
អត្ថបទនេះសរសេរឡើង គឺកើតចេញពីចិត្តនិងអារម្មណ៍ស្មុគស្មាញ ហើយគ្រាន់តែចង់បញ្ចេញនូវកង្វល់និងចម្ងល់ខ្លះតែប៉ុណ្ណោះ។
ជីវិត? ពាក្យនេះស្តាប់ទៅសាមញ្ញ តែធាតុពិតវាពោរពេញដោយភាពល្វីងជូរចត់ លំបាក ការតស៊ូ រីករាយ ទុក្ខព្រួយ និង កម្មពៀរ។ មនុស្សកើតមកសុទ្ធតែមានកម្ម ចុះហេតុអ្វីចំពោះខ្ញុំត្រូវស្ពាយកម្មនេះពីកំណើត? កម្មនេះមិនសំដៅលើកាយសម្បទានោះទេ តែវាសំដៅលើអារម្មណ៍ គឺអារម្មណ៍ស្រលាញ់ភេទដូចគ្នា។ ហេតុអ្វី?
ពាក្យថា «ពេញវ័យ» គឺបង្ហាញនូវតម្រូវការផ្សេងទៀតសម្រាប់ជីវិត។ ការចង់ដឹង ចង់ឮ ចង់សាក បានបញ្ឆេះជំរុញយុវវ័យឲ្យទាមទារស្វែងរកឲ្យស្គាល់នូវ «ស្នេហា» ទោះបីដឹងថាវាជាបិសាច វាជាថ្នាំពុល ហើយលទ្ធផលចុងក្រោយរបស់ស្នេហា គឺពាក្យថា «ឈឺចាប់» ក៏ដោយ។ ជាក់ស្តែងណាស់ដែលថា ស្នេហាជាការងាររបស់អ្នក ដែលគ្មានការងារធ្វើ។ ចុះហេតុអ្វី ខ្ញុំ និង អ្នករាល់គ្នាត្រូវការវា? ពិតណាស់ ព្រោះវាជាតម្រូវការយុវវ័យ។ តើស្នេហាភេទដូចគ្នាយ៉ាងម៉េចដែរ? គឺដូចស្នេហាទូទៅ គឺទាមទារភាពស្មោះត្រង់ ការទុកចិត្ត ការយល់ចិត្ត និងសេចក្តីស្រលាញ់ ទោះដឹងថាមិនអាចរស់នៅជាមួយគ្នាជាប្តីប្រពន្ធក៏ដោយ។ អ្វីដែលបញ្ជាក់កាន់តែខ្លាំងក្នុងអត្ថន័យស្នេហា គឺភាពប្រចណ្ឌ។ ដោយសារតែស្រលាញ់ទើបប្រចណ្ឌ។
ធម្មជាតិបង្កើតសត្វត្រី នោះត្រូវតែមានទឹក។ តួយ៉ាងធម្មជាតិបង្កើតរូបខ្ញុំស្រលាញ់ភេទដូចគ្នាវាតែងតែផ្តល់នូវអ្វីមួយសម្រាប់ខ្ញុំវិញ។ «សង្សារ» ខ្ញុំព្យាយាមទាមទារ និងទទួលយកដោយដៃទាំងពីរ ទោះពុំដឹងថា ខ្លួនឯងកំពុងចាប់កាន់អ្វី ធ្វើអ្វី? គឺគ្រាន់តែដឹងថា វាជាតម្រូវការមួយផ្នែករបស់ខ្ញុំ។ ពេលនោះវាជាក់ច្បាស់ណាស់ថា ខ្ញុំចាប់កាន់នូវភាពឈឺចាប់។ «ខ្ញុំមានសង្សារហើយ» ឃ្លានេះដិតជាប់ក្នុងចិត្ត និងទន្ទេញរាល់ពេលព្រោះវាធ្វើឲ្យខ្ញុំសប្បាយចិត្ត គឺសប្បាយណាស់ និងផ្តល់ឲ្យខ្ញុំនូវភាពកក់ក្តៅ ប៉ុន្តែគួរឲ្យស្តាយវាកើតឡើងមួយប៉ប្រិចភ្នែកហើយក៏បាត់បង់ទៅវិញ។ វាបន្សល់នូវស្លាកស្នាមនៃការឈឺចាប់និងទឹកភ្នែក។ ទោះជាស្រលាញ់ភេទដូចគ្នា ក៏ត្រូវការស្នេហាស្មោះដែរ ១ឆ្នាំ ២ឆ្នាំ ឬច្រើនជាងនេះ។ កាន់តែឈឺចាប់ទៅទៀត នៅពេលនឹកឃើញនូវអ្វីដែលគេនិយាយ «តើការដេកជាមួយគ្នារបស់យើងទាំងពីរនាក់ជាតម្រូវការ ឬអ្វី!!» តើសង្សារគួរនិយាយបែបនេះមែនទេ?
អ្នកខ្លះនិយាយថា វាមិនខាតបង់អ្វីទេ គ្រាន់តែដេកជាមួយគ្នា គឺសប្បាយទាំងអស់គ្នាតើ! ខ្ញុំដឹង ចំពោះខ្ញុំវាមិនមែនជាតម្រូវការទេ តែគឺខ្ញុំធ្វើដោយក្តីស្រលាញ់ និងការពេញចិត្ត។ ពេលខ្លះខ្ញុំធ្វើអ្វីឆ្កួតៗក៏ព្រោះតែសង្សារ។ វាពិតជាមានឥទ្ធិពលធំធេងណាស់។
ជាបញ្ចប់ខ្ញុំគ្រាន់តែចង់ឲ្យអ្នករាល់គ្នារស់នៅក្នុងសង្គមមួយនេះ បើកចិត្តឲ្យទូលាយ និងយល់ពីតម្លៃស្នេហាភេទដូចគ្នា៕
Read Full Post »