Jingle Bell… Jingle Bell… Jingle Bell Rock
ភ្លេងជីងហ្គលបែលរ៉ក់ ត្រូវបានបើកយ៉ាងស្រាល ជួយបង្កបរិយាកាសនៅក្នុងមន្ទីរពេទ្យដែលខ្ញុំកំពុងសម្រាកព្យាបាល មិនឲ្យស្ថិតនៅក្នុងសភាពត្រមង់ត្រមោចពេក។ មិនប៉ុន្មានថ្ងៃទៀតទេបុណ្យ គ្រីសម៉ាសអ៊ីវដែលទន្ទឹងរង់ចាំនឹងមកដល់ ហើយនេះក៏កន្លងទៅបីយប់បីថ្ងៃហើយ ដែលខ្ញុំត្រូវដេកសម្រាកព្យាបាលខ្លួននៅក្នុងមន្ទីរពេទ្យនេះ ព្រមទាំងត្រូវនៅបន្តដើម្បីរក្សាមុខរបួស ឲ្យបានជាសះស្បើយសិន។ ទោះបីជាខ្ញុំមានអាការៈធូរស្រាលច្រើនហើយក៏ដោយ តែលោកដុកទ័រ Corlust ពេទ្យប្រចាំរបស់ខ្ញុំ នៅតែប្រាប់ឲ្យលោកសន្សើមនាំខ្ញុំ ចេញមកដើរលំហែរលេងរៀងរាល់ល្ងាចដដែល។ បីថ្ងៃមកនេះលោក សន្សើមមិនបានចាកចេញពីមន្ទីរពេទ្យសោះ គឺមានតែម្តងទេដែលត្រូវទៅយកសម្លៀកបំពាក់និងរបស់ប្រើប្រាស់មួយចំនួនមកឲ្យខ្ញុំនិងសម្រាប់ខ្លួនឯង។ គេមើលថែរក្សាខ្ញុំគ្រប់បែបយ៉ាងទាំងអស់ មិនថាឡើយតែចូលបន្ទប់ទឹកក៏គេមិនបណ្តោយខ្ញុំឲ្យចូលតែម្នាក់ឯងដែរ។ ខ្ញុំមិនចាំបាច់មានគិលានុបដ្ឋាយិកា រង់ចាំមើលថែពេលងូតទឹកឬទទួលទានអាហារនោះទេ… ព្រោះខ្ញុំមានគូជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំម្នាក់នេះ ដែលរង់ចាំបំពេញតម្រូវការគ្រប់បែបយ៉ាង ដោយមនោសញ្ចេតនាមួយដែលខ្ញុំដឹងថា គេពេញចិត្តនឹងធ្វើខ្លាំងណាស់! រៀងរាល់យប់គេមិនដែលដេកលក់មុនខ្ញុំទេ… ហើយគេតែងតែនៅចាំទៅជួយរំឭកគ្រូពេទ្យ ឲ្យមកចាក់ថ្នាំយ៉ាងទៀងទាត់ពេលវេលាទៀតផង ទោះបីជាតួនាទីនេះគ្រូពេទ្យគ្មានថ្ងៃនឹងភ្លេចក៏ដោយ… មួយថ្ងៃ១០ដងឬ១០០ដងឲ្យប្រាកដទេ គេតែងលូកដៃមកស្ទាបថ្ងាសខ្ញុំជានិច្ច ដើម្បីវាស់ស្ទង់កំដៅខ្លួនរបស់ខ្ញុំ… ពេលខ្ញុំក្តៅខ្លួនតែបន្តិច ក៏គេភ័យស្លន់ស្លោ រត់ហៅគ្រូពេទ្យមកជាបន្ទាន់ដែរ… ពលិកម្មរបស់គេធំធេងណាស់សម្រាប់ខ្ញុំ!
«ហេតុអ្វី… មើលទៅលោកដូចជាមិនសូវជាសប្បាយចិត្តសោះ ដែលថ្ងៃនេះខ្ញុំនឹងបានត្រឡប់ទៅផ្ទះវិញ?»
ខ្ញុំនិយាយនឹងអ្នកកំលោះ ដែលកំពុងអង្គុយអណ្តែតអណ្តូងយ៉ាងភ្លេចខ្លួន បត់ខោអាវអ្នកជំងឺដើម្បីយកទៅប្រគល់ឲ្យមន្ទីរពេទ្យវិញដោយខ្លួនឯង។
«ទ… ទេ… ហេតុអី… ខ្ញុំមិនសប្បាយចិត្តហ៎ះ?!…»
បុរសសម្តែងកាយវិការដែលធ្វើឲ្យខ្ញុំ កាន់តែមានការសង្ស័យទ្វេឡើង ជាមួយនឹងអាកប្បកិរិយាប្លែកៗ។
«លោក… កំពុងគិតអ្វីឬ?»
«… គ្មានអីទេ…»
«រឿងថ្លៃព្យាបាលមែនទេ?» ខ្ញុំសួរឡើង គេប្រញាប់គ្រវីក្បាលបដិសេធ។
«ច… ច្បាស់ជាមិនមែនរឿងនេះទេ… ព្រោះខ្ញុំបានទៅចាយលុយរួចរាល់តាំងពីដំបូងម្ល៉េះ!»
«… ចុះហេតុអី ក៏មើលទៅលោកដូចជា?…»
«ពិតជាគ្មានរឿងអីមែនណ៎ា គ្រាន់តែ… ខ្ញុំកំពុងគិតថា… ពេទ្យប្រាប់មិនឲ្យឯងញ៉ាំអ្វីខ្លះ ហើយឲ្យញ៉ាំអ្វីខ្លះដែលមានប្រយោជន៍ប៉ុណ្ណោះឯង… ព្រោះថា… អឺ… គឺខ្ញុំភ្លេចសរសេរទុកនោះអី!»
«ហាស! ហាស! ហា… ពុទ្ធោអើយ!»
ខ្ញុំសើចចេញមកនៅពេលដឹងថាគេកំពុងខ្វល់ពីរឿងអ្វី។
«តែខ្ញុំដឹងស្រាប់ទៅហើយ ថាគួរញ៉ាំអាហារប្រភេទណា ដែលមិនធ្វើឲ្យប៉ះពាល់និងដរដល់មុខរបួស!»
«អឺ!… អ៊ីចឹងល្អហើយ… នឹងបានជួយរំឭកគ្នាផង!»
«ចុះមានថ្នាំឬទេ?»
«ម… មានតើ… ច្រើនទៀតផង! ត្រូវញ៉ាំឲ្យទៀងទាត់ពេលវេលាទៀតណា៎!»
«ចាំបាច់ត្រូវទៀងទាត់ពេលវេលាទៀតឬ?»
ខ្ញុំសួរឡើងវិញដោយធ្វើមុខផ្គឺនដាក់ ព្រោះសម្តីនិងទឹកមុខគេដូចជា កំពុងគម្រាមផងបង្គាប់ផង។
«ត្រូវតែទៀតទាត់ហើយ ព្រោះពេទ្យបញ្ជាក់ហើយបញ្ជាក់ទៀត ថាត្រូវតែទៀងទាត់ពេលវេលា!» សម្តីរបស់បុរសស្តាប់ទៅដាច់ខាតជាងគ្រូពេទ្យទៅទៀត។
«ភ្លាំងភ្លាត់មិនបានទេអ៊ីចឹង?»
«កុំមកនិយាយលេងណ៎ា! បើមានរឿងភ្លាំងភ្លាត់ កើតជាប្រតិកម្មថ្នាំពិតជាពិបាកហើយ!!»
ខ្ញុំភាន់ភាំង…
«ស្អីគេ?… ប្រតិកម្មថ្នាំឬ?… លោក… លោកចង់មានន័យថាម៉េច?»
ខ្ញុំចាប់ផ្តើមសង្ស័យនឹងសម្តីរបស់គេដែលភ្លាត់និយាយចេញមក… ថ្នាំប្រភេទស្អីទៅ ទើបដល់ថ្នាក់កើតជាប្រតិកម្ម?…ខ្ញុំកំពុងមានរោគកាចសាហាវអ្វីបៀតបៀនឬ?… ទេ!… រាងកាយខ្ញុំហាក់ដូចជារឹងមាំហើយតើ!… អ្នកកំលោះធ្វើមុខមីងមាំង ហាក់ដូចជានឹករកពាក្យឆ្លើយនឹងខ្ញុំមិនចេញ។
«អ… អត់អីទេ… គឺវាជាថ្នាំការពារកុំឲ្យមានស្នាមស្រឡាកនិងផ្លែសាច់… ឯងត្រូវញ៉ាំថ្នាំនេះឲ្យទៀតទាត់ពេលវេលាណ៎ា!… កុំបាច់សួរច្រើនអី!!»
កំលោះបញ្ចប់សម្តី ដោយគេចដើរចូលទៅក្នុងបន្ទប់ទឹក ហើយទាញទ្វារបិទដាក់ខ្ញុំយ៉ាងខ្លាំង!…
មានរឿងអ្វីកើតឡើងឬអត់ហ្ន៎… ហេតុអ្វីខ្ញុំនៅតែទទួលអារម្មណ៍ថា មិនច្បាស់នឹងរឿងខ្លួនឯងសោះអ៊ីចឹង! ហាក់ដូចជាបុរសម្នាក់នេះកំពុងមានរឿងអ្វីលាក់បាំងនឹងខ្ញុំ… ឆ្កួតហើយ! ខ្ញុំគ្មានកើតជំងឺអ្វីបន្តិចផងហ្នឹង ហេតុអ្វីត្រូវប្រតិកម្មថ្នាំនោះ!?
…ខ្ញុំក្រោកងើបចេញពីគ្រែសន្សឹមៗ ដោយព្យាយាមប្រើជើងមិនឲ្យមានសម្រឹបលាន់ឮបន្តិចឡើយ។ ខ្ញុំដើរតម្រង់ទៅកាន់កាតាបស្ពាយរបស់អ្នកកំលោះ ដែលមានថង់ថ្នាំពណ៌សលៀនចេញមកឲ្យឃើញនៅខាងលើគេ។ ខណៈដែលខ្ញុំកំពុងឱនមុខ លូកចាប់វាចេញមកនោះ…
«ហេ៎!!!…»
សំឡេងរបស់បុរសស្រែកឡើង រហូតធ្វើឲ្យខ្ញុំភ្ញាក់លស់ព្រលឹង! កើតស្អីគេហ្ន៎… ហេតុអីប្រើសំឡេងខ្លាំងយ៉ាងនេះ??
«ធ្វើស្អីហ្នឹង???»
«ក… ក៏គ្រាន់តែចង់មើលថ្នាំប៉ុណ្ណោះឯង! … ហេតុអីលោកចាំបាច់ធ្វើ ដូចជាស្លន់ស្លោណាស់អ៊ីចឹង??»
«កុំមករវល់ណ៎ះ!! រឿងថ្នាំទុកឲ្យខ្ញុំជាអ្នកចាត់ការ!!!»
បុរសដើរមកឆក់យកកាតាបនិងថង់ថ្នាំចេញពីខ្ញុំ… ខ្ញុំទទួលអារម្មណ៍មិនសូវជាពេញចិត្តសោះនឹងអាកប្បកិរិយាគំរោះគំរើយរបស់គេក្នុងពេលនេះ។ អត់ទេ… គេធ្វើឲ្យខ្ញុំកាន់តែសង្ស័យទៀតហើយ នឹងការប្រែប្រួលមួយចំនួននេះ។
«តោះចេញទៅ! ប្រញាប់ទៅល្អជាង តិចមានព្យុះព្រិលមកដល់នឹងកាន់តែពិបាកហើយ ព្រោះខាងក្រៅពេលនេះរងាខ្លាំងណាស់។»
«ប… បាទ…» ខ្ញុំបង្ខំចិត្តបំភ្លេចការសង្ស័យចោលទាំងរឹងទទឹង ព្រោះខ្ញុំក៏មិនចង់ឃើញគេធ្វើមុខមាំដាក់ខ្ញុំដែរ។ ជួនកាល… ការដែលគេផ្លាស់ប្តូរអាកប្បកិរិយាទៅជាបែបនេះ អាចមកពីខ្ញុំធ្វើឲ្យគេហត់នឿយពេកក៏បានដែរ។
មានត…
ឆ្លើយតប