Boring Love គឺខ្សែភាពយន្តហ្គេហ៍របស់ថៃថ្មីមួយទៀត ដែលទើបតែចាក់បញ្ចាំងហើយថ្មីៗនេះនៅរោងភាពយន្តកាលពីចុងខែតុលា។ រឿងនេះជារឿងដែលថតចេញពីជីវិតពិតរបស់បុរសម្នាក់ ឈ្មោះ«ប៉េត» ដែលធ្លាប់ឮល្បីនិយាយតគ្នា ក្នុងពិភពអ៊ីនធើណេត កាលពីអំឡុងឆ្នាំ២០០៧។ រឿងរបស់គេត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយក្នុងវ៉ិបសាយដ៏ល្បីមួយឈ្មោះ pantip.com ។ ក្រោយមករឿងរ៉ាវជីវិតរបស់បុរសម្នាក់នេះ ក៏ត្រូវបានរោងពុម្ពAnit Publishing ចងក្រងផលិតជាសៀវភៅឡើង។ មិនតែប៉ុណ្ណោះសៀវភៅនេះត្រូវបានជាប់ឈ្មោះជាThe Best Sellerប្រចាំឆ្នាំរបស់ប្រទេសថៃទៀតផង។ ទីបំផុតដោយសារតែភាពល្បីល្បាញរបស់សៀវភៅនេះ រឿងរ៉ាវស្នេហារបស់បុរសឈ្មោះ«ប៉េត» ក៏ត្រូវបានគេយកមកផលិតជាខ្សែភាពយន្តឡើង នៅក្នុងឆ្នាំ២០០៩នេះ។
តួឯកប្រុសស្រីក្នុងរឿង
រឿងទាំងមូលនិយាយពី កំលោះសង្ហាអាយុ២៤ឆ្នាំម្នាក់ឈ្មោះ «ប៉េត» ដែលទើបតែរកការងារបានធ្វើ ជាបុគ្គលិកឃ្លាំងទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍មួយកន្លែង។ «ប៉េត»ត្រូវបាន«កៃ»ដែលជាសង្សាររបស់ខ្លួននិយាយសុំបែកគ្នា ដោយហេតុផលថា«ប៉េត»គ្មានសមត្ថភាព ផ្តល់ភាពស្ថិតស្ថេរសម្រាប់ជីវិតរបស់នាងបាន។ នៅកន្លែងធ្វើការ«ប៉េត»បានស្គាល់គ្នាជាមួយ«អយ»បុរសដែលមានជីវិតបែបសប្បាយៗ តែត្រឡប់ក្លាយជាសម្តែងអាកប្បកិរិយាប្លែកៗ បញ្ជាក់ថាខ្លួនស្រឡាញ់«ប៉េត»ក្នុងផ្លូវផ្សេងទៅវិញ។
«ប៉េត»មិនអាចទទួលយកបានទេ ព្រោះគេមិនមែនជាហ្គេហ៍។ ចំណែក«អយ»តែងព្យាយាមធ្វើល្អគ្រប់បែបយ៉ាងជាមួយ«ប៉េត» ខណៈដែល«ប៉េត»ក៏ព្យាយាមគ្រប់វិធី ដើម្បីឲ្យ«អយ»ចេញឲ្យឆ្ងាយពីជីវិតរបស់គេដែរ។ ដោយអំពើល្អនិងសន្តានចិត្តបរិសុទ្ធរបស់«អយ»ដែលតែងធ្វើចំពោះខ្លួនជាប្រចាំ ទីបំផុត«ប៉េត»ក៏ព្រមទទួល«អយ»ជាមិត្ត ហើយទទួលដឹងឮគ្រប់បញ្ហាវិបត្តិផ្លូវចិត្តរបស់«អយ»ក្នុងអតីតកាលដ៏សែនឈឺចាប់ រហូតធ្វើឲ្យគេយល់អំពីខ្លួនរបស់«អយ»កាន់តែច្បាស់។ នៅពេលគ្មាន«អយ»នៅក្បែរ «ប៉េត»ចាប់ផ្តើមទទួលអារម្មណ៍ ហាក់ដូចជាបាត់បង់អ្វីម្យ៉ាងពីក្នុងខ្លួន។ សម្ព័ន្ធភាពរបស់ពួកគេរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយជ្រួតជ្រាបចូលយ៉ាងជ្រៅទៅក្នុងមនោសញ្ចេតនាមួយ ដែលពួកគេមិនបានដឹងខ្លួន។
ថ្ងៃមួយ«កៃ»ត្រូវសង្សារថ្មីបោះបង់ចោលនិងវាយធ្វើបាប ហើយត្រឡប់មកសុំជានានឹង«ប៉េត»វិញ។ តែអ្វីៗហាក់ដូចជាហួសពេលទៅហើយ «ប៉េត»គ្រាន់តែព្រមទទួលនាងឲ្យមកស្នាក់នៅជាមួយបណ្តោះអាសន្នប៉ុណ្ណោះ មុននឹងនាងរកកន្លែងថ្មីបាននៅ។ ពេលវេលាកន្លងទៅធ្វើឲ្យ«ប៉េត»ចាប់ផ្តើមស្មុគស្មាញមិនយល់ពីអារម្មណ៍ខ្លួនឯង ដែលមានចំពោះ«អយ»កាន់តែប្លែកខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ «ប៉េត»ទទួលយកមិនបានទេ បើគេត្រឡប់ទៅស្រឡាញ់មនុស្សប្រុសដូចគ្នា។ ដូច្នេះ«ប៉េត»បានរៀបចំផែនការមួយដោយឲ្យ«កៃ»មានអីៗនឹង«អយ» ដោយ«កៃ»ខ្លួនឯងក៏ស្ម័គ្រចិត្តព្រោះ«អយ»ក៏ជាបុរសក្នុងក្តីស្រមៃរបស់នាងដូចគ្នា។ ផែនការចាប់ផ្តើមដោយកុហក«អយ» ឲ្យមកចូលរួមថ្ងៃខួបកំណើតរបស់«កៃ»ដែលស្គាល់គ្នាក្នុងនាមជាប្អូនស្រីរបស់«ប៉េត»។ ពេលបានឱកាស «ប៉េត»ក៏ទុកឲ្យពីរនាក់នោះនៅជាមួយគ្នាតទល់ក្នុងបន្ទប់ដេករបស់ខ្លួន។
ផែនការមើលទៅដូចជាបានជោគជ័យ តែ«អយ» ត្រឡប់ជាកើតអារម្មណ៍មួយនឹកបារម្ភនឹង«ប៉េត» ដែលបាត់ខ្លួនយូរខុសប្រក្រតីមិនដឹងទៅណា។ «អយ»ក៏ចេញទៅតាមរក«ប៉េត» ហើយទីបំផុតក៏ដឹងការពិតថា ទាំងនេះគឺជាផែនការដែល «ប៉េត»ត្រូវការឲ្យខ្លួនចាកចេញពីជីវិតគេ។ «អយ»តូចចិត្តខ្លាំងណាស់ ហើយក៏សម្រេចចិត្តជាអ្នកចាកចេញទៅ ស្របពេលដែល«ប៉េត»ក៏សោកស្តាយចំពោះទង្វើរបស់ខ្លួនដូចគ្នា ហើយគេពិតជាមិនអាចទទួលយកបានទេ បើគេត្រូវរស់ដោយគ្មានមិត្តសម្លាញ់ម្នាក់នេះ…
«ស្នេហាកើតឡើងបានគ្រប់ពេលទាំងអស់ គ្រប់គ្នាមានសិទ្ធិដើម្បីស្រឡាញ់ តែ… មិនមែនគ្រប់គ្នាសុទ្ធតែបានគ្រប់គ្រងនោះទេ!»
ទស្សនាឈុតTraller:
រឿងនេះស្រដៀងរឿងពូបន្តិច ស្រដៀងរឿងញុមបន្តិច ^_^
នរណាថា ក្មេងឆ្កួត!!?
យើងគ្មានអីពាក់ព័ន្ធគ្នាទេ!! >.<!!
សុំពាក់ព័ន្ធតិចម៉ោណាពូ 😦
បងសុបិនអើយ គេបិទផ្ទះខ្ញុំហើយ មកពីខ្ញុំមានអាវុធខុសច្បាប់ ដាក់ពេញ
ទាំងផ្ទះនោះ ពួកអ្នកនៅជិតខាងបានរាយការណ៍ ទៅពួកបោះសំអាត
សពាវុធ។
រឿងនេះអត់ទាក់ទងនឹងខ្ញុំទេ សុទ្ធតែមាឌធំៗ ហើយ ចាស់ៗទៀតនោះ។
ធើម៉េចបានអាចដោនឡូតរឿងនឹងមកមើលបានទៅ សុបិន???
ញុំពិតជាចង់មើលវាខ្លាំងណាស់ ហើយក៏ចង់ដឹងថាគេពីរនាក់បានជួបគ្នានៅ គ្រាចុងក្រោយដែរអត់ ???
ពេលណាញុំបានមើលទៅរឿងនេះ?