ចង់ស្គាល់ខ្ញុំយូរហើយមែនទេ?… នៅថ្ងៃនោះ អ្នកនឹងបានស្គាល់!
Posted in រឿងហ្គេយ៍ on ខែមីនា 24, 2010| 9 Comments »
Posted in រឿងឡេស្សបៀន on ខែមីនា 20, 2010| Leave a Comment »
ចង់ប្រាប់ប្រាប់គ្រប់គ្នាឲ្យជ្រាបថា សួនសុបិន មិនមែនជាប្លក់សម្រាប់តែហ្គេយ៍ តែជារបស់ឡេស្សបៀនផង…
ឆាប់ៗនេះ… រឿងរ៉ាវស្នេហារបស់ស្រីស្រលាញ់ស្រី, ឡេស្សបៀន ឬ Girl’s Love!
Posted in រឿងហ្គេយ៍ on ខែមីនា 19, 2010| 24 Comments »
[បែកគ្នាយូរហើយសម្រាប់រឿងនេះ… រំឭកឈ្មោះតួ៖ ឫទ្ធិសាល, និវឌ្ឍន៍,ឯក]
ស្នាមខាំញេញដែលនៅជាប់នឹងកយើងទាំងពីរ បានក្លាយជារឿងរ៉ាវនិយាយល្បីតគ្នានៅក្នុងក្រុមមិត្តភក្តិរៀនជាមួយគ្នា។ ខ្ញុំក៏នៅដើរប៉ាំងខ្ញើចៗ(ឈឺត្រង់នោះមិនទាន់បាត់ផង) ឯនិវឌ្ឍន៍ក៏ដើរទ្រេតទ្រោតហាក់ដូចជានៅឈឺដូចគ្នាតែខំអត់ទ្រាំ។ មានមិត្តភក្តិនៅក្នុងថ្នាក់រៀន លេងចាប់គូទវា ហើយវាក៏ភ្ញាក់ឈឺធ្វើមុខជីបអូចៗ មិត្តភក្តិក៏នាំគ្នាសង្ស័យថាយើងទាំងពីរនាក់ ក្លាយជាប្តីប្រពន្ធគ្នារួចទៅហើយ។ ល្អហើយដែលឯកមិនឆ្កួតតាមពួកនោះម្នាក់ទៀត ព្រោះវាធំដឹងក្តីឡើងជាសត្វក្របីគ្មានដឹងខ្យល់អីទេ ឃើញស្នាមក្រហមជាំៗនៅនឹងកហើយ ក៏មិនដឹងទៀតថាជាស្នាមអី(អាឯកវាជាបុរសពិតពេញទាំង១០០ហើយ វាជាអ្នករៀន រឿងផ្សេងក្រៅពីរៀនវាល្ងង់ណាស់)។
រយៈពេល៤-៥ថ្ងៃក្រោយពីមានអីៗនឹងគ្នា ខ្ញុំមានសេចក្តីសុខខ្លាំងណាស់ ព្រោះពាក្យចចាមអារ៉ាមនោះ ធ្វើឲ្យមិនសូវមានស្រីៗមករវីរវល់នឹងនិវឌ្ឍន៍ដូចមុនទៀតទេ។ ចំណែកក្រុមស្រីៗដែលធ្លាប់តាមមកឆាឆៅខ្ញុំ ក៏ស្ងាត់បាត់ទៅដែរ ហាក់ដូចជាយើងត្រូវសង្គមបង្គាប់ ឲ្យក្លាយជាសង្សារនឹងគ្នាដោយមិនបាច់បរិយាយ។ តែខ្ញុំអាចនឹងគិតជ្រុលដោយខ្លួនឯង ព្រោះនិវឌ្ឍន៍ធ្វើខ្លួនដូចជាគ្មានរឿងអ្វីកើតឡើង ហើយនៅមិនសូវនិយាយរកខ្ញុំទៀត។ យើងក៏កាន់តែនៅឆ្ងាយពីគ្នាលើសដើម ខ្ញុំស្ទើរតែប្រេះទ្រូងស្លាប់ហើយ! យើងជារបស់គ្នានឹងគ្នាហើយ សាច់ឈាមយើងរលាយចូលគ្នាហើយ ហេតុអីក៏ធ្វើខ្លួនបែបនេះទៀត រហូតខ្ញុំអស់ការស៊ូទ្រាំតទៅទៀតក៏សួរវាត្រង់ៗតែម្តងថា ដែលយើងមានអីៗនឹងគ្នានៅថ្ងៃនោះ គិតយ៉ាងណា?
«គឺថ្ងៃនោះយើងស្រវឹង ហើយក៏បណ្តោយខ្លួនតាមតែម្តងទៅ! កុំគិតឲ្យសោះណាថាយើងជារបស់ឯង ព្រោះយើងជាមនុស្សប្រុសពេញតួ!!»
ចាំបានថា ថ្ងៃនោះខ្ញុំនិយាយរឿងនេះ ជាមួយវានៅក្នុងបរិវេណតារាងបាល់ទាត់។ ខ្ញុំយំចេញមកដោយមិនខ្មាសអៀននរណាទាល់តែសោះ តែក៏មិនបានស្រែកឡូឡាឲ្យផ្អើលគេផ្អើលឯងដែរ គ្រាន់ស្រក់ទឹកភ្នែកជោកថ្ពាល់ មុខក្រហម ភ្នែកហើមប៉ុណ្ណោះ។ ខឹងផងខូចចិត្តផង ខ្ញុំស្ទើរតែព្យួរការសិក្សាចោល ហើយទៅរៀនតនៅទីណាក៏បានឲ្យតែឆ្ងាយពីមុខអាឃ្វាត់(ស្រលាញ់ណាស់ ពេលស្អប់ក៏ស្អប់ណាស់ដូចគ្នា)។ តែជាគ្រោះល្អនិងគ្រោះអាក្រក់របស់ខ្ញុំ ដែលឯកត្រូវឃ្លាតឆ្ងាយពីខ្ញុំទៅ ធ្វើឲ្យខ្ញុំតាំងស្មារតីឡើងវិញបាន។ ម្តាយមីងរបស់ឯកកើតជម្ងឺមហារីកដំណាក់កាលចុងក្រោយ ពេទ្យប្រាប់ថាគាត់នៅមិនបានយូរទៀតទេ បើសំណាងល្អណាស់ក៏មិនដល់៥ខែទៀតដែរ។ អ៊ំស្រីម្នាក់នេះ ថ្វីបើមិនមែនជាម្តាយពិតប្រាកដ តែគាត់ក៏ចិញ្ចឹមឯកតាំងពីតូចៗមក ហើយនៅផ្ចុងផ្តើមឲ្យវាបានរៀនខ្ពស់មុខខ្ពស់មាត់ទៀត។ ដូច្នេះហើយទើបឯកព្យួរការសិក្សាចោលសិន ហើយត្រលប់ទៅមើលអ្នកមានគុណ ដែលនៅសល់ពេលវេលាមិនយូរប៉ុន្មានទៀត។ ថ្ងៃនោះខ្ញុំបានប៉ាវឯកអង្គុយញ៉ាំស្រាជាមួយគ្នា ព្រោះឃើញវាកំពុងពិបាកចិត្តទាំងរឿងម្តាយមីងទាំងរឿងរៀនសូត្រ តែវាក៏សន្យាថា បើម្តាយមីងរបស់វាចាកលោកនេះទៅហើយនោះ វានឹងត្រលប់មករៀនត វាចង់តបស្នងគុណបុណ្យគាត់វិញខ្លះ មុននឹងគ្មានឱកាសនឹងធ្វើ។… ឃើញទេ អ្នកដែលចង់រៀនតែបែរជាគ្មានឱកាសនឹងបានរៀន តែខ្ញុំដែលជាអ្នកមានឱកាសបែរជាគិតចង់ធ្វើអ្វីឆ្កួតៗ ទើបធ្វើឲ្យខ្ញុំគិតឡើងវិញសារជាថ្មី ហើយតាំងចិត្តខំរៀនត។ ទោះបីជាគ្មានឯកនៅចាំដាស់តឿននិងហាមឃាត់ខ្ញុំ មិនឲ្យឈ្លោះគ្នាជាមួយអាវឌ្ឍន៍ក្តី តែយើងក៏នៅតែទូរស័ព្ទសួរសុខទុក្ខគ្នារឿយៗ។ ចំណែកខ្ញុំនិងនិវឌ្ឍន៍ ពេលគ្មានឯកនៅ យើងទាំងពីរក៏ប្រៀបដូចជា«មនុស្សមិនស្គាល់គ្នា»ទៅហើយ ដើរកាត់មុខគ្នាស្ទើរតែមិនងាកមុខមើលគ្នាសោះតែម្តង។
ពេលនោះឯងដែលកម្មពៀរតាមស្នងអានិវឌ្ឍន៍វិញ… នៅពេលឯកមិននៅ វាក៏ក្លាយជាឆ្កែដំបៅក្បាល គ្មាននរណារាប់រក។ វាព្យាយាមចូលក្រុមមិត្តភក្តិថ្មី ក្រុមនេះខ្លះក្រុមនោះខ្លះ តែយូរៗទៅគ្រប់គ្នាក៏ដើរចេញអស់ដដែល ព្រោះវាមាត់អាក្រក់រកតែរឿងដាក់ខ្លួន មិនចេះចប់មិនចេះហើយ។ ពេលញ៉ាំបាយវាក៏ត្រូវទិញបាយប្រអប់យកទៅញ៉ាំក្នុងបន្ទប់ មិនហ៊ានអង្គុយញ៉ាំម្នាក់ឯងនៅហាងបាយ។ នៅពេលរៀនក៏អង្គុយស្ងាត់ៗតែម្នាក់ឯង គ្មាននរណាជជែកជាមួយ។ ចំណែកខ្ញុំគ្មានបញ្ហាទេ និស្ស័យខ្ញុំអាចរកមិត្តភក្តិថ្មីបានគគោក។ នៅពេលគ្មានឯក ថ្លៃស៊ីចាយគ្រប់បែបយ៉ាងក៏ត្រូវគុណនឹងពីរ។ វាត្រូវចេញទៅធ្វើការពិសេស នៅក្បាលព្រលប់ក្នុងហាងជួលឌីសមួយកន្លែង រហូតដល់ម៉ោង២រៀងរាល់យប់ កាត់បន្ថយការដើរលេង កាត់បន្ថយការលេងសើចសប្បាយ ជួនកាលក៏រៀនមិនទាន់មិត្តភក្តិ។ យើងទាំងពីរមិនមើលមុខគ្នាអស់រយៈពេលជាច្រើនខែ រហូតបានទទួលទូរស័ព្ទពីឯកតេពីខេត្តមក៖
«អាឡូ… ឫទ្ធិ!»
«យ៉ាងម៉េចឯក?»
«មីង… មីងគ្នា… ស្លាប់ហើយ!»
ឯកនិយាយហើយ ក៏ស្រែកយំអណ្តឺតអណ្តកតាមទូរស័ព្ទ។ ខ្ញុំទើបតែចាប់ផ្តើមយល់ដល់ចិត្តឯក… ម្តាយបង្កើតរបស់វាបោះបង់វាចោលតាំងពីតូចៗ។ ពុកវាទៅធ្វើការនៅអាឡឺម៉ង់ យូរៗម្តងទើបផ្ញើលុយមកឲ្យ… ខំតស៊ូរស់ត្រដាបត្រដួសម៉ង់ៗពីរនាក់ក្មួយនិងមីង។ ខ្ញុំចាំពេលយើងទាំងពីររៀននៅវិទ្យាល័យជាមួយគ្នាបានថា វាជាសិស្សម្នាក់ដែលរៀនពូកែណាស់ ចរិយាសម្បត្តិក៏ល្អមានវិន័យ… តែរៀងរាល់ឆ្នាំដែលចាត់ពិធីបើកបវេសនកាល អញ្ជើញឪពុកម្តាយមកចូលរួម វាតែងតែគេចសាលារហូត ទាំងដែលនេះជាកម្មវិធីសំខាន់មួយ ដែលគ្រូប្រចាំថ្នាក់ហាមផ្តាច់មិនឲ្យឈប់។ ហេតុដូចនោះទើបឯកត្រូវគ្រូហៅទៅជួប ហើយសម្តីឆ្លើយសារភាពរបស់វា ក៏ធ្វើឲ្យគ្រូនិងខ្ញុំត្រូវគាំងសម្តីនិយាយលែងចេញ…
«ខ្ញុំគ្មានម៉ែ… ដូចអ្នកដទៃទេ!»
ថ្ងៃបវេសនកាលរៀងរាល់ឆ្នាំ គឺជាថ្ងៃមួយដែលឯកឈឺចុកចាប់បំផុត ដែលឃើញមិត្តភក្តិគ្រប់គ្នាមានម៉ែមកសាលារៀន។ នៅពេលនេះអ្នកដែលទទួលនាទីជាម្តាយរបស់វាក៏ចាកចេញទៅទៀត… ខ្ញុំដឹងថាឯកជាមនុស្សទន់ជ្រាយខាងក្រៅតែរឹងមាំខាងក្នុង ទោះបីជាខូចចិត្តយ៉ាងណាក៏ដោយក៏មិនធ្លាប់ឃើញវាយំបែបនេះដែរ… ទើបខ្ញុំក៏សុំច្បាប់សាលាត្រលប់ទៅខេត្តមួយរយៈដើម្បីជួយលួងលោមវា។
ពិធីបុណ្យសពរបស់ម្តាយមីងឯក បានអ្នកស្រុកអ្នកភូមិជួយគ្នាមួយដៃមួយជើង តែអ្វីដែលខ្ញុំស្មានមិនដល់គឺមនុស្សដូចជាអានិវឌ្ឍន៍ ក៏ចេះព្រួយបារម្ភមិត្តភក្តិដែរ វាមកដល់មុនខ្ញុំទៅទៀត។ រហូតមកឯកប្រៀបដូចជាខ្ញុំកញ្ជះរបស់និវឌ្ឍន៍។ និវឌ្ឍន៍គិតអ្វីក៏វាយល់ស្រប និវឌ្ឍន៍ធ្វើអ្វីឯកក៏ត្រូវធ្វើតាម តែនៅនាទីដែលឯកជួបការលំបាក វាក៏ចេះយល់ពីអ្នកដទៃ។ ខ្ញុំនិងនិវឌ្ឍន៍ស្រុះស្រួលគ្នាសង្រួមឥរិយាបថមិនចង់យករឿងផ្ទាល់ខ្លួនទៅបង្កបញ្ហាឲ្យឯក ដែលវាកំពុងជួបទុក្ខសោកស្រាប់ផង។ បើមិនគិតថានៅក្នុងវត្តនៅក្នុងវ៉ា ខ្ញុំចង់តែដាល់មុខតប់មាត់ដ៏កំពូលសង្ហា តែឈាមត្រជាក់របស់អាវឌ្ឍន៍ទេ។ យើងនៅជួយបុណ្យសពបាន២ថ្ងៃហើយក៏ត្រូវ ត្រលប់ទៅប្រលងនៅមហាវិទ្យាល័យវិញ។ ខ្ញុំចែកផ្លូវគ្នាត្រលប់ទៅវិញជាមួយអានិវឌ្ឍន៍ ខ្ញុំមិនចង់ជិះឡានតែមួយជាមួយវាទេ ព្រោះស្អប់វាគ្រប់កន្លែងតែម្តងពេលនេះ។ ចំណែកឯក ខ្ញុំធ្វើបានត្រឹមប្រាប់វាថា វានៅមានឪពុកនៅមានមិត្តភក្តិនៅក្បែរខ្លួន ធ្វើចិត្តឲ្យបានហើយត្រលប់ទៅរៀនវិញដើម្បីបានចប់ព្រមៗគ្នា។
មានត…
Posted in រឿងហ្គេយ៍ on ខែមីនា 17, 2010| 1 Comment »
ពេលរសៀល… ខ្ញុំមានម៉ោងដែលត្រូវរៀនគណិតវិទ្យា។ លុះចាប់ផ្តើមរៀនខ្ញុំក៏លូកចាប់យកសៀវភៅចេញមក តែ…
«អ៊ើយ! ធ្វើយ៉ាងម៉េចទៅ បើភ្លេចសៀវភៅនៅលើតុកាលពីព្រឹកមិញនោះហើយ? ស្លាប់ហើយពេលនេះ! តើយើងនឹងត្រូវគ្រូថាឲ្យឬក៏អត់ទេនៀក…!!»
គឺគ្រប់ម៉ោងដែលរៀនគណិតវិទ្យា គ្រូនៅសាលារៀនរបស់ខ្ញុំ តែងតែមានការហៅដៅឈ្មោះ ហើយពិនិត្យមើលថា សិស្សម្នាក់នោះយកសៀវភៅមករៀនឬទេ បើគ្មាននឹងត្រូវស្តីបន្ទោសហើយកាត់ពិន្ទុប្រលងប្រចាំខែ… អ៊ីចឹងហើយទើបធ្វើឲ្យខ្ញុំ ត្រជាក់ចុងដៃចុងជើងភ័យខ្លាចៗមិនបាត់សោះ តែសំណាងល្អដែលថ្ងៃនោះគ្រូមិនបានហៅចំឈ្មោះខ្ញុំ ហើយក៏ផុតទុក្ខបានមួយគ្រា។ ពេលកំពុងរៀនក៏អង្គុយតែនឹកគិតថា ពេលល្ងាចនឹងចូលទៅរកមើលសៀវភៅ នៅត្រង់តុកាលពីព្រឹកមិញនោះ… គ្រប់យ៉ាងដំណើរការទៅមុខ រហូតដល់ម៉ោងចេញទៅផ្ទះ… ហើយរឿងរ៉ាវក៏កើតឡើង…
តាមធម្មតាក្រោយពេលចេញពីរៀន ខ្ញុំតែងតែនៅចាំលោកប៉ាមកទទួល រហូតដល់ម៉ោង៥កន្លះរៀងរាល់ថ្ងៃ។ ក៏ដូចរាល់ថ្ងៃ ខ្ញុំមិនដែលអង្គុយចាំលោកប៉ាទទេៗនោះទេ គឺតែងតែយកកិច្ចការសាលាដែលគ្រូទើបតែដាក់ឲ្យពីថ្ងៃមកអង្គុយធ្វើបណ្តើរៗជាប្រចាំរៀងរាល់ថ្ងៃ។ ថ្ងៃនោះគ្រូដាក់លំហាត់គណិតវិទ្យាឲ្យធ្វើតែដោយខ្ញុំភ្លេចគិតថា ខ្លួនឯងបានធ្វើឲ្យភ្លេចសៀវភៅចោលនៅលើតុកាលពីព្រឹកនោះ ខ្ញុំក៏ត្រៀមយកសៀវភៅ ដែលគ្រូទើបតែចែកកិច្ចការផ្ទះចាស់ឲ្យ មកត្រៀមទុកនៅលើតុហើយក៏លូករាវរកមើលសៀវភៅពុម្ពនិងសៀវភៅគិតលេខ… ទើបភ្ញាក់ខ្លួននឹកឃើញជាថ្មី!
«អ៊ើយ… មែនហើយ! យើងភ្លេចសៀវភៅចោលនៅលើតុកាលពីព្រឹកមិញនោះអី… សាកទៅរកមើលសិនល្អជាង ថាវានៅទីនោះដដែលឬក៏អត់?» គិតរួចខ្ញុំក៏ដើរចេញពីតុ ដោយទុកសៀវភៅកិច្ចការផ្ទះដែលមានសរសេរឈ្មោះខ្ញុំ និង ឈ្មោះថ្នាក់រៀនចោលនៅលើតុនោះ។
ពេលដើរទៅដល់តុដែលខ្ញុំអង្គុយកាលពីព្រឹក ខ្ញុំក៏មិនបានឃើញអ្វីសោះក្រៅពីតុទទេ។ ដោយធ្វើចិត្តរួចហើយថាវាច្បាស់ជាមិននៅ ខ្ញុំក៏ដើរត្រលប់មកវិញដោយគិតថា នឹងទៅរកទិញសៀវភៅថ្មីហើយចាំត្រលប់ទៅធ្វើកិច្ចការនៅឯផ្ទះ…
ជឿឬទេ?… ពេលខ្ញុំត្រលប់មកដល់ គ្រប់យ៉ាងដែលខ្ញុំដាក់នៅលើតុនោះ បាត់ទៅទាំងអស់! កន្លែងដើមដែលខ្ញុំអង្គុយអម្បាញ់មិញនេះ វាលែងនៅសេសសល់អ្វីទៀតហើយ។ ខ្ញុំវង្វេងវង្វាន់អស់ហើយ! ធ្វើអ្វីក៏មិនត្រូវដែរ ដើរវិលទៅវិលមកនៅម្តុំនោះអស់ជាច្រើនជុំ។ ទឹកមុខខ្ញុំពេលនោះក៏ចាប់ ផ្តើមមើលលែងយល់ហើយ វាស៊យជាងបាត់សៀវភៅគណិតវិទ្យានោះទៅទៀត តើឲ្យខ្ញុំធ្វើយ៉ាងម៉េច… ព្រោះនោះគឺជាសៀវភៅកិច្ចការផ្ទះ បើបាត់ពិតមែន ខ្ញុំពិតជាយ៉ាប់ហើយ… បានមួយសន្ទុះក្រោយមក ខ្ញុំក៏រអ៊ូក្នុងលក្ខណៈស្រែកបង្កូកឡើងថា៖
«អាខ្មោចអើយ… ស្អីឯងអ្ហ៎ាះ… អាដេត! ឯងប្រុងលេងសើចអីជាមួយយើងហ៎ះ?» ខ្ញុំស្រែកទៅស្មានៗព្រោះនឹកថា ប្រហែលជាអាដេតលេងសើចនឹងខ្ញុំ ព្រោះអានេះចូលចិត្តលេងបែបនេះជាមួយខ្ញុំណាស់។
តែលុះគិតទៅគិតមក ខ្ញុំក៏នឹកឃើញថា វាត្រលប់ទៅផ្ទះយូរហើយតើ! អេ… តើមានរឿងអ្វីកើតឡើងអ៊ីចែស?… មួយភ្លែតនោះ ក្រោយពីខ្ញុំកំពុងខ្វាយខ្វល់ចិត្ត រកកាតាបនិងសៀវភៅ ខ្ញុំក៏បានឮសំឡេង… សំឡេងនោះខ្ញុំដូចជាធ្លាប់ស្គាល់! វាឮចេញមកពីខាងក្រោយខ្នង តែដូចជានៅឆ្ងាយសមគួរ…
«កំពុងរកអានេះឬ?… មក៍! មកយករបស់ឯងមក…»
លុះពេលខ្ញុំងាកទៅ… បាទ! មែនហើយ… គឺអាបងឆ្កួតកំពូលសង្ហាកាលពីព្រឹកមិញនេះឯង តែពេលនេះគេមកតែម្នាក់ឯង។ ខ្ញុំសូមប្រាប់តាមត្រង់ថា ពេលនោះក៏ខ្លាចៗហ៊ានៗ ព្រោះគ្មាននរណានៅម្តុំនោះផង បើគេស្រាប់តែខឹងច្រឡោត ហើយវាយទាត់ធាក់ខ្ញុំទៅឲ្យធ្វើម៉េច? តែខ្ញុំនៅតែដើរចូលទៅដោយគិតថានឹងសុំទោសគេ ហើយសុំរបស់ខ្លួនមកវិញ។ តែជឿឬទេ… គ្រាន់តែខ្ញុំឈានជើងដើរទៅមិនដល់១០ជំហានផង បងនោះក៏គ្រវែងកាតាបខ្ញុំ ចូលទៅក្នុងព្រៃចំពោះមុខខ្ញុំតែម្តង… ឯខ្ញុំនេះ ស្រឡាំងកាំងមាត់លែងចេញ… ចង់ធ្វើអ្វីក៏មិនត្រូវដែរ នេះគេហ៊ានធ្វើដល់ថ្នាក់នេះផង?… ខ្សែភ្នែករបស់គេមើលទៅខឹងខ្លាំងណាស់ ហើយក៏មិនខ្លាចអ្វីទាំងអស់ ដែលនឹងកើតឡើងតាមក្រោយ។ បានមួយសន្ទុះមក គេក៏និយាយប្រាប់ថា៖
«សៀវភៅគ្រប់យ៉ាងរបស់ឯង នៅក្នុងនោះទាំងអស់! យើងប្រមូលទុកឲ្យរួចហើយ អរគុណយើងមក៍… យើងខំប្រមូលទុកឲ្យនោះអី! បើចង់បានខ្លាំងណាស់ ក៏ចុះទៅយកខ្លួនឯងទៅ… តែសុំដាស់តឿនជាមុនសិនថា… នៅក្នុងព្រៃនោះមានពស់ច្រើនណាស់! បើឯងហ៊ានក៏អញ្ជើញចុះទៅយកទៅ! ចុះទៅលមើល៍… ហាសហាសហា…»
ពេលនោះខ្ញុំស្រែកយំហ៊ូតែម្តង តែផ្ទុយពីគេភ័យឬអាណិតខ្ញុំ… គេត្រលប់ជាស្ទុះហេដើរចូលមករកហើយក៏ចាប់កញ្ឆក់កអាវទាញមុខខ្ញុំ ឲ្យចូលទៅជិតស្ទើរតែប៉ះនឹងមុខគេ រួចនិយាយគម្រាមមួយៗថា៖
«ឯងធ្វើឲ្យយើងអាប់មុខមាត់ នៅកណ្តាលចំណោមអ្នកដទៃបាន យើងក៏ធ្វើឲ្យឯងឈឺបានដូចគ្នាចាំទុកណ៎ា! ឯងនឹងត្រូវយើងធ្វើបាបច្រើនជាងនេះទៀត ប្រយ័ត្នខ្លួនឲ្យហើយទៅ!!»
ក្រោយពីលែងកអាវខ្ញុំបានបន្តិច គេក៏ងាកឱនមុខមកខ្សឹបដាក់ត្រចៀកខ្ញុំទៀតថា៖
«គឺដូចដែលបងបានប្រាប់អូនទុករួចហើយថា ក្នុងរណ្តៅអាបេព្រៃនោះមានពស់ច្រើនណាស់… បើចង់យកជីវិតទៅផ្សងព្រេងជាមួយនឹងពស់ក៏អញ្ជើញចុះទៅ!» មិនចប់មិនហើយទេ នៅមកនិយាយបំភ័យខ្ញុំទៀត…! ធ្វើឯងមកនិយាយផ្អែមពីខាងដើមរួច ក៏ងាកមកត្របាក់ខ្ញុំម្តងទៀតថា…
«បងដឹង ថាអូននឹងទៅទូលពិតប៉ាទៅប្តឹងម៉ាក់ មែនទេ? … អញ្ជើញទៅប្តឹងចុះ… គ្រូៗផង… នៅជាកូនង៉ែតបែបនេះ មានតែទៅរកប៉ាម៉ាក់នេះហើយ… ហឹហឹហឹ… អញ្ជើញទៅចុះអាអូន តែត្រូវចាំទុកថាអូននឹងត្រូវជួបជាមួយបងយូរទៀត… ចាំជួបគ្នាជាថ្មីណា៎! បងសុំទៅមុនហើយ…»
ខ្ញុំពេលនោះ… ខឹងខ្លាំងណាស់តែក៏ធ្វើអ្វីមិនបាន បានតែត្រឹមយំ… តែរួចហើយ មិនដឹងជាគិតយ៉ាងម៉េចក៏ចូលទៅក្នុងព្រៃនោះហើយចុះរុកទៅក្នុងរណ្តៅអាបេ។ អាបងឆ្កួតនោះងាកក្រោយមកមើលតាមសំឡេងព្រៃដែលត្រូវមនុស្សដើរលុកចូលទៅ។ គេប្រហែលជាស្រឡាំងកាំងហើយព្រោះឃើញធ្វើមុខដូចជាមិនចង់ជឿសោះថា ខ្ញុំហ៊ានចុះទៅក្នុងព្រៃនោះ។ នៅទីបំផុតខ្ញុំក៏ចុះលុយទៅដល់បាតរណ្តៅអាបេលិចផុតក្បាលហើយយកកាតាបរបស់ខ្លួនមកបានវិញ។ តែផ្ទុយពីគេរត់មកជួយខ្ញុំ… អត់សោះតែម្តង!… គេមានតែសើចចំអកឲ្យខ្ញុំ ហើយស្រែកបំភ័យចេញមកទៀតថា៖
«ហ៊ើយ!… លឿនឡើងៗ… តិចពស់ចេញមកចឹកងាប់ទៅ!… លឿនឡើងៗ! ពស់ច្រើនណាស់…!» តែខ្ញុំសង្កេតឃើញថា ទឹកមុខរបស់គេពេលនោះ ហាក់ដូចជាប្រឹងនិយាយទាំងបង្ខំ ខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែ រគ្រាន់តែឃើញដូចជាធ្លាក់ទឹកមុខបន្តិច ប្រហែលជាគេដឹងខ្លួនខុសទេដឹងដែលធ្វើជាមួយខ្ញុំបែបនេះ។
ខ្ញុំនៅក្នុងពេលនោះ ទាំងទឹកភ្នែកទាំងទឹកសំបោរហូរចេញមកទាំងអស់ ខ្ញុំទ្រាំមិនបានពិតមែន ចង់តែដាល់មុខអាបងហ្នុងឲ្យដឹងគ្នាម្តង តែក៏មិនហ៊ានព្រោះមាឌគេធំខ្ពស់ជាងខ្ញុំ។ បើតាមស្មាននៅពេលនោះគេប្រហែលជាមានកំពស់១,៧៥ម៉ែត្រ ឯខ្លួនខ្ញុំប្រហែលជា១,៦៧ម៉ែត្រប៉ុណ្ណោះ។ ម្យ៉ាងដូចដែលខ្ញុំប្រាប់អ៊ីចឹង គេគឺជាកីឡាករហែលទឹក ដូច្នេះមាឌគេមើលទៅក៏ធំឌាំង មាំមួន សមសួន ចំណែកខ្ញុំរាងតូចល្មមគ្មានមាឌអីទេ ក៏បានតែនិយាយចេញទៅទាំងទឹកភ្នែកថា៖
«សប្បាយចិត្តណាស់មែនទេ?… ធ្វើបាបគេល្មមគ្រប់គ្រាន់ហើយឬនៅ?» ខ្ញុំនិយាយព្រមទាំងដើរចូលទៅច្រានគេ តែគេក៏មិនបានតបតអ្វីខ្ញុំ បានត្រឹមតែធ្វើទឹកមុខឌឺៗមកជិតមុខខ្ញុំ គួរឲ្យក្នាញ់ខ្លាំងណាស់ ហើយក៏និយាយាតបថា៖
«នៅទេ… ប៉ុណ្ណេះនៅតិចណាស់សម្រាប់ឯង! … ឯងត្រូវជួបច្រើនជាងនេះទៀត!»
ពេលនោះខ្ញុំទទួលអារម្មណ៍ខ្លាច ទឹកសំឡេងរបស់គេយ៉ាងម៉េចក៏មិនដឹង។ គេមិនបាននិយាយខ្លាំងឬស្រែកគំហកអ្វីទេ តែសម្តីនោះប្រៀបដូចជាមានឥទ្ធិពល មានមន្តសណ្តំ និង ថាមពលអ្វីមួយយ៉ាងចម្លែក… ទឹកមុខរបស់គេនៅពេលនោះ នៅដិតជាប់ក្នុងការចងចាំរបស់ខ្ញុំជានិច្ច… ពេលមើលជិតៗគេសង្ហារខ្លាំងណាស់! ស្បែកស តែមុខចេញពណ៌ស៊ីជម្ពូប្រឿងៗ គួរឲ្យស្រលាញ់រកថាមិនត្រូវទេ។ ឯខ្ញុំពេលនោះបានត្រឹមតែធ្វើជាសម្លក់សម្លឹងទៅខ្សែភ្នែករបស់គេ ហើយនិយាយថែមទៀតថា៖
«ខ្ញុំទៅធ្វើអីបងឯងឲ្យធ្ងន់ធ្ងរណាស់ណា… ខ្ញុំសុំទោសក៏បាន មិនឃើញមានអីគួរឲ្យខ្មាសអៀនផងគ្រាន់តែរឿងប៉ុណ្ណឹង! ហើយដែលបងឯងធ្វើជាមួយខ្ញុំបែបនេះ ក៏ចាត់ទុកថារួចគ្នាទៅចុះ ខ្ញុំមិនប្រកាន់អីទេ តែត្រូវឈប់មករញ៉េរញ៉ៃនឹងខ្ញុំទៀត!»
គេសើចឡកឡឺយឲ្យខ្ញុំគួរឲ្យគ្រឺត ហើយក៏ប្រាប់ថា៖
«បាន… ឈប់រញ៉េរញ៉ៃក៏បាន… តែត្រូវក្រាបសំពះបាតជើងយើងសិនមក៍!»
ខ្ញុំនេះខឹងអាខ្មោចឆ្កួតនោះកាន់តែខ្លាំងទ្វេឡើង… ពេលនោះគិតថា មនុស្សស្អីគេ អាក្រក់ជួជាតិដល់ថ្នាក់នេះ ចង់តែហក់ទៅដាល់ឲ្យបែកមុខទេ តែក៏មិនហ៊ានព្រោះមិនធ្លាប់ធ្វើដាក់នរណា… បានត្រឹមតែស្រែកជេរចេញទៅ…
«មនុស្សដូចបងឯងនេះ តាមត្រូវខ្ញុំមិនគួរហៅថាបងទេ… ពាក្យថាអាហ្អែងនៅល្អហួសផងដឹងទេ? សម្រាប់មនុស្សដូចបង មានតែអាឆ្កែប៉ុណ្ណោះទើបវាស័ក្តិសម… បងឯងនេះសាហាវពិតមែន បើចង់ឲ្យខ្ញុំក្រាបសំពះខ្លាំងណាស់… បាន! ខ្ញុំសំពះបានតើ!… តែចាំជាតិក្រោយសិនចុះ ចាំខ្ញុំតាមទៅ សំពះ… ធុយយយ!!!» ហើយក៏ស្ពាយកាតាបខ្ញុំដើរចេញមក។
មិនដឹងដូចគ្នាថា ខ្ញុំប្រើសម្តីប្រមាថកាតទានយ៉ាងធ្ងន់ធ្ងរបែបនេះ បានដោយរបៀបណា… ជឿឬទេ គេនោះខឹងខ្ញុំខ្លាំងណាស់ ខ្លាំងជាងលើកមុនឆ្ងាយទៀតផង។ គេដើរតាមមកចាប់កដៃរបស់ខ្ញុំ ច្របាច់ជាប់យ៉ាងណែន ហើយអូសខ្ញុំយ៉ាងខ្លាំងយកទៅខាងក្រោយអគារជាប់របង… គាត់កម្លាំងខ្លាំងមែនទែន ទោះខ្ញុំខំប្រឹងរើបម្រះយ៉ាងណាក៏មិនឈ្នះ។ តាមផ្លូវដែលគាត់អូសខ្ញុំទៅនោះ គាត់ក៏និយាយឡើងមកថា…
«យើងគិតថានឹងលែងឯងទៅហើយ ឃើញថាគួរឲ្យអាណិត! ណាមួយយើងក៏ធ្វើជាមួយឯង ហួសហេតុបន្តិចពិតមែន តែនៅពេលឯងមាត់គ្រាន់បើជាមួយយើងបែបនេះ ឯងក៏ប្រហែលជាមិនរួចខ្លួនដែរ! បន្តិចទៀតឯងនឹងដឹងថា នឹងបានជួបអី យើងធានារ៉ាប់រងឲ្យ… ឯងនឹងត្រូវស្តាយក្រោយចំពោះសម្តីរបស់ឯងដែលនិយាយចេញមកអម្បាញ់មិញនេះ… មកនេះ!… មាត់គ្រាន់បើណាស់មែនទេ?…»
លុះទៅដល់ខាងក្រោយអគារ ខ្ញុំមិនទាន់នឹងបាននិយាយអីផង បងនោះក៏ទាញខ្លួនខ្ញុំចូលផ្អឹបជាប់នឹងខ្លួនគាត់ ហើយបឺតជញ្ជក់មាត់ខ្ញុំមួយរំពេច! តើខ្ញុំ… គួរនិយាយយ៉ាងម៉េចល្អហ្ន៎… ធ្វើអ្វីក៏មិនត្រូវ គឺមានតែ… រោមបះច្រាងអស់ទាំងខ្លួន! កើតមកមិនធ្លាប់ជួបសោះ ហើយក៏មិនគិតថានឹងមកជួបជាមួយមនុស្សប្រុសដូចគ្នា… ខ្ញុំបានតែនៅស្ងៀមធ្វើអ្វីមិនត្រូវ! … មកដល់ពេលនេះខ្ញុំជឿហើយថាវាមានអារម្មណ៍យ៉ាងណា? អ្នកដែលមិនធ្លាប់ជួបក៏គង់នឹងមិនដឹងទេ ព្រោះខ្ញុំខ្លួនឯង គ្រប់ពេលដែលមើលទូរទស្សន៍ ឃើញមានឈុតដែលតួប្រុសថើបតួស្រី ខ្ញុំតែងតែខឹងនឹងតួស្រីគ្រប់ពេល ថាហេតុអ្វីគ្រាន់តែប៉ុណ្ណឹងក៏ធ្វើជាភ្នែកស្លឺភាន់ភាំងធ្វើអ្វីមិនត្រូវ ហេតុអ្វីមិនគេចចេញឲ្យផុតពីតួប្រុសទៅ?…
គេផ្អឹបមាត់ខ្ញុំជាប់ជាមួយមាត់គេ ប្រមាណជា១០វិនាទី… ហើយក៏ច្រានខ្ញុំចេញ ព្រមទាំងនិយាយក្លែមឡកឡឺយឲ្យថា៖
«អឺ… ស័ក្តិសមហើយ ដែលឯងមាត់គ្រាន់បើ ជាមួយយើងតាំងពីព្រឹក… ព្រោះមាត់ឯងផ្អែមប្រើការបានតើ! ដឹងទេ?… ហាហាហា… អេ… ម៉េចក៏នៅស្ងៀមធ្វើអី ម៉េចមិនមាត់គ្រាន់បើទៀតទៅ? ជេរបងទៀតមកអាអូន… បងឲ្យជេរ ជេរមកមើល៍!» ចេះនិយាយផ្គឺនចំណាប់ណាស់! ម្តងបង… ម្តងយើង… ខាំខ្ញុំជាប់រហូត!
គួរឲ្យចម្លែក… ដែលខ្ញុំនៅភ្លឹកបាត់មាត់បាត់កយ៉ាងយូរសមគួរ ខ្សែភ្នែកក៏ឃើញគេដើរចេញទៅ តែលើកនេះគេមិនចាប់អារម្មណ៍នឹងខ្ញុំឡើយ គេដើរចេញពីខ្ញុំទៅ ដោយមិនងាកក្រោយមកមើលខ្ញុំទៀត…
មានត…
Posted in គួរយល់ដឹង, អំពីបុរស on ខែមីនា 16, 2010| Leave a Comment »
ថ្ងៃនេះយើងមានសិល្ប៍វិធី៦យ៉ាង ដើម្បីចែចង់មនុស្សស្រី មកផ្ញើបុរសៗដែលកំពុងកណ្តោចកណ្តែង ហើយត្រូវការអ្នកយល់ចិត្តមកនែបនិត្យក្បែរកាយ។ នាំគ្នាមកមើលមើល៍ថា តើមានវិធីណាខ្លះដែលធ្វើឲ្យក្រមុំៗដែលអ្នកគួចចិត្តប៉ងប្រាថ្នា បែរភក្ត្រាមកមើលអ្នកខ្លះ? ^^
Posted in រឿងហ្គេយ៍ on ខែមីនា 15, 2010| 1 Comment »
[វគ្គនេះតួឯកប្រុសដ៏ឈ្លើយតែជាកំពូលបុរសសង្ហាចេញមុខហើយ ឈ្មោះអន្ធិកា! ជាកីឡាករហែលទឹក]
តាមលក្ខណៈផ្ទាល់ខ្លួនរបស់ខ្ញុំពេលនោះ(ថ្នាក់ទី៨) ខ្ញុំក៏ជាមនុស្សដែលរៀនពូកែម្នាក់នឹងគេដែរ(ដឹងព្រោះឃើញពិន្ទុខ្ពស់^^) តែក៏នៅជាប់និស្ស័យចាស់ដដែល ដោយមិនចូលចិត្តទៅរវីរវល់ ឬពាក់ព័ន្ធជាមួយនរណាច្រើនទេ។ រៀងរាល់ព្រឹកក្រោយពេលទៅដល់សាលារៀន ខ្ញុំចូលចិត្តអង្គុយងប់ ងល់នឹងសៀវភៅតែម្តង… អានសាចុះសាឡើងមួយចប់ហើយមួយចប់ទៀត ព្រោះមិនសូវមានមិត្តភក្តិ(ល្អៗ)ច្រើន។ ម្យ៉ាងទៀតអាមិត្តសម្លាញ់ដែលស្និទ្ធស្នាលបំផុតនោះ(ឈ្មោះអាដេត) ចូលចិត្តមករៀនយឺតសឹងរាល់ថ្ងៃ ទើបខ្ញុំសម្រេចចិត្តយកសៀវភៅធ្វើជាមិត្ត ក្នុងពេលព្រឹកជំនួសសិនទម្រាំតែវាមកដល់។
តាមខ្ញុំចាំនៅថ្ងៃនោះ ប្រហែលជាខ្ញុំកំពុងអានមេរៀនគណិតវិទ្យា… ខណៈដែលខ្ញុំកំពុងអង្គុយធ្វើលំហាត់គណិតតាមលំដាប់លំដោយទៅនោះ ខ្ញុំក៏បានឮសំឡេងធំៗរំខានត្រចៀករបស់មនុស្សប្រុសម្នាក់ដែលស្តាប់ទៅលាន់ឮល្វើយៗមកពីចម្ងាយ ហើយក៏ចូលមកកាន់តែជិតខ្លួនខ្ញុំរឿយៗ នៅទីបំផុតក៏មកអង្គុយចុះនៅតុក្បែរៗខ្ញុំ… រឿងដែលឮនិយាយគ្នាគឺជារឿងកិច្ចការផ្ទះដែលគ្រូដាក់ឲ្យធ្វើតែអាឆ្កួតនោះវាធ្វើមិនបាន(ហា៎សហា៎ស… ល្ងង់ដល់ក!) ទើបវាមកសុំគេចម្លងតាម ធ្វើឲ្យខ្ញុំដឹងភ្លាមៗថា អាតុនៅខាងៗខ្ញុំនេះជាក្រុមសិស្សច្បង ដែលប្រហែលជារៀននៅថ្នាក់ទី១០ឬ១១… ខ្ញុំក៏អង្គុយស្ងៀមធ្វើមិនដឹងមិនឮរង់ចាំមើលថា តើវានៅតែបន្តស្រែកសំឡេងវ៉េសវ៉ាសបែបនេះបានយូរប៉ុណ្ណាទៀត… ឯអាចិត្តមួយទៀតធ្វើឲ្យរំខានអារម្មណ៍ខ្ញុំខ្លាំងណាស់ គិតមោហោក្តៅក្រហាយចង់តែស្រែកស្តីឲ្យដូចគ្នា តែក៏នឹកខ្លាចចិត្តព្រោះវាជារៀមច្បងយើង។ ក្រោយមកក៏នឹកឃើញចង់ក្រោកទៅអង្គុយនៅតុផ្សេង… តែអុញ៎ញ៎ញ៎… ពេលក្រឡេកមើលទៅក្រោយ ឃើញមានមនុស្សចូលអង្គុយគ្រប់តុអស់ទៅហើយ ទោះបីជានៅមិនទាន់អង្គុយពេញគ្រប់កន្លែងក៏ដោយ… ខ្ញុំក៏ទ្រាំអត់ធន់អង្គុយកន្លែងដើមតទៅទៀត ចិត្តមួយទៀតក៏ចង់ឲ្យអាដេតមកដល់ភ្លាមៗ ដើម្បីបានស្រែកនិយាយគ្នាលុបសំឡេងពួកវាខ្លះ (នេះគឺជា និស្ស័យរបស់ខ្ញុំមួយទៀត ទោះបីជាមិនសូវរវីរវល់នឹងនរណា តែក៏មិនចូលចិត្តឲ្យចាញ់នរណាដូចគ្នា^^)។ ពេលនោះគិតនៅក្នុងចិត្តថា មនុស្សឆ្កួតអីហ្ន៎… សំឡេងដូចក្របីត្រូវដប់ព្រនង់ ឫកពាព្រហើនសមតែត្រូវគេដេញកាប់ តែក៏មិនទាន់ងាកទៅមើលដែរ គឺនៅអង្គុយធ្វើលំហាត់ត… ក្នុងលក្ខណៈមួយដែលខួរក្បាលចាប់ផ្តើមធ្វើការលែងដឹងរឿងអីអស់ហើយ…
មួយភ្លែតក្រោយមក គឺមិនយូរទេ… ខ្ញុំក៏បានឮសំឡេងចេញពីតុអាសំគិសអស់នោះ លាន់ខ្លាំងឡើងជាលំដាប់ គឺដូចជាមានមិត្តភក្តិវាមកចូលរួមចម្លងកិច្ចការផ្ទះនោះកាន់តែច្រើនឡើង ហើយខ្ញុំក៏បានឮសំឡេងល្វើយៗរបស់អាម្នាក់ ដែលខ្ញុំគិតថាសំឡេងដូចក្របីរោទិ៍នោះ និយាយប្រាប់មិត្តភក្តិវាថា៖
«ហ៊ើយ!… អាមុខខ្មោច… ពួកឯងមកតាមក្រោយ ម៉េចក៏មកដណ្តើមយកច្បាប់ដើមរបស់យើងទៅអ៊ីចឹង? វាមានតែពីរក្បាលនេះ បើឯងចង់ចម្លងក៏មកអង្គុយចម្លងជាមួយគ្នាមក៍! ចង់យកទៅមើលតែម្នាក់ឯងម៉េច យើងនៅចម្លងមិនទាន់ហើយផង…!»
(… ខ្ញុំសូមប្រាប់ជាមុនសិនថា អាប្រយោគនិយាយដែលខ្ញុំសរសេរទាំងអស់នេះ អាចនឹងមិនត្រូវតាមសម្តីពិត១០០%ទេ តែខ្ញុំនឹងប្រឹងសរសេរឲ្យប្រហាក់ប្រហែលបំផុត… ហើយឆ្លៀតពេលនេះដែរក៏សូមអភ័យទោសផងចំពោះប្រយោគណា ដែលប្រើភាសាមិនគប្បី ឬ សម្តីមិនសុភាព…)
ហើយអាមិត្តភក្តិសាច់កម្មរបស់វាក៏តបទៅថា៖
«ឯងចង់ឲ្យយើងអង្គុយចម្លងនៅត្រង់ណាវ៉ី… បើនាំគ្នាអង្គុយពេញតុអស់ហើយនោះ…!»
បានបន្តិចមក អាឆ្កួតនោះក៏និយាយចេញមក គួរឲ្យចង់សើចថា៖
«បើអ៊ីចឹង ឯងទៅសុំប្អូននៅតុខាងណោះ អង្គុយសរសេរបន្តិចទៅ! យកទៅមួយក្បាលហើយក៏ចែកគ្នាអង្គុយចម្លងនៅតុហ្នុងទៅ!»
ខ្ញុំភាំងពេលឮដូច្នោះ… ហើយគិតថា អេ៎… អាមោកនេះនិយាយស្រួលដល់ហើយហ្ន៎! រួចក៏នឹកខ្លាចអាមិត្តរបស់វាម្នាក់នោះមកមែន តែគិតថាប្រហែលជាអត់ទេ… ប៉ុន្តែទៅរកឯណាបាន មិត្តរបស់អាឆ្កួតនោះមកពិតមែន មកសុំខ្ញុំចែកកន្លែងអង្គុយហើយសួរថា អង្គុយម្នាក់ឯងឬ ឲ្យបងនិងមិត្តភក្តិសុំកន្លែងអង្គុយធ្វើលំហាត់ផង ខ្ញុំក៏យល់ព្រម។ មួយសន្ទុះក្រោយមក សំឡេងអាឆ្កួតនោះក៏លាន់ជ្រែកមកទៀត៖
«ឃើញទេ?… អាប្អូនវាឲ្យអង្គុយហើយ វាដឹងថានរណាជានរណាវ៉ឺយ!» (ខ្ញុំភ្លេចប្រាប់ទៅថាអាខ្មោចចូលម្នាក់នោះ ទំនងជាល្បីខ្លាំងណាស់នៅក្នុងសាលារៀននេះ ព្រោះវាជាកីឡាករហែលទឹកដែលមានមុខមាត់ស្រស់សង្ហា(សង្ហាខ្លាំងណាស់… រួមទាំងរាងរៅក៏ស៊ិចស៊ីទៀត… អិអិអិ… ^Q^) ក្មេងៗទាំងប្រុសទាំងស្រី ក៏បាក់ចិត្តស្រលាញ់វាច្រើន តែមុននេះខ្ញុំមិនទាន់ស្គាល់វាទេ ធ្លាប់ឮតែឈ្មោះប៉ុណ្ណោះ លុះក្រោយពីមានរឿងថ្ងៃនោះកើតឡើង ខ្ញុំក៏ស្គាល់វាច្បាស់ជាងគេជាងឯង…)
ពេលឮដូច្នោះខ្ញុំក៏ក្តៅក្បាលង៉ឺងខឹងឆេវមួយរំពេច ហើយភាំងភ្លេចខ្លួននិយាយស្រែកទៅវិញយ៉ាងខ្លាំងរណ្តំពេញថ្នាក់រៀន៖
«ខ្ញុំមិនចាប់អារម្មណ៍ថាបងជាអ្នកណាទេ តែដែលខ្ញុំដឹង បងជាមនុស្សដែលគ្មានមារយាទគ្មានសុជីវធម៌… និយាយសំឡេងខ្លាំងៗវ៉េសវ៉ាសស្អីក៏មិនដឹង… ស្អីគេ អង្គុយនៅជិតគ្នាសោះ ហេតុអីចាំបាច់និយាយសំឡេងខ្លាំងៗដល់ថ្នាក់នេះ… សួរទៅចុះ ចង់ល្បីណាស់ឬ? ខ្ញុំធុញទ្រាន់តាំងពីបងមកអង្គុយនៅត្រង់នេះម្ល៉េះ!… នេះ… បើបងសាកមកនិយាយសុំខ្ញុំដោយខ្លួនឯងលមើល៍ ខ្ញុំពិតជាមិនឲ្យមនុស្សដូចបងឯងជាដាច់ខាត!! >[]<!!! »
និយាយហើយខ្ញុំក៏ដើរចេញតែម្តង ចាប់យកតែកាតាបទៅ អាសៀវភៅគិតលេខ សៀវភៅពុម្ពនិងប៊ិកស្អីគេនោះ ភ្លេចយកទាំងអស់(ខឹងមោហ៍បាំងរហូតភ្លេច!) តែតាមដែលសង្កេតឃើញនៅពេលនោះ មានមនុស្សសម្លឹងមើលមកខ្ញុំច្រើនណាស់។ អាខ្មោចឆ្កួតម្នាក់នោះ ត្រូវលក់មុខកណ្តាលចំណោមគេឯងតែម្តង។ ទឹកមុខគេពេលនោះគួរឲ្យអាណិតខ្លាំងណាស់ តែមួយភ្លែតនោះក៏លួចគិតនៅក្នុងចិត្តដូចគ្នាថា «អូហូ… មនុស្សស្អីគេហ្ន៎… មុខមាត់ស្រស់សង្ហាដល់ហើយ!» បងម្នាក់នោះសង្ហាពិតមែនបាទទទ!! ទោះបីជាខ្ញុំកំពុងខឹងប៉ុណ្ណា តែកិលេសនៅក្នុងចិត្តរបស់ខ្ញុំ ក៏នៅតែធ្វើការកើត(ហាសហាសហា… ^O^) ភាពស្រស់សង្ហារបស់អាខ្មោចឆ្កួតនោះ ទាក់ទាញអារម្មណ៍ខ្ញុំមែនទែន!
ក្រោយពីដើរចេញមកបានបន្តិចខ្ញុំក៏នឹកអាណិតគេវិញភ្លាម(ឃើញទេ ភាពស្រស់សង្ហាអាចធ្វើឲ្យមនុស្សយើងប្តូរចិត្តភ្លាមមួយរំពេច ហេះៗៗ…ៗ) ហើយក៏រអ៊ូដាក់ខ្លួនឯងថា មិនគួរទៅថាឲ្យគេឡើយ បងម្នាក់នោះច្បាស់ជាខ្មាសអ្នកដទៃទៀតស្លាប់ហើយ ព្រោះខ្ញុំក៏ស្រែកដាក់ឲ្យគាត់ខ្លាំងៗទៀត… លុះមកដល់ពេលសម្រាកថ្ងៃត្រង់ក៏ភ្លេចរឿងនោះបានបន្តិចទៅ ប៉ុន្តែខណៈដែលកំពុងអង្គុយញ៉ាំបាយនោះ ស្រាប់តែអារម្មណ៍ម្យ៉ាងបានប្រាប់ខ្លួនឯងថា មានមនុស្សកំពុងសម្លឹងមកខ្ញុំ។ តែតាមដែលដឹងគ្រប់គ្នានោះ មនុស្សនៅក្នុងហាងបាយរបស់សាលា មានរាប់ពាន់រាប់ម៉ឺននាក់ឯណោះ ខ្ញុំប្រហែលជាចេះតែគិតខ្លួនឯងទេដឹង?!!
មានត…
Posted in គួរយល់ដឹង, អំពីស្ត្រី on ខែមីនា 13, 2010| Leave a Comment »
សម័យមុនមនុស្សប្រុសជាភាគី ដែលចាប់ផ្តើមចែចង់មនុស្សស្រីមុន តែយុគសម័យថ្មីនេះបានផ្លាស់ប្តូរទៅហើយ បើមនុស្សស្រីចាប់ផ្តើមចែចង់មនុស្សប្រុសមុន ក៏គ្មានអ្វីគួរឲ្យខាតបង់ដែរ ហើយភាគច្រើនមានតែធ្វើឲ្យមនុស្សប្រុសត្រេកអរទៅវិញទេ ដែលឃើញមនុស្សស្រីជាអ្នកចាប់ផ្តើមចែចង់គេមុន។ ដូច្នេះបើនរណាចង់សាកល្បងចូលចែចង់មនុស្សប្រុស ក៏សូមអនុវត្តតាមវិធីខាងក្រោមនេះបាទ!^Q^
១. ភាពស្រស់ស្អាត
វិធីចែចង់មនុស្សប្រុស យើងត្រូវមើលឃើញស្អាត តែក៏មិនត្រូវតែងខ្លួនឲ្យស៊ិចស៊ីលេចលើលេចក្រោមពេកដែរ គឺតែងឲ្យឃើញលក្ខណៈខ្លួនជារបស់ខ្លួនឯង រើសសំពត់អាវណាដែលស្លៀកពាក់ស្រួល មើលទៅឃើញស្រស់តាមធម្មជាតិ និងធ្វើឲ្យខ្លួនឯងជឿទុកចិត្ត។
២. ផ្តើមសម្តែងកាយវិការចាប់អារម្មណ៍បែបមនុស្សស្រី
ពេលចែចង់មនុស្សប្រុស មិនត្រូវតក់ក្រហល់ ឬសម្តែងកាយវិការអ្វី ឲ្យជ្រុលហួសហេតុពេកទេ គឺត្រូវប្រើវិធីបែបមនុស្សស្រីៗ ដូចជាលួចចោលកន្ទុយភ្នែកសម្លឹងទៅគេ យ៉ាងស្រទន់ឲ្យគេសង្កេតដឹងខ្លួន តែក៏មិនគួរសម្លឹងយូរពេកដែរ ដើម្បីពញ្ញាក់អារម្មណ៍របស់គេឲ្យសង្ស័យថា យើងចាប់អារម្មណ៍គេឬមួយក៏អត់?
៣. រកចន្លោះពេលនៅម្នាក់ឯងដើម្បីបើកឱកាស
មនុស្សប្រុសមិនសូវស្រួលចិត្តប៉ុន្មានទេ នៅពេលនិយាយជាមួយមនុស្សស្រី ដែលនៅកណ្តាលចំណោមមិត្តភក្តិច្រើននាក់ ដូច្នោះយើងត្រូវរកឱកាសនៅម្នាក់ឯងខ្លះ ដើម្បីបើកឱកាសឲ្យមនុស្សប្រុសចូលមកជជែកជាមួយ ហើយពេលដែលកំពុងជជែកគ្នានោះ គួរតែនៅឲ្យបានកៀកគ្នាបន្តិចដូចជា អង្គុយកៅអីជាប់គ្នា ដើម្បីសាងភាពស្និទ្ធស្នាលនិងភាពជាគ្នាឯងឲ្យបានច្រើន។
៤. ឲ្យបុរសជាភាគីចែចង់យើងខ្លះ
នៅពេលអ្នកចាប់ផ្តើមសម្តែងឫកពាចាប់អារម្មណ៍ រួមទាំងរកឱកាសនៅម្នាក់ឯងដើម្បីបើកឱកាសឲ្យមនុស្សប្រុសចូលមកជជែកជាមួយហើយ អ្នកគួរតែទុកឲ្យគេជាភាគីចែចង់យើងខ្លះ កុំចែចង់គេឲ្យម្ខាងឲ្យសោះ។
៥. សិក្សាស្វែងយល់ចិត្តគ្នា
ក្រោយពីបានជជែកគ្នាហើយ ត្រូវប្រមើលមើលថាគេអាចចូលចុះនឹងអ្នកឬទេ? គេជាមនុស្សផ្តាច់ការ ឬមានសេចក្តីប្រោសសន្តោស សុភាព ឲ្យកិត្តិយសយើង បើទទួលបានអារម្មណ៍រីករាយក៏ជជែកតទៅទៀត តែបើចាប់ផ្តើមតានតឹងក្នុងចិត្ត គិតថាគេមិនមែនជាលក្ខណៈរបស់មនុស្សប្រុសដែលអ្នកចូលចិត្ត អ្នកត្រូវសុំខ្លួនដើរចេញយ៉ាងសុភាពៗ។
៦. វិធីសាស្ត្រផ្សេងទៀតសម្រាប់ចែចង់មនុស្សប្រុស
***យ៉ាងម៉េចហើយ?… បើរកសង្សារបានដោយវិធីទាំងនេះ កុំភ្លេចអញ្ជើញខ្ញុំញ៉ាំការផងណ៎ា!^^
Posted in គួរយល់ដឹង, អំពីបុរស on ខែមីនា 12, 2010| 5 Comments »
១មនុស្សប្រុសប្រៀបដូចការឃោសនា… សម្តីនោះ ជឿមិនបានទេ!
២មនុស្សប្រុសប្រៀបដូចកាហ្វេ… ដែលល្អបំផុតហើយថ្លៃ មានរសជាតិស្រាលស្រទន់ ជក់ អណ្តាតជាប់មាត់ កក់ក្តៅ គ្រាប់ស្អាតរឹងមាំ និងធ្វើឲ្យអ្នកបញ្ឈរភ្នែកពេញមួយយប់។
៣មនុស្សប្រុសប្រៀបដូចកុំព្យូទ័រ… ពិបាកយល់ហើយ នៅគ្មានមេម៉ូរី(memory)សម្រាប់ផ្ទុកការចងចាំបានគ្រប់គ្រាន់ទៀត។
៤មនុស្សប្រុសប្រៀបដូចទូទឹកកក… ទូទឹកកកដែលពោរពេញទៅដោយស្រាបៀរ ហើយអ្នកក៏អាចផឹកវាបានគ្រប់ពេល។
៥មនុស្សប្រុសប្រៀបដូចម៉ាស៊ីនថតចម្លង… អ្នកត្រូវការឲ្យវាថតចម្លងឯកសារ បង្កើតកូនឯកសាររាប់រយទៀត វាក៏ធ្វើបានតែប៉ុណ្ណេះឯង។
៦មនុស្សប្រុសប្រៀបដូចផ្លែចេក… កាន់តែចាស់ប៉ុណ្ណា កាន់តែទន់ភ្លន់ផ្អែមល្ហែមប៉ុណ្ណោះ។
៧មនុស្សប្រុសប្រៀបដូចគណនេយ្យធនាគារ… បើគ្មានលុយច្រើនគ្រប់គ្រាន់ វាក៏មិនឲ្យការប្រាក់ និង ចំណាប់អារម្មណ៍ពីនរណាឡើយ។
៨មនុស្សប្រុសប្រៀបដូចមួកកង់ប្រណាំង… មានប្រយោជន៍តែក្នុងពេលតានតឹង ឬមិនអ៊ីចឹងក៏មើលទៅដូចជាល្ងីល្ងើពេកហើយ។
៩មនុស្សប្រុសប្រៀបដូចព្យុះទឹកកក… អ្នកនឹងគ្មានពេលដឹងឡើយថា វានឹងមកពេលណា ហើយនៅយូរប៉ុណ្ណា និងមិនថាតែធ្ងន់ធ្ងរដល់ថ្នាក់ណាក៏ដោយ។
១០មនុស្សប្រុសប្រៀបដូចរថយន្តជជុះ… ទាំងងាយស្រួលទិញ តម្លៃថោក តោកយ៉ាក និងជឿទុកចិត្តមិនបាន។
១១មនុស្សប្រុសប្រៀបដូចថ្ងៃឈប់សម្រាក… ទោះឈប់យូរប៉ុណ្ណា ក៏មើលមិនឃើញថាយូរគ្រប់គ្រាន់សម្រាប់ឈប់។
១២មនុស្សប្រុសប្រៀបដូចការធ្វើនយោបាយ… ប្រើពេលវេលាយូរណាស់ទម្រាំតែបានធំធាត់ខ្ពស់មុខខ្ពស់មាត់តាមដែលខ្លួនចង់។
១៣មនុស្សប្រុសប្រៀបដូចស្បែកជើងកែងចោត… ងាយស្រួលក្នុងការប្រើ បើរាងអ្នកនៅខ្ញង់ នៅពាក់វាបាន។
១៤មនុស្សប្រុសប្រៀបដូចជោគជតារាសី… ដែលចាំប្រាប់អ្នកថាគួរធ្វើយ៉ាងណា ហើយក៏ខុសតែរហូត។
១៥មនុស្សប្រុសប្រៀបដូចសភាពទឹកដីភ្លៀងខ្យល់… គ្មានអ្វីអាចមកផ្លាស់ប្រែវាបានទេ។
១៦មនុស្សប្រុសប្រៀបដូចម៉ាស៊ីនទឹកក្រឡុក… អ្នកចង់បានវាទាំងដែលមិនដឹងពីហេតុផលថាត្រូវការដើម្បីអ្វី?
១៧មនុស្សប្រុសប្រៀបដូចស៊ីម៉ងត៍… ក្រោយពីចាក់បូករួចហើយ ក៏ត្រូវរង់ចាំស្ទើរមួយជាតិទម្រាំតែវារឹង។
១៨មនុស្សប្រុសប្រៀបដូចស្ករសូកូឡា… ផ្អែមទន់ជាប់មាត់ ហើយក៏ស្ទុះត្របាក់មកត្រង់ចង្កេះអ្នកតែម្តង។
១៩មនុស្សប្រុសប្រៀបដូចកំទេចដែក… ក្តៅជាប់ជានិច្ចហើយថែមទាំងនៅក្នុងក្បាលរបស់អ្នកជាប់រហូត។
២០មនុស្សប្រុសប្រៀបដូចម៉ាស៊ីនកាត់ស្មៅ… បើអ្នកមិនអូសវាទៅណាមកណាទេ អ្នកប្រាកដជាត្រូវឡើងជិះលើវាហើយ។
២១មនុស្សប្រុសប្រៀបដូចភ្នំភ្លើងផ្ទុះ… សប្បាយក្នុងការមើល តែក៏មិនមែនទាំងអស់ដែរ!
២២មនុស្សប្រុសប្រៀបដូចម៉ាស្ការ៉ា(ថ្នាំលាបរោមភ្នែក)… ពួកវានឹងខ្ទាតខ្ចាយគ្រប់ពេលដែលអ្នកកម្រើក។
២៣មនុស្សប្រុសប្រៀបដូចសំពត់មីនីខ្លី… បើអ្នកមិនប្រយ័ត្នវានឹងរំកិលឡើងបន្តិចម្តងៗទៅលើភ្លៅអ្នក។
២៤មនុស្សប្រុសប្រៀបដូចមីកញ្ចប់… នៅតែក្នុងទឹកក្តៅៗ គ្មានរសជាតិ ថែមទាំងត្រូវការគ្រឿងផ្សំច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
២៥មនុស្សប្រុសប្រៀបដូចកន្លែងចតរថយន្ត… កន្លែងណាល្អៗក៏មានគេចតរួចទៅហើយ កន្លែងដែលនៅសល់ក៏តូចចង្អៀត ឬបើមិនដូច្នោះក៏គ្មានកន្លែងណាគួរឲ្យចាប់អារម្មណ៍សោះឡើយ!
Posted in រឿងហ្គេយ៍ on ខែមីនា 11, 2010| 4 Comments »
[សុរិយេ តួឯកទាំងគួរឲ្យស្រលាញ់ ទាំងរៀនពូកែកាលនៅតួច]
រឿងរបស់ខ្ញុំ បើថាដូចរឿងល្ខោនក៏មិនខុសទេដឹង…? ជារឿងពិតដែលពាក្យថា «មិនអាចទៅរួច» និង «អាចទៅរួច» កើតឡើងទន្ទឹមគ្នា ហើយនៅពេលខ្ញុំនឹកដល់រឿងនេះពេលណា… អារម្មណ៍ពីរដែលខ្ញុំមាន… គឺ… «ស្អប់»… ហើយក៏… «ស្រលាញ់»… នឹងកើតឡើងព្រមៗគ្នា តែមើលទៅអាមួយខាងក្រោយនៀក ដូចជានៅក្នុងខួរក្បាលរបស់ខ្ញុំច្រើនជាង ហើយក៏យូរជាងទៀតផងងងងង… (អិអិអិ ... ^_^ )
ខ្ញុំសូមនិយាយត្រលប់ទៅរកអតីតកាលបន្តិចចុះ… គឺពេលដែលខ្ញុំនៅតូចៗតាមលក្ខណៈផ្ទាល់ខ្លួនរបស់ខ្ញុំ គឺមិនមែនជាក្មេងអាវាសែ ដែលអាចចេញដើរ ឬទៅរត់លេងសប្បាយ ជាមួយមិត្តភក្តិប៉ុន្មានទេ គឺលោកប៉ារបស់ខ្ញុំជាមនុស្សកាចណាស់ ហើយមានរបៀបវិន័យច្រើនទៀត។ ឯខ្ញុំក៏មិនសូវហ៊ានជំទាស់ប្រកែកនឹងដំបូន្មានរបស់គាត់ប៉ុន្មានដែរ ព្រោះខ្លាចត្រូវគាត់ស្តីបន្ទោស ហើយជាពិសេសគឺរំពាត់ផ្តៅខ្មៅរលើបនោះតែម្តង។ នែ៎!… កុំប្រាប់ថាមិនជឿណា… ខ្ញុំស្រាតខោឲ្យមើលគូទក៏បានដែរ នៅមានស្លាកស្នាមទល់ឥឡូវហ្នឹង! (អូយយយ!… ខ្ញុំនិយាយច្រើនជ្រុលទេដឹង នៅមិននៅមកហែកកេរ្តិ៍ខ្លួនឯងឲ្យគេដឹង! ^A^)។ ដោយហេតុនេះហើយទើបខ្ញុំនៅតែក្នុងផ្ទះតាមបញ្ជាគាត់ តែក៏មានពេលខ្លះបានចេញទៅក្រៅដែរ បើមិនទៅទិញរបស់ក៏ចេញទៅពេលព្រលប់ៗ ជាមួយលោកប៉ាដោយគាត់ជាអ្នកបើកម៉ូតូឲ្យខ្ញុំអង្គុយឱបចង្កេះពីក្រោយ។ មិនបានទៅឯណាឆ្ងាយក្រៅពីជិះក្រឡឹងក្នុងភូមិនោះទេ តែក៏ធ្វើឲ្យខ្ញុំបានភ្លើតភ្លើនចិត្តតាមនិស្ស័យកូនក្មេងគ្រប់ពេលដែរ ព្រោះបានចេញទៅឃើញលោកខាងក្រៅ។
ផ្ទះរបស់ខ្ញុំនៅគីឡូលេខ០៦ នៅមិនឆ្ងាយពីរោងចក្រចម្ការកៅស៊ូទេ តែក៏មិនជិតដូចគ្នា ប្រហែលៗ១គីឡូជាងទេដឹង? រូបភាពដែលខ្ញុំចាំបានហាក់ដិតជាប់នៅនឹងភ្នែក ពេលដែលលោកប៉ាទៅអង្គុយញ៉ាំស្រាបៀរនៅក្នុងហាងជាមួយមិត្តភក្តិគាត់ក្បែរភូមិ០៤ ហើយទុកឲ្យខ្ញុំនៅអង្គុយលេងមា្នក់ឯងក្បែរហាង។ នោះគឺរូបភាពរបស់ក្មេងប្រុសម្នាក់ អាយុប្រហែលជាចាស់ជាងខ្ញុំ២ឆ្នាំទេដឹង មើលទៅចរិតកោងកាចបន្តិច ហើយប្រហែលជាបងធំរបស់ក្រុមក្មេងៗ នៅក្នុងភូមិ០៤នោះផងក៏មិនដឹង… ឃើញវាកំពុងអង្គុយលេងជាមួយកូនចៅក្មេងៗរបស់វានោះឯង… តាមដែលមើលឃើញនៅពេលនោះ អាម្នាក់ហ្នុង វាដូចជាមានអំណាចខ្លាំងណាស់ហើយក៏ជាមេគេទៀតផង ឃើញវានិយាយអីក៏អាក្មេងផ្សេងៗទៀត ជឿទាំងអស់។ ចរិតបែបនេះ… ត្រូវម៉ាច់តែម្តង!… ខ្ញុំសូមប្រាប់តាមត្រង់ទៅចុះ… ថាខ្ញុំ «ស្អបបបបប់!!!»… ស្អប់តាំងពីពេលដំបូងដែលឃើញម្ល៉េះ មិនសូវត្រូវរាសីជាមួយវាយ៉ាងម៉េចក៏មិនដឹង! លុះពេលឃើញវាធ្វើឫកក្រអឺត ខ្ញុំក៏ដើរគេចចេញទៅផ្លូវផ្សេង។ កាលណោះអារឿងមុខមាត់ស្អីគេនេះ ខ្ញុំនៅបែងចែកមិនចេញទេ ថាវាពេលនោះមើលទៅសង្ហាប៉ុណ្ណា ក៏ព្រោះនៅជាក្មេងប្រុសតូចមួយនៅឡើយនេះណា… ទើបមិនបានចាប់អារម្មណ៍អីលើវាច្រើន តែក៏ទទួលអារម្មណ៍ថា វាមានមុខមាត់ស្រស់សង្ហាតាំងពីពេលនោះម្ល៉េះ ព្រោះឃើញមានរាងឡូយជាងអាកូនចៅរបស់វាឆ្ងាយណាស់!
យ៉ាងណាៗ ក៏និយាយរំឭករឿងចាស់ឲ្យស្តាប់រួចហើយ តែក៏សុំតបន្តិចទៀតចុះ និយាយពីខ្លួនអាម្នាក់ហ្នុង… វានោះ… រំខានជើងខ្ញុំឲ្យធ្វើការធ្ងន់តាំងពីជួបគ្នាគ្រាដំបូងម្ល៉េះ!… ពេលវាឃើញខ្ញុំទៅមើលពួកវាលេងហើយដើរចេញមកធ្វើព្រងើយៗ វាក៏ស្រែកឡើងមកថា៖
«ហ៊ើយ!… ហ្អែងនៅភូមិណាវ៉ឺយ… យើងមិនធ្លាប់ឃើញមុខសោះ!??»
ខ្ញុំក៏មិនដឹងថាកើតអីពេលនោះ ប្រហែលជាខ្លាចវាទេដឹង នៅសុខៗក៏រត់គេចចេញមក(បើអាចត្រលប់ទៅវិញបាន ខ្ញុំនឹងប្រាប់វាថា… «យើងនៅភូមិ០៦វ៉ឺយ!… ហ្អែងចង់យ៉ាងម៉េច!»… ហាសហាសៗៗ) វាក៏សើចខ្ញុំហើយស្រែកខ្លាំងៗឲ្យខ្ញុំបានឮ ក្នុងលក្ខណៈមួយថាខ្ញុំប្រហែលជាខ្លាចវានិងកូនចៅរបស់វាហើយ… ខ្ញុំពេលនោះខឹងវាខ្លាំងណាស់តែអានិស្ស័យផ្ទាល់ខ្លួននេះ គឺមិនសូវតបតអីនឹងអ្នកណាប៉ុន្មានទេ ក៏ប្រញាប់រត់ចេញទៅព្រងើយៗ ទាំងដែលបានឮថាវាកំពុងសើចចំអកឲ្យខ្ញុំ (មើលមកខ្លួនឯងដូចជាក្មេងទន់ជ្រាយយ៉ាងម៉េចមិនដឹង… ធ្វើម៉េចបើអ្នកផ្ទះអប់រំល្អ… គឺល្អពិតមែនណា មិនមែននិយាយលើកគូទខ្លួនឯងទេ! ^-^;;)។ លុះពេលលោកប៉ាពិសាស្រាបៀររួច ត្រលប់ទៅដល់ផ្ទះ ខ្ញុំក៏គិតតែអារឿងឆ្កួតនេះនៅក្នុងខួរក្បាលរហូត… គឺដូចជាស្អប់អាមុខខ្មោចនោះដល់កហើយ គិតបណ្តើររអ៊ូដាក់ខ្លួនឯងបណ្តើរ…
«អាសាច់កម្មអើយ កុំឲ្យយើងបានជួប ឬបានស្គាល់ឯង ក្នុងជាតិនេះឲ្យសោះ!» រូបភាពនិងសំឡេងដែលវាថាឲ្យខ្ញុំ នៅរុកកួនរំខានខួរក្បាលខ្ញុំមិនយូរប៉ុន្មាន ក៏រលុបរលាយទៅតាមធម្មជាតិរបស់ក្មេងដែលមានគំនិតភ្លឺថា្ល… រហូតពេលវេលាកន្លងមក៧ឆ្នាំ ដែលពេលនេះខ្ញុំមានអាយុ១៣ឆ្នាំកំពុងរៀននៅថ្នាក់ទី៨ គ្រោះអាក្រក់ក៏មកតាមលងបន្លាចខ្ញុំម្តងទៀត… ហ៊ឹះ!… ថែមទាំងលងសាហាវទៀតផង…! TwT
*យ៉ាងម៉េចដែរវគ្គទី១? … រង់ចាំដល់វគ្គ២ តួឯកដ៏ឈ្លើយតែសង្ហា នឹងបង្ហាញរូបរាងហើយ! កិកិកិ…
Posted in រូបភាពប្រចាំថ្ងៃ, រឿងហ្គេយ៍ on ខែមីនា 8, 2010| 64 Comments »
ថ្ងៃនេះរឿងនេះក៏ត្រូវបានបញ្ចប់ តែទោះបីជាចប់ សង្ឃឹមថាប្រិយមិត្តគ្រប់រូបនឹងចងចាំអ្នកទាំងពីរទុកក្នុងដួងចិត្ត… គេគឺសន្សើមនិងរាត្រី!
ដំបូងក៏សូមអភ័យទោសចំពោះមិត្តអ្នកអានសិនដែរ
ដោយសាររឿងនេះត្រូវបញ្ចូនទៅឲ្យរោងពុម្ពពិចារណា
ដូច្នេះបើប្រិយមិត្តណានៅមិនទាន់បានអានចប់ទេ ក៏អាចអ៊ីមែលមកសុំបាន
ដោយសរសេរអ៊ីមែលរបស់លោកអ្នកដាក់នៅក្នុងប្រអប់មតិយោបល់
បន្ទាប់ពីនោះខ្ញុំនឹងផ្ញើភាគបញ្ចប់ទៅឲ្យភ្លាម
តែត្រូវប្រញាប់បន្តិច ព្រោះចំនួនមានកំណត់!
ខាងក្រោមនេះគឺជាស្រមោលអតីតកាល សម្រាប់រឿងរ៉ាវស្នេហារបស់បុរសពីរនាក់នេះ…
[ខ្ញុំធ្លាប់គិតថា សើនបញ្ចាំងភ្លើងមួយនេះហើយ ជាទីកន្លែងចុងក្រោយរបស់ខ្ញុំ… តែ«គេ» មានឥទ្ធិពលអ្វី ទើបធ្វើឲ្យខ្ញុំផ្លាស់ប្តូរគំនិតនេះវិញ?]
[ទឹកមុខគេនៅតែមាំជាប់ជានិច្ចស្ទើរតែរកស្នាមញញឹមគ្មាន តែភាពនឹងធឹងរបស់គេនេះហាក់ដូចជាបានផ្តល់ភាពកក់ក្តៅដល់ខ្ញុំយ៉ាងចម្លែកក្នុងរាត្រីដំបូងដែលខ្ញុំបានជួបគេ]
[ក្នុងរាត្រីនោះគេសម្លឹងខ្ញុំដោយកែវភ្នែកយ៉ាងចម្លែក ដែលធ្វើឲ្យបេះដូងខ្ញុំញ័ររញ្ជួយរហូតភ្លេចខ្លួនទៅហើយថាខ្ញុំទើបតែជួបគេក្នុងថ្ងៃនេះ!]
[ចាំទេ? …នេះគឺជាថ្ងៃដែលលោកសន្សើមណែនាំខ្ញុំឲ្យនាងតូចអេម៉ាបានស្គាល់!]
[សន្សើម! …លោកដឹងទេ ថាខ្ញុំស្រឡាញ់លោកខ្លាំងប៉ុណ្ណា?]
[ថ្ងៃដែលយើងសើចរីករាយជាមួយគ្នា ពេលឃើញកុមារសាន់តាខ្លូសរាំលេងតាមសួនសាធារណៈ]
[«សន្សើម! បើលោកទៅរាំលេងជាមួយក្មេងៗទាំងនោះ ប្រហែលជាសប្បាយហើយ…»]
[«ឆ្កួត!… ឯងគិតថាខ្ញុំជាមនុស្សបែបណា?»]
[«ហាស! ហាស! ហា… លោកអៀនអី? ទៅ! ទៅរាំ… នឹងអាលខ្ញុំបានចូលរាំដែរ!»]
[ដរាបណាមានខ្ញុំនៅក្បែរឯង ខ្ញុំមិនឲ្យឯងដាច់ពោះស្លាប់ទេ!]
[តែ… ព្រោះនារីម្នាក់នេះឬ ដែលខ្ញុំត្រូវឃ្លាតពីលោក?]
[ព្រោះថ្ងៃនោះ ថ្ងៃដែលដានីរុញខ្ញុំឲ្យចូលឡាន.. ថ្ងៃដែលខ្ញុំត្រូវទទួលកម្មពៀរពីការបរិច្ចាគឈាមរបស់មនុស្សម្នាក់… ហើយព្រោះថ្ងៃនោះ ទើបថ្ងៃស្អែក… ខ្ញុំត្រូវបែកពីលោក]
[ជឿទេ… មនុស្សដែលពូកែអៀនដូចគេ ត្រលប់ជាហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឲ្យខ្ញុំសប្បាយចិត្ត]
[នៅពេលដែលខ្ញុំត្រូវឃ្លាតទៅ តើលោកនៅតែញញឹមបែបនេះទៀតទេ?]
[ចង់ឃើញលោកញញឹមបែបនេះរហូតទៅ ទោះបីថ្ងៃស្អែកខ្ញុំត្រូវឃ្លាតពីលោកក៏ដោយ…]
[ពេលនេះសល់តែវីតប៊ីខាស្ទើលប៉ុណ្ណោះ ដែលនៅឈរកណ្តោចកណ្តែងម្នាក់ឯង]
[ចំណែកសើនបំភ្លឺភ្លើងកាប់តាន់ជែមស៍គុក ក៏ស្ថិតក្នុងសភាពអណ្តែតអណ្តូងដូចគ្នា]