ហ៊ីរ៉ូឈិរៀបចំអាហារត្រៀមទុកទទួលអូដាក់រួចជាស្រេច។ នៅពេលមេទ័ពរូបនេះប្តូរមកស្លៀកពាក់សំលៀកបំពាក់ជាអ្នកស្រុកធម្មតា ដែលមិនមែនជាអាវក្រោះសឹកដ៏ទទើសទទែងនោះ ក៏មើលទៅឃើញគួរឲ្យស្រឡាញ់និងទន់ភ្លន់ម្យ៉ាង។ អ្នកទាំងពីរសន្ទនាគ្នាលេងយ៉ាងស្និទ្ធស្នាល កណ្តាលរាត្រីកាលដ៏មនោរម្យ។
«ខ្ញុំមកពីពិភពក្នុងអនាគត!»
ហ៊ីរ៉ូឈិចាប់ផ្តើមនិយាយរឿងរ៉ាវទាំងអស់ ឲ្យអូដាក់ស្តាប់យ៉ាងប្រាកដប្រជា។ ចំណែកអូដាក់ក៏យកចិត្តទុកដាក់ស្តាប់ទាំងមិនគួរឲ្យជឿ។ គេឆ្ងល់ចំពោះអ្វីដែលហៅថាកាទូន វាមានរូបរាងបែបណា លក្ខណៈដូចម្តេច… ហើយហ៊ីរ៉ូឈិក៏អធិប្បាយពន្យល់គេយ៉ាងក្បោះក្បាយនិងច្បាស់លាស់ ជាពិសេសប្រភេទកាទូនដែលគេហៅថាកាទូនហ្គេហ៍ គឺរឿងស្នេហារបស់បុរសដែលស្រឡាញ់ភេទដូចគ្នា។
អូដាក់ក៏និយាយពីបទពិសោធន៍របស់ខ្លួន ដែលធ្លាប់មានសម្ព័ន្ធផ្លូវភេទជាមួយនាយទាហានម្នាក់ក្នុងបន្ទាយជាមួយគ្នាយ៉ាងបើកចំហ។ មើលទៅហ៊ីរូឈិ ហាក់ដូចជាចាប់អារម្មណ៍នឹងរឿងនេះខ្លាំងណាស់ គេស្តាប់ស្ទើរតែភ្លេចដកដង្ហើមទៅហើយ។ រឿងរ៉ាវដែលអូដាក់និយាយនេះ ចាត់ទុកថាជាបទពិសោធន៍ដំបូងដែលគេមានជាមួយភេទដូចគ្នា។ វាអាចជាភាពចៃដន្យនៅពេលដែលស្ថិតនៅកណ្តាលសមរភូមិចម្បាំងដ៏ស្មុគស្មាញ ហើយគ្រប់ភាគីក៏គង់នឹងទទួលអារម្មណ៍តានតឹងជាមួយនឹងស្ថានការណ៍ប្រយុទ្ធដែលមិនទៅមុខថយក្រោយ។
មិត្តរបស់អូដាក់មានឈ្មោះថាសៃតុ។ គេជានាយទាហានកំលោះ ដែលមានមុខមាត់ស្អាតបាតនិងរូបរាងមាំមួនស្រស់សង្ហា។ គ្រួសាររបស់គេរស់នៅភាគខាងជើងនៃប្រទេសជប៉ុន គេត្រូវកេណ្ឌឲ្យមកធ្វើជាទាហាននៅទីនេះ ហើយក៏ក្លាយជាមិត្តដ៏ជិតស្និទ្ធម្នាក់របស់អូដាក់។ នៅពេលនោះអ្នកទាំងពីរគ្រាន់តែជានាយទាហានថ្នាក់ទាប ដែលចាំតែទទួលបញ្ជាពីមេកោយប៉ុណ្ណោះ។
ហេតុការណ៍គ្រានោះ កើតឡើងនៅពេលសៃតុស្នើខ្លួន សុំប្រណិប័តន៍ចំពោះអូដាក់។ ភ្លាមៗ អូដាក់ទទួលអារម្មណ៍ភាន់ភាំងហើយប្លែកចិត្តយ៉ាងខ្លាំង គេក៏ជំទាស់និងបដិសេធពាក្យសុំរបស់សៃតុក្នុងគ្រាដំបូង។ តែដោយហេតុថាសៃតុជាមនុស្សល្អសុភាពស្លូតបូត អូដាក់ក៏ទទួលព្រមទាំងអារម្មណ៍ទើសទែងនៅក្នុងចិត្ត។
ប៉ុន្តែភាពបដិបក្ខ ដែលកើតមាននៅក្នុងអារម្មណ៍របស់នាយ ក៏ត្រូវរលាយបាត់ភ្លាមៗនៅពេលដែលបានទទួលរសជាតិស្នេហ៍ដ៏ក្តៅរោលរាលពីសៃតុ។ តម្រាស្នេហ៍ដ៏ផ្អែមល្ហែម ក៏ដំណើរការទៅយ៉ាងស្រើបស្រាលជាចង្វាក់តាមលំដាប់លំដោយ។ ពេលមកដល់ទីដៅ ដែលគេទាំងពីរត្រូវរួមកាយតែមួយ ភាគីទាំងសងខាងក៏បំពេញឲ្យគ្នាទៅវិញទៅមក នូវសេចក្តីត្រូវការយ៉ាងត្រេកត្រអាល ហើយពេញព្រៀបទៅដោយថាមពល។ ចរន្តឈាមក្តៅ រត់រសឹបជ្រួតជ្រាបពេញសារពាង្គកាយ ធ្វើឲ្យការដង្ហក់ក្រហល់ក្រហាយ ជួយបន្ថែមភាពស្រៀវស្រើបទ្វេឡើងគ្រប់ពេល ទោះបីជាចង់បញ្ឈប់ក៏ធ្វើទៅដោយ ពិបាក។
ហ៊ីរ៉ូឈិស្តាប់អូដាក់រៀបរាប់ពីបទពិសោធន៍ស្នេហ៍របស់ខ្លួនជាមួយសៃតុយ៉ាងញាប់ញ័រ។ ក្រសែភ្នែកដ៏ទន់ភ្លន់របស់អូដាក់ ចោលសម្លឹងមកហ៊ីរ៉ូឈិយ៉ាងឈ្លក់វង្វេង ហើយ… អ្វីដែលហ៊ីរ៉ូឈិរង់ចាំមកជាយូរហើយនោះក៏ប្រាកដឡើង នៅពេលដែលអូដាក់ជាភាគីរំកិលខ្លួនចូលមកប្រកិត ហើយចំពិតច្រមុះថើៗលើបបូរមាត់ដ៏មានមន្តស្នេហ៍របស់ជាងដំដែកកំលោះ។ បន្ទាប់មកឆាកប្រយុទ្ធស្នេហាដ៏តក់ក្រហល់ក៏ដំណើរទៅតាមគន្លងឥតមានអាក់ រហូតដល់ច្រាំងដល់ត្រើយយ៉ាងក្សេមក្សាន្ត។
ហ៊ីរ៉ូឈិនឹកសោកស្តាយជាពន់ពេក ដែលអូដាក់ត្រូវឃ្លាតចាកទៅនៅព្រឹកថ្ងៃស្អែក។ វាហាក់ដូចជាក្តីសុបិនរបស់គេ នឹងត្រូវបញ្ចប់ដូចគ្នានៅក្នុងពេលនោះដែរ។ គូស្នេហ៍ទាំងពីរឱបក្រសោបគ្នាលង់លក់កណ្តាលរាត្រីកាលដ៏មនោរម្យ ក្រោយពីភាពអស់កម្លាំងក្នុងឆាកប្រយុទ្ធ នៃសមរភូមិស្នេហ៍ដែលបានបញ្ចប់ទៅដោយជោគជ័យ។
ព្រឹកស្អែកឡើង ហ៊ីរ៉ូឈិបើកភ្នែកភ្ញាក់ក្រោមរស្មីភ្លឺចិញ្ចែងចិញ្ចាច ដែលចាំងជះចូលមកក្នុងបន្ទប់ ហើយគេក៏ដឹងថាខ្លួនឯងកំពុងដេកផ្កាប់មុខនៅលើតុសរសេររឿងកាទូន ក្នុងបន្ទប់ដេកផ្ទាល់របស់ខ្លួន នៃពិភពបច្ចុប្បន្នដែលមិនមែនជាសម័យមូរ៉ូម៉ាជិដូចក្នុងសុបិន។
«ចេះយល់សប្តិទៅកើត!»
គេលាន់មាត់រអ៊ូ ហើយក៏ត្រូវឈប់ស្រងាកនៅនឹងថ្កល់ភ្លាមៗ មុននឹងសម្លឹងទៅមើលនាឡិកាដែលព្យួរលើជញ្ជាំង។
«ស្លាប់ហើយ!! …ខ្ញុំនៅសរសេររឿងកាទូនមិនទាន់ចប់ផង!!!»
ហ៊ីរ៉ូឈិប្រញាប់ឈ្ងោកមុខចុះ ឱនមើលក្រដាសសំណៅរឿងកាទូននៅលើតុ ហើយស្រាប់តែត្រូវស្រឡាំងកាំង ព្រោះរូបភាពកាទូនទាំងនោះត្រូវបានគូរ និងសរសេររៀបរៀងទុករហូតចប់បរិបូរណ៍យ៉ាងរៀបរយ។ កំលោះអ្នកនិពន្ធក៏ចាប់សំណៅនោះ មកពិនិត្យមើលម្តងមួយសន្លឹកៗតាំងពីទំព័រដំបូង រហូតដល់ទំព័របញ្ចប់។
រឿងរ៉ាវទាំងអស់ ជារឿងតែមួយជាមួយនឹងរឿង ដែលកើតឡើងជាមួយគេកាលពីយប់មិញនេះ។ គ្រប់កាយវិការ គ្រប់ឃ្លាគ្រប់វគ្គ ដែលហ៊ីរ៉ូឈិបានរួមស្នេហាជាមួយមេទ័ពអូដាក់ ត្រូវបានថតចម្លងមកដាក់ក្នុងកាទូនរឿងនេះ យ៉ាងអច្ឆរិយៈអស្ចារ្យ។
សូម្បីតែគ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់តូចតាចផ្សេងៗ ក៏ត្រូវបានគូរផ្តិតទុកមិនឲ្យខុសពីអ្វី ដែលគេបានប្រទះឃើញក្នុងសុបិនឡើយ។ មិនថាជាបន្ទប់ សំលៀកបំពាក់ ឬអាវុធយុទ្ធភណ្ឌផ្សេងៗ សុទ្ធតែត្រូវបានគូសទុកយ៉ាងផ្ចិតផ្ចង់ ប្រៀបដូចជារូបដែលថតចេញពីធម្មជាតិ ពិតៗ។
«តើនេះជាការពិតឬ!!?»
ហ៊ីរ៉ូឈិភាន់ភាំងនឹងរឿងកាទូនដែលស្ថិតនៅក្នុងដៃរបស់គេ។ កំលោះស្ទើរតែមិនជឿនឹងសុបិនកាលពីយប់មិញនេះថា វាមានភាពអច្ឆរិយៈយ៉ាងនេះ ហើយគេក៏ស្ទើរតែមិនជឿថាស្នាមគំនូសអស់ទាំងនោះកើតឡើងដោយស្នាដៃរបស់ខ្លួន។
ក្រោយពីកាទូនរឿងនេះ បានបោះពុម្ពផ្សាយរហូតដល់ចប់បរិបូណ៍ កេរ្តិ៍ឈ្មោះរបស់ហ៊ីរ៉ូឈិក៏ល្បីល្បាញឡើងជាលំដាប់។ ក្នុងឋានៈជាអ្នកនិពន្ធរឿងកាទូនហ្គេហ៍ កាទូនរបស់ហ៊ីរ៉ូឈិត្រូវបានគេលើកយកទៅវិភាគវិច័យ និងនិយាយគ្នាពីមាត់មួយទៅមាត់មួយយ៉ាងទូលំទូលាយ ក្នុងចំណោមក្រុមអ្នកនិពន្ធរឿងប្រភេទនេះដូចគ្នា។
ថ្ងៃមួយ…
ហ៊ីរ៉ូឈិត្រឡប់មកពីរោងពុម្ព ដោយក្តីសោមនស្សរីករាយ។ ថ្ងៃនេះ ជាថ្ងៃដែលគេមានសេចក្តីសុខបំផុតនៅក្នុងជីវិត ព្រោះអ្នកទទួលបោះពុម្ពផ្សាយ និង បណ្តាមិត្តភក្តិរួមការងារនៅរោងពុម្ពបានចាត់ពិធីជប់លៀង អបអរសាទរដល់រឿងកាទូនរបស់គេ ដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្លា។ ហ៊ីរ៉ូឈិត្រឡប់មកដល់ផ្ទះ ក៏ប្រញាប់សំដៅចូលទៅបន្ទប់ដេករបស់ខ្លួន ដោយគេតាំងចិត្តថាថ្ងៃនេះនឹងដេកឲ្យបានពេញភ្នែក ក្រោយពីការហត់នឿយនិងអត់ងងុយអស់ជាច្រើនថ្ងៃ ជាមួយនឹងការសរសេរបញ្ចប់រឿងកាទូនរបស់ខ្លួន។
ហ៊ីរ៉ូឈិចាប់ផ្តើមសញ្ជឹងគិតទៅដល់រឿងរ៉ាវកាលពីប៉ុន្មានយប់មុន ដែលរហូតមកដល់ពេលនេះគេក៏នៅតែគិតមិនចេញសោះថា ហេតុការណ៍រវាងគេនិងមេទ័ពអូដាក់នោះ ជារឿងពិតឬក៏មិនមែន។ កំលោះសណ្តូកខ្លួនទ្រាលលើគ្រែ ហើយចាប់ផ្តើមបិទភ្នែកយ៉ាងយឺតៗ ដើម្បីរំឭកទៅដល់ហេតុការណ៍នៅគ្រានោះម្តងទៀត។
ហ៊ីរ៉ូឈិកំពុងធ្លាក់ទៅក្នុងភាពរវើរវាយម្តងទៀតហើយ… អារម្មណ៍មមើមមាយនោះក៏បាននាំខ្លួនរបស់គេទៅដល់ពិភពថ្មីមួយទៀតក្នុងអតីតកាល។ ប្រសាទវិញ្ញាណរបស់គេ ធ្វើឲ្យគេទទួលឮនូវសំឡេងជើងសេះដែលជាន់ទៅលើវាលព្រិលទឹកកក។ សំឡេងស្តាប់ឮសូរយ៉ាងល្វើយៗយឺតយ៉ាវ ហាក់ដូចជាទម្ងន់ជើងដែលបោះដើរនោះ ប្រព្រឹត្តទៅយ៉ាងថ្នមៗស្រាលៗ។
ហ៊ីរ៉ូឈិបើកភ្នែកឡើងមួយរំពេច គេមើលឃើញមេទ័ពអូដាក់ ទ្រោបខ្លួនដេកនៅលើខ្នងសេះ កណ្តាលព្រៃភ្នំដែលគ្របដណ្តប់ទៅដោយព្រិលសក្បុស។ ហ៊ីរ៉ូឈិ ប្រញាប់រត់តាមវាលព្រិលដ៏ត្រជាក់ សំដៅទៅរករាងកាយរបស់មេទ័ពអូដាក់ ដែលជោគជាំទៅដោយឈាមស្រោចខ្លួន។
«លោកមេទ័ពអូដាក់…»
ហ៊ីរ៉ូឈិស្រែកភ្លាត់សំឡេង ហើយគ្រារាងកាយដែលរងរបួសយ៉ាងដំណំនោះ ចុះចេញពីលើខ្នងសេះ។ អូដាក់នៅដឹងខ្លួននៅឡើយ គេមិនទាន់ស្លាប់ទេ ប៉ុន្តែដង្ហើមរបស់គេដង្ហក់យ៉ាងញាប់ស្អេកហើយចុះខ្សោយយ៉ាងខ្លាំង។
«អូដាក់ ហេតុអីលោកទៅជាបែបនេះ?…»
ហ៊ីរ៉ូឈិខ្សឹកខ្សួលហូរទឹកភ្នែកជោគថ្ពាល់។
«ខ… ខ្ញុំ… ប្រ… ប្រហែល… ជា… ម… មិន… រស់ទេ…»
មេទ័ពអូដាក់ឈប់មួយសន្ទុះ សម្លឹងមើលមុខហ៊ីរ៉ូឈិហើយញញឹម។ ហ៊ីរ៉ូឈិនៅតែបន្តយំខ្សឹកខ្សួលមិនឈប់មិនឈរ។ កំលោះនិយាយរំឭកពីរឿងកាទូនដែលថតផ្តិតយក សម្ព័ន្ធស្នេហារវាងគេនិងអូដាក់ប្រាប់ទាំងអស់ ដែលអូដាក់ក៏បានត្រឹមតែញញឹម ហើយរំកិលដៃមកក្តោបម្រាមរបស់ហ៊ីរ៉ូឈិយ៉ាងណែន។ ក្រោយពីនោះមិនបានប៉ុន្មាន អូដាក់ក៏រលត់ដង្ហើមផុតទៅ នៅក្នុងរង្វង់ដៃដ៏សែនកក់ក្តៅរបស់ហ៊ីរ៉ូឈិ។
«អូដាក់… ខ្ញុំស្រឡាញ់លោក!»
ហ៊ីរ៉ូឈិ នៅតែបន្តសរសេរស្នាដៃដ៏ល្អឥតខ្ចោះរបស់ខ្លួន ចេញផ្សាយជាបន្តបន្ទាប់។ តែ… គ្មាននរណាម្នាក់ដឹងសោះថា ភាគបញ្ចប់ដ៏ពិតប្រាកដនៃរឿងកាទូន ដែលផ្តិតយកសម្ព័ន្ធភាពរវាងហ៊ីរ៉ូឈិនិងអូដាក់ ចប់ពិតនៅត្រង់ណា។ គឺមានតែហ៊ីរ៉ូឈិម្នាក់ប៉ុណ្ណោះ ដែលនឹងត្រូវចងចាំចំណុចបញ្ចប់នោះទុកនៅក្នុងចិត្តរបស់ខ្លួនជារៀងដរាបទៅ៕
Read Full Post »