងសុទ្ធិពង្ស៖
«នាងឈ្មោះអមរា ជាសង្សាររបស់ខ្ញុំ!»
សុទ្ធិពង្សសម្លឹងមើលនារីនោះបន្តិច មុននឹងងាកមកនិយាយជាមួយនរិន្ទត៖
«ខ្ញុំល្មមយល់អ្វីខ្លះបានហើយ…»
នរិន្ទសើចដោយទឹកមុខស្រស់ថ្លា ហើយយកដៃមកទះស្មាសុទ្ធិពង្ស រួចនិយាយបណ្តើរថា៖
«ខ្ញុំទៅសិនហើយណ៎ា!»
សុទ្ធិពង្សញញឹមសម្លឹងមើលកំលោះសង្ហា ដើរកៀកកើយសង្សារក្រមុំយ៉ាងផ្អែមល្ហែម ចេញពីប៉ុស្ត៍តម្រួតកន្លែងនោះ។
@@@
នៅមានត…
ឆ្លើយតប