ខ្ញុំបាទ គឺជាអ្នកនិយមអាន និង តាមដានគ្រប់ការផ្សាយរបស់ ប្លក់ «សួនសុបិន» ជានិច្ច។ ខ្ញុំបាទមានបញ្ហាផ្ទាល់ខ្លួន ចង់សំណូមពរឲ្យ បងសុបិន ជួយដាក់ផ្សាយអត្ថបទរបស់ខ្ញុំបាទផង ដើម្បីឲ្យប្រិយមិត្តអ្នកអានជួយបញ្ចេញជាមតិយោបល់។
ខ្ញុំបាទមានអាយុ២២ឆ្នាំ ជាយុវជនម្នាក់ដែលមានរាងកាយ និងលក្ខណៈសម្បត្តិជាមនុស្សប្រុសសុទ្ធសាធ និងមានរូបសម្បត្តិសមរម្យ។ ប៉ុន្តែខ្ញុំបាទធ្លាប់មានសង្សារជាមនុស្សប្រុសដូចគ្នា តែពួកយើងមិនដែលខ្វល់ពីបញ្ហានេះទេ។ ពួកយើងស្រលាញ់គ្នាខ្លាំងណាស់។ គេជាដៃគូដំបូងរបស់ខ្ញុំ ហើយខ្ញុំបាទមានស្នេហាយ៉ាងបរិសុទ្ធចំពោះគេ។ ខ្ញុំបាទស្រលាញ់គេខ្លាំងណាស់ ព្រោះគេមានចំណុចគ្រប់យ៉ាងដែលខ្ញុំត្រូវការ មានចិត្តល្អ សុភាព មានរូបសម្បត្តិស្រស់ស្អាត រៀនពូកែ ជាមនុស្សស្រលាញ់ក្រុមគ្រួសារ និងជាមនុស្សស្ងៀមស្ងាត់ និងមានមនោសញ្ចេតនា។
តែឥឡូវនេះពួកយើងបានបែកគ្នាហើយ ព្រោះដោយការស្រលាញ់ម្តាយ និងក្រុមគ្រួសារដែលខំថែរក្សាគេ ហើយគេមិនចង់ធ្វើឲ្យពួកគាត់ខុសបំណង។ ថ្ងៃមួយគេបានហៅខ្ញុំចូលទៅអង្គុយក្នុងរថយន្តរបស់គេ ហើយគេបានប្រាប់ខ្ញុំថា គេចង់ធ្វើជាមនុស្សប្រុសពេញលក្ខណៈធម្មតា។ ចាប់ពីពេលនោះមកខ្ញុំមិនដែលបានជួបគេទៀតទេ ព្រោះគេប្រាប់ខ្ញុំថាគេត្រូវទៅឆ្ងាយ។ ចិត្តខ្ញុំនៅតែស្រលាញ់គេ ចង់នៅក្បែរគេ។ នៅពេលដែលពួកយើងនៅជាមួយគ្នា ពួកយើងបានសាងអនុស្សាវរីយ៍ដ៏ល្អជាច្រើនរាប់មិនអស់។
ដូច្នេះ បើមិត្តអ្នកអានដែលអានអត្ថបទរបស់ខ្ញុំ ហើយចង់ជួយដោះស្រាយបញ្ហាខ្ញុំ សូមមេត្តាជួយបញ្ចេញមតិយោបល់នៅលើទំព័រនេះផង។ ខ្ញុំផ្ទាល់មិនហ៊ានប្រាប់ឈ្មោះ ឬផ្តល់អ៊ីមែលជូនបានទេ សូមអភ័យទោស។ ដោយសេចក្តីគោរព និង សូមអរគុណ!!