Feeds:
ប្រកាស
មតិ

Archive for the ‘ជីវិត​និង​សង្គម’ Category

ចាប់ពីថ្ងៃនេះតទៅ គិតធ្វើរឿងដែលមានប្រយោជន៍​ ដោយនិពន្ធអ្វីទាក់ទង​នឹង​ក្តីស្រឡាញ់ និងការពិតដែលខ្ញុំបានជួបប្រទះអោយបានច្រើន។

ថ្ងៃនេះចង់សរសេរពីការណាត់ជួប ពីម្សិលមិញនៅ អមរាស្ប៉ា​ និង ភោជនីយដ្ឋាន។ មនស្សដែលខ្ញុំជួបនោះ គឺដោយចៃដន្យតាមប្រព័ន្ធទំនាក់ទំនងសង្គមឈ្មោះថា Grindr ខ្ញុំ​ទើប​តែ​ចូលជាសមាជិកបានប្រហែល5ខែប៉ុណ្ណោះ តែមិនសូវសកម្មទេ ព្រោះមិនដែលគិតថា អាចជួបស្នេហ៍​ពិត និង​ មនុស្សល្អ តាម​រយៈ​ប្រពន្ធ័នេះទេ។ គិតទៅប្រព័ន្ធនេះល្អម្យ៉ាងដែរ​ ព្រោះមនុស្សដែលចូលក្នុងនោះ ជាមនុស្ស​ស្ថិត​ក្នុងអាយុដែលខ្ញុំត្រូវការ ​និង​ ស្អាតៗទៀតផង តែចរិកវាយ​ឫកខ្ពស់បន្តិច បែបនេះហើយដែលខ្ញុំមិនចូលចិត្ត។ Romeo រាងគ្រាន់បើ តែដូចមិនចូលចិត្តព្រោះចម្រុះ​ពេក ហើយច្រើនជាជនសាមញ្ញ ពេលខ្លះក៏ជាអ្នកបោកប្រាស់ដែរ។

អេ! និយាយរឿងណាត់ជួបតើ​ ម៉េចបែកអូរហូរដូចស្ទឹងវែងឆ្ងាយម្ល៉េះ​។ ខ្ញុំបាននិយាយ​ជា​មួយ​គេពីរបីដង តែយើងមិនដែលឲ្យ​រូបថតទៅគ្នាទៅវិញទៅមកទេ ព្រោះវាជា​ទម្លាប់​ខ្ញុំទៅហើយ។ ពួកដែលទៅទីនោះ គឺទៅរកការរួមភេទមិនមែនរកស្នេហ៍​ពិតទេ ដូច្នេះខ្ញុំមិន​ឲ្យ​មើលទេ ម្យ៉ាងខ្ញុំមានការងារធំដុំបែបវិជ្ជា​ជីវៈ​ដែលមិនអាច​ឲ្យ​មើលបាន។ គេប្រាប់ថា ឈ្មោះ​ ឌែន។ គេមើលទៅក្មេងជាងខ្ញុំបែប៤ទៅ៥ឆ្នាំហ្នឹង តែគេបែបវាយឫកខ្ពស់តិច។ ខ្ញុំបាន​ឲ្យ​លេខទូរស័ព្ទទៅគេ តែមិនមែនលេខ០១២ទេ គឺលេខស្មាតដែលខ្ញុំកម្រប្រើ ហើយយុវវ័យចូលចិត្ត។

គេណាត់ជួបខ្ញុំនៅ ទីតានិច ក្រោយមកគេក៏ដូរទៅរកកន្លែងផ្សេងវិញគឺ អមរា។ ហាងនេះខ្ញុំមិនដែលចូលមែន តែខ្ញុំស្គាល់តាទាំងអស់ហ្នឹង ព្រោះខ្ញុំជើងដើរច្រើន។ គេប្រាប់ខ្ញុំ​ថាគេធ្វើការនៅក្បែរៗនេះ តែខ្ញុំឆ្លាតទាយដឹងថាគេធ្វើនៅធនាគារ គេមិនចង់ប្រាប់ទេ តែខ្ញុំដឹង។ គេបែបជាកូនអ្នកមានព្រោះ មានអង្គរក្សចាំបើកឡាន​ឲ្យ​ ស្រួលមិនស្រួលក៏ជាកូនធនាគារដ៏ធំខ្ពស់ជាងនៅភ្នំពេញនេះក៏ថាបាន​។ គេមិនទៅអន់អីទេ តែមិនមែនជាមនុស្សដែលខ្ញុំចូលចិត្តទេ ចូលចិត្តស្នាមញញឹមគេ តែមិនចូលចិត្តឫកពារគេ។ គេមិនមែនជាមនុស្សដែលខ្ញុំចូលចិត្តទេ ព្រោះមិនសាមញ្ញ មិនរីករាយ វាយឫកអត់comfortable with other surround by។

មិនយូរប៉ុន្មាន ខ្ញុំបានកម្មង់ទឹកក្រ​ឡុកស្វាយ និង ផៃសិន ជាអ្វីដែលខ្ញុំចូលចិត្តតាម​ទម្លាប់​។ គេហូបគួង។ និយាយចុះនិយាយឡើង គេដឹងពីការងារខ្ញុំ តែខ្ញុំប្រាប់មិនអស់ទេ ព្រោះនេះជាលើកដំបូង ហើយគេមិនមែនជាមនុស្សដែលខ្ញុំតាមរកផង។ គ្មានថ្ងៃគេដឹងថាខ្ញុំធ្វើអីទេខ្ញុំគិត។ អ្វីដែលខ្ញុំមិនចូលចិត្តពីគេ គឺគេមើលងាយអ្នកក្រមែនទែន។ នេះធ្វើឲ្យ​ខ្ញុំខឹងបំផុត ទោះបីគេមានក៏មិនគួរធ្វើបែបនោះដែរ។ ខ្ញុំបានព្យាយាមសងទៅគេវិញ ព្រោះចរិកខ្ញុំក៏មិនអន់​ដែរ ហើយគ្មានអីទៅខ្លាចគេផង លុយខ្ញុំ​ក៏មាន សមត្ថ​ភាពខ្ញុំក៏ពូកែជាងគេទៀត​ផង។ ខ្ញុំគិតថា​គេបើមិនមានប៉ាម៉ាក់ជួយគេ ក៏គ្មានការងារនិងអ្វីៗទាំងអស់ដែរ​។ អង្គុយមិនយូរប៉ុន្មាន មានគ្រួសារម៉ាក្រុមដើរមក ខ្ញុំឃើញគេមានអារម្មណ៍​មិនស្រួល នៅមិនសុខ។ ខ្ញុំសួរគេ គេថាមិនអី​ទេ​ ជួបមនុស្សមិនចង់ជួប។ តែខ្ញុំគិតថាប្រហែលជាសាច់ញាតិគេហើយ ដែលមកតាមដានគេ តែខ្ញុំមិនខ្វល់ទេ ព្រោះខ្ញុំមិនចូលចិត្តនៅក្បែរអ្នកមានអារម្មណ៍​ not comfortable to talk with។ ក្រោយមកយើងក៏គិតលុយ ហើយគេចង់ប៉ាវ​ឲ្យ​ខ្ញុំ តែខ្ញុំថាអត់​ទេ ព្រោះខ្ញុំក៏មានលុយដែរ​ ហើយវាជាទម្លាប់​របស់ខ្ញុំ ផង។

គិតទៅ នេះជាការណាត់ជួប៥ដងហើយ តាមរយៈ​ប្រព័ន្ធទាក់​ទង​សង្គម។ មិនដឹងថា ខ្ញុំត្រូវធ្វើអ៊ីចឹងដល់ពេលណាទេ។ បែបចង់ឈប់សង្ឃឹមដែរ តែចេះតែចង់ផ្តល់ឱកាស​ឲ្យ​​ខ្លួនឯង កើតជាមនុស្ស។ ពិបាកមែន​ហ្ន៎ មនុស្សល្អស្រុកខ្មែរ បែបមិនមានទេមើលទៅនោះ​!

(by: billy/ Facebook: phnom penh)

Read Full Post »

ខ្ញុំ​ផ្ទាល់​ក៏​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​អ្វី​ដែរ​ ឬ​មួយ​ខ្ញុំ​ជា​ហ្គេយ៍​? ការ​ពិត​ខ្ញុំ​និង​មិត្ត​រាប់​​អាន​គ្នា​យូរ​មក​ហើយ​ តែ​មក​ដល់​ថ្ងៃ​មួយ​មិត្ត​ភាព​របស់​យើង​ក៏​ប្រែ​ប្រួល​… ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំ​ស្រលាញ់​គេ​!

          យើង​ចាប់​ផ្តើម​ទៅ​ដើរ​លេង​ជាមួយ​គ្នា កាន់​តែ​ញឹក​ញាប់។​ និយាយ​ទៅគេ​ក៏​ធ្លាប់​មាន​សង្សារ​ជា​មនុស្ស​​ប្រុស​ដែរ​។ ប៉ុន្តែ​ពេល​នេះ ​គេ​កំពុង​ទាក់​ទង​ជាមួយ​មនុស្ស​ស្រីម្នាក់​ ហើយ​ចៃ​ដន្យ​​អី​មនុស្ស​ស្រី​ម្នាក់​នោះ​គឺ​ជា​មិត្ត​របស់​ខ្ញុំ​។ ហេតុ​ដូច្នេះ​ ទើប​ខ្ញុំ​​ស្គាល់​អ្វី​ៗ​ពី​គេ​ច្រើន​យ៉ាងទៀត ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​។ ខ្ញុំ​និង​គេ​ធ្លាប់​មាន​អី​ៗ​នឹង​គ្នា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​។ ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ដូច​គ្នា តើ​គេ​ជា​អ្វី​ឲ្យ​ប្រាកដ​? គេ​ត្រូវ​ការ​អី​ទើប​មក​ទាក់​ទង​ខ្ញុំ​បែប​នេះ?

          ពេល​ខ្លះ​គេក៏​ហួង​ហែង​ខ្ញុំ​ មិន​ចង់​ឲ្យ​ខ្ញុំ​ទៅ​ពាក់​ព័ន្ធ​ជាមួយ​នឹង​នរណា តែ​ពេល​ខ្លះ​ក៏​ធ្វើ​ជា​មិន​រវីរវល់​នឹង​ខ្ញុំ​​។ ខ្ញុំ​ធ្លាប់​សួរ​គេ​ថា តើ​គេ​ជ្រើស​រើស​យក​នរណា​រវាង​ខ្ញុំ​ និង​នារី​ម្នាក់​នោះ? តែ​គេ​មិន​ឆ្លើយ​បាន​តែ​ប្រាប់​ថា គេ​careខ្ញុំ​​ខ្លាំង​ណាស់ ខ្លាំង​ជា​ង​​​នរណា​ៗ​ទាំង​អស់​​។ ខ្ញុំ​ដឹង​ថា​គេ​មិ​នឆ្លើយ​ព្រោះ​ខ្លា​ច​ខ្ញុំ​ខូចចិត្ត។​ តែ​ខ្ញុំ​ក៏​មិន​ខ្វល់​ដែរ​​ មិន​ថា​គេ​គិត​ជាមួយ​ខ្ញុំ​យ៉ាងណា ក៏​ខ្ញុំ​​នៅ​តែ​ស្រលាញ់​គេ​តទៅទៀត​។ ឃើញ​ទេ? ថា​ស្នេហា​ធ្វើ​​ឲ្យ​​មនុស្ស​ភ្នែក​ខ្វាក់​ពិត​មែន។

          ជួន​កាល​គេ​​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​មិន​សូវ​ល្អ។​​ ឬ​មួយ​គេ​កំពុង​បោក​ប្រាស់​ខ្ញុំ​? ព្រោះ​ពេល​ដែល​គេ​ចង់​បាន​អ្វី​ក៏​ខ្ញុំ​ទិញ​ឲ្យ​គ្រប់​ពេល​។ ប៉ុន្តែ​ឋានៈ​ខ្ញុំ​និង​គេ​ក៏​គ្មាន​​អី​ខុស​គ្នា​​ដែរ​។ គេ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា បើ​មាន​សង្សារ​ថ្មី​​ឲ្យ​រក​មនុស្ស​ដែល​មាន​ឋានៈ​ស្មើ​គ្នា​ ឬ​ខ្ពស់​ជាង​ ទើប​មិន​ត្រូវ​គេ​បោក​។ ចុះ​អ្វី​​ដែល​គេ​កំពុង​ធ្វើ​នេះ​ជា​អ្វី​ទៅវិញ? ​ខ្ញុំ​មិន​យល់​ទេ! ម្យ៉ាង​ខ្ញុំ​ក៏​មិន​ដែល​ឮ​ពាក្យ​ស្រលាញ់​ចេញ​ពី​មាត់​គេ​ដែរ​ សូម្បី​តែ​ម្តង​។

          ខ្ញុំ​ធ្លាប់​សួរ​គេ​ថា គិត​ជាមួយ​ខ្ញុំ​បែប​ណា? តែ​គេ​ក៏​មិន​ឆ្លើយ​ទៀត​ដូច​ទម្លាប់​ ហើយ​ពេល​វេលា​បាន​​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា គេ​ប្រហែល​ជា​មិន​បាន​គិត​អ្វី​ជាមួយ​ខ្ញុំ​លើស​ពី​មិត្ត​ភក្តិ​​ទេ។ ទី​បំផុត​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ប្រាប់​គេ​ថា យើង​ត្រលប់​មក​ធ្វើ​​ជា​មិត្ត​នឹង​គ្នា​ដូច​ដើម​ល្អ​ជាង ទោះ​យ៉ាង​ណា​ក៏​យើង​នៅ​តែ​និយាយ​គ្នា​បាន​ដែរ​។ តែ​គេ​បែរ​ជា​ឆ្លើយ​មក​ថា បើ​ជាមិត្ត​នឹង​គ្នា​ដដែល​ មិន​បាច់​មក​និយាយ​គ្នា​ទេ​ ហើយ​ក៏​មិន​បាច់​មក​​ជួប​មុខ​គ្នា​​ដែរ​។

          រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ក៏​​នៅ​តែ​ស្រលាញ់​គេ។​ ខ្ញុំ​ទូរស័ព្ទ​រក​គេ​រាល់​ថ្ងៃ​ តែ​គេ​បិទ​​ទូរស័ព្ទ​ រហូត​ ហើយ​គេ​ក៏​មិន​ដែ​រ​ទូរស័ព្ទ​មក​ខ្ញុំ​ដែរ តាំង​ពី​ថ្ងៃ​ដែល​យើង​បែក​គ្នា។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ស៊ើប​ដំណឹង​ពី​គេ​មិ​នដែល​លស់​ពេល​ណា​ទេ។

          P.S. : ខ្ញុំ​នៅ​តែ​ស្រលាញ់​អ្នក​គ្រប់​ពេល​វេលា​ ទោះ​បី​ជា​​មិន​អាច​ទៅ​រួច​ក៏​ដោយ​…

Read Full Post »

  • រាត្រីទីមួយ

          យើង​ស្គាល់​គ្នា​តាម​អ៊ីមែល​​។ ពេល​​​យើង​ជួប​គ្នា​ផ្ទាល់​ អ្វី​ៗ​ក៏​មិន​បាន​ប្រែ​ប្រួល​។​ ថ្ងៃ​ដែល​យើង​​ជួប​គ្នា​ដំបូង​ ជា​រាត្រី​ដំបូង​ដែល​យើង​ដេក​ជាមួយ​គ្នា​​ តែ​យើង​មិន​បាន​ធ្វើ​អី​ទេ។ យើង​និយាយ​គ្នា​ទល់​​ភ្លឺ។ អូន​សុំ​ឱប​បង តែ​មិន​ឲ្យ​បង​គិត​ថា​អូន​ជា​ហ្គេយ៍​។ បង​ងក់​ក្បាល​ទទួល​ដោយ​បេះ​ដូង​ញាប់​ញ័រ​។ បង​ផ្ទាល់​ ក៏​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​លើស​លស់​ពី​នេះ​ដែរ។ បង​ខ្លាច​… ខ្លាច​ក្រោយ​ពេល​ហេតុ​ការណ៍​នោះ​កើត​ឡើង​ អ្វី​ៗ​នឹង​ប្រែ​ប្រួល​។

          អូន​ប្រាប់​ថា​ អូន​ចង់​បាន​ភាព​កក់​ក្តៅពី​បង​ អូន​កំព្រា​តាំង​ពី​តូច​ អូន​ខ្វះ​ភាព​កក់​ក្តៅពី​ពុក​ម៉ែ​ អូន​ខ្វះ​ភាព​កក់​ក្តៅ​ពី​បង​ប្រុស​ អូន​ត្រូវ​ការ​បង​ជា​បង​ប្រុស​។ បង​យល់​ចិត្ត​អូន​ បង​ដាក់​អូន​ឲ្យ​គេង​កើយ​ទ្រូង​បង ដៃ​ស្តាំ​បង​ឱប​ស្មា​អូនយ៉ាង​ណែន​​។ ពេល​នោះ​បង​ទទួល​អារម្មណ៍​ថា​មាន​សេចក្តី​សុខ​ លើ​ស​​​ពេល​ណា​​ៗ​ទាំង​អស់​ក្នុង​ជីវិត​។ បាន​ផ្តល់​ភាព​កក់​ក្តៅ​ដល់​មនុស្ស​ដែលខ្លួន​ស្រលាញ់​ និង​ទទួល​ភាព​កក់​ក្តៅ​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​វិញ​។

          យូរ​ៗ​ម្តង​ អូន​លោ​មក​ថើប​ថ្ពាល់​បង។ អូន​ប្រាប់​ថា​ អូន​ចង់​ដឹង​ ថា​វា​មាន​រស​ជាតិ​បែប​ណា​ ព្រោះ​មិន​ដែល​ថើប ពិសេស​បុរស​ដូច​គ្នា តែ​សុំ​កុំ​គិត​ថា​អូន​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ឲ្យ​សោះ។ បង​មិន​ចង់​គិត​ ទោះ​បី​ជា​ខួរ​ក្បាល​បាន​គិត​ទៅ​ហើយ… គិត​ ដឹង​ យល់​ តាំង​ពី​ជួប​គ្នា​លើក​ដំបូង​តាម​អ៊ីម៉ែល។ តែ​បង​ក៏​មិន​នឹក​ស្មាន​​​ថា អូន​ជា​មនុស្ស​ផ្អែម​ល្ហែម​ និង​រ៉ូមែន​ទិ​ក​បែប​នេះសោះ​។ យូរ​ៗ​ម្តង​ បង​ក៏​លោ​ទៅ​ថើប​អូន​វិញ​ តែ​ថើប​ដោយ​ភាព​ញាប់​ញ័រ។ បង​ផ្ទាល់​ក៏​មិន​ចង់​ឲ្យ​អូន​គិត​ ថា​បង​ជា​ហ្គេយ៍       ​ដែរ​។

          យប់​នោះ​យើង​នៅ​ជាមួយ​គ្នា​ទល់​ភ្លឺ។ ថ្វី​បើ​យើង​មិន​បាន​ធ្វើ​អ្វី​គ្នា​ តែ​នោះ​រាប់​ទុក​ថា​ជា​សេចក្តី​សុខ​ នៃ​រាត្រី​ដំបូង​ដែល​យើង​ស្គាល់​គ្នា។ ជា​សេចក្តីសុខ​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​កក់​ក្តៅ​ ជា​ស្នេហា​ដែល​ស្អាត​ស្អំ ប្រើ​អារម្មណ៍​​សាស័ព្ទ​ភាសា​ស្នេហា​ ​មិន​ប្រើ​តណ្ហា​ជា​ត្រី​មុខ​។ បើ​មាន​ឱកាស​ បង​ពិត​ជា​ចង់​រួម​រស់​ជាមួយ​អូន​បែប​នោះ​ម្តង​ទៀត…

  • រាត្រីទីពីរ

          បង​មិន​ចង់​គិត​ តែ​អារម្មណ៍​បាន​ដឹក​នាំ​បង​ឲ្យ​គិត​រួច​ទៅ​ហើយ​។ បង​ពិត​ជា​មិន​ចង់​ឲ្យ​ទំនាក់​ទំនង​យើង​ លើស​ពី​អ្វី​ដែល​ហៅ​ថា​បង​ប្អូន​នោះ​ទេ។ តែ​រឿង​របស់​អារម្មណ៍​ ​រឿង​របស់​មនោសញ្ចេតនា​ រឿង​របស់​ភាសា​បេះ​ដូង​…​ តើ​នរណា​អាច​ឃាត់​បាន​?

          យើង​ទាំង​ពីរ​គេង​បែរ​មុខ​​រក​គ្នា។ បង​ឱប​អូន​ ឱប​ខ្លាំង​ណាស់​ ឱប​ស្ទើរ​តែ​បាក់​ឆ្អឹង… ព្រោះ​អី? ព្រោះ​ស្រលាញ់​! បេះ​ដូង​បង​វា​ឆ្លើយ​ប្រាប់​បែប​នេះ។ អូន​ឱប​តប​ត​វិញ​។ អូន​រុល​​មក​ក្រោម​ក​បង អូន​ថើប​កញ្ចឹង​ក​បង។ អារម្មណ៍​របស់​យើង​ពេល​នោះ​កំពុង​ពុះ​កញ្ជ្រោល​រក​គ្នា។ បង​មិន​ដឹង​ថា​ អារម្មណ៍​របស់​អូន​ជា​អារម្មណ៍​អ្វី? តណ្ហា ឬ​ស្នេហា? តែ​សម្រាប់​បង បង​សូម​ឆ្លើ​យ​ប្រាប់​ដោយ​បេះ​ដូង​បរិសុទ្ធ​​ថា បង​ធ្វើ​ព្រោះ​ស្រលាញ់​!

          ក្រោយ​ពេល​អ្វី​ៗ​បញ្ចប់​ បង​ពិត​ជា​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ បង​ខ្លាច​អ្វីៗ​នឹងប្រែ​ប្រួល… យើង​ជា​ប្រុស​ដូច​គ្នា​ មិន​អ៊ីចឹង​ឬ? ហេតុ​អ្វី យើង​ធ្វើ​រឿង​បែប​នេះ? អូន​ខឹង​បង​ទេ? អូន​ស្អប់​បង​ទេ? បង​សុំ​ទោស​… ប​ង​ពិត​ជា​មិន​ចង់​ធ្វើ​ទេ! តែ​… តែ​បេះ​ដូង​បង​ វា​ទាម​ទារ! អូន​ប្រាប់​បង​ថា​ អូន​មិន​មែន​ជា​  ហ្គេយ៍​ បង​ក៏​មិន​ចង់​ឲ្យ​អូន​គិត​ថា​បង​ជាហ្គេយ៍​ តែ​ហេតុ​អ្វី​ យើង​ទាំង​ពីរ​ធ្វើ​នូវ​​រឿង​បែប​នេះ? ឬ​មួយ​យើង​កំពុង​តែ​​មិន​ទទួល​ស្គាល់​ការពិត??

          ពេល​ភ្ញាក់​ឡើង​ បង​មិន​ហ៊ាន​ប្រសព្វ​ភ្នែក​នឹង​អូន​ទេ។ បង​គេច​មុខ​ចេញ​រហូត​ ព្រោះ​បង​ខ្លាច​ បង​ខ្លាច​អូន​ខឹង​បង។ តែ​អរគុណ… អរគុណ​ព្រះជា​ម្ចាស់​! អូន​នៅ​ដូច​ដើម… អូន​និយាយ អូន​សើច​ អូន​ញញឹម​ដូច​ដើម។ តែ​… តែ​ហេតុ​អ្វី​អូន​ធ្វើ​ដូច​ជា​យប់​មិញ​គ្មាន​រឿង​អី​កើត​ឡើង​? ឬ​មួយ​អូន​គិត​ថា​ វា​គ្រាន់​តែ​ជា​តម្រូវ​ការ​ប៉ុណ្ណោះ​? អូន​ពូកែ​លាក់​អារម្មណ៍​ខ្លួន​ឯង​ណាស់! ​រយៈ​ពេល​ដែល​យើង​ស្គាល់​គ្នា​ បង​ពិត​ជា​​មើល​មិន​​ដឹង​ថា អូន​គិត​បែប​ណា​ចំពោះ​បង​ទេ… តែ​​​សំណួរ​តែ​ម្យ៉ាង​ដែល​​បេះ​ដូង​បង​​កំពុង​ទាម​ទារ​ចង់​ដឹង​​នៅ​ពេល​នេះ​គឺ​​… តើ​ក្នុង​បេះ​ដូង​អូន​មានរូប​​បង​ឬ​​ទេ???

Read Full Post »

អត្ថបទ​នេះ​សរសេរ​ឡើង គឺ​កើត​ចេញ​ពី​ចិត្ត​និង​អារម្មណ៍​ស្មុគ​ស្មាញ ​ហើយ​គ្រាន់​តែ​ចង់​បញ្ចេញ​នូវ​កង្វល់​និងចម្ងល់​ខ្លះ​តែ​ប៉ុណ្ណោះ​។

          ជីវិត? ពាក្យ​នេះ​ស្តាប់​ទៅ​សាមញ្ញ​ តែ​ធាតុ​ពិត​វាពោរពេញ​ដោយ​ភាព​ល្វីង​ជូរចត់​ លំបាក​ ការ​តស៊ូ​ រីករាយ​ ទុក្ខ​ព្រួយ​ និង​ កម្មពៀរ​។ មនុស្ស​កើត​មក​សុទ្ធ​តែ​មាន​កម្ម​ ចុះ​ហេតុ​អ្វី​ចំពោះ​ខ្ញុំ​ត្រូវ​ស្ពាយ​កម្ម​នេះ​ពី​កំណើត​? កម្ម​នេះ​មិន​សំដៅ​លើ​កាយ​សម្បទា​នោះ​ទេ តែ​វា​សំដៅ​លើ​អារម្មណ៍​ គឺ​អារម្មណ៍​ស្រលាញ់​ភេទ​ដូច​គ្នា​។ ហេតុ​អ្វី​?

          ពាក្យ​ថា​ «​ពេញ​វ័យ​» គឺ​បង្ហាញ​នូវ​តម្រូវ​ការ​ផ្សេង​ទៀត​​សម្រាប់​ជីវិត​។ ការ​ចង់​ដឹង​ ចង់​ឮ​ ចង់​សាក​ បាន​បញ្ឆេះ​ជំរុញ​យុវវ័យ​ឲ្យ​ទាមទារ​​ស្វែង​រក​ឲ្យ​ស្គាល់​នូវ ​«​ស្នេហា​»​ ទោះ​បី​ដឹង​ថា​វា​ជា​បិសាច ​វា​ជា​ថ្នាំ​ពុល​ ហើយ​លទ្ធផល​ចុង​ក្រោយ​របស់​ស្នេហា​​​ គឺ​ពាក្យ​ថា ​«​ឈឺ​ចាប់​» ​ក៏​ដោយ​។ ជាក់​ស្តែង​ណាស់​ដែល​ថា​ ស្នេហា​ជា​ការងាររបស់​អ្នក ​ដែល​គ្មាន​ការងារធ្វើ។​ ចុះ​​ហេតុ​អ្វី​ ខ្ញុំ​ និង​ អ្នក​រាល់​គ្នា​ត្រូវ​ការ​វា​? ពិត​ណាស់​ ព្រោះ​វា​ជា​តម្រូវ​ការ​យុវវ័យ​។ តើ​ស្នេហា​ភេទ​ដូច​គ្នា​យ៉ាងម៉េច​ដែរ? គឺ​ដូចស្នេហា​ទូទៅ គឺ​ទាម​ទារ​ភាព​ស្មោះ​ត្រង់​ ការ​ទុក​ចិត្ត​ ការ​យល់​ចិត្ត​ និង​សេចក្តី​ស្រលាញ់​ ទោះ​ដឹង​ថា​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​​ជា​ប្តី​ប្រពន្ធ​ក៏​ដោយ​។ អ្វី​ដែល​បញ្ជាក់​កាន់​តែ​ខ្លាំង​​ក្នុង​អត្ថន័យ​ស្នេហា​​ គឺ​ភាព​ប្រចណ្ឌ​។ ដោយ​សារ​តែ​ស្រលាញ់​ទើប​ប្រចណ្ឌ​។

          ធម្មជាតិ​បង្កើត​សត្វ​ត្រី​ នោះ​ត្រូវ​តែ​មាន​ទឹក។ តួ​យ៉ាង​ធម្មជាតិ​បង្កើត​រូប​ខ្ញុំ​ស្រលាញ់​ភេទ​ដូច​គ្នា​​​វា​តែ​ង​តែ​ផ្តល់​នូវ​អ្វី​មួយ​សម្រាប់​ខ្ញុំ​វិញ​។ «​សង្សារ​» ខ្ញុំ​ព្យាយាម​ទាម​ទារ ​និង​ទទួល​យក​ដោយ​ដៃ​ទាំង​ពីរ​ ទោះ​ពុំ​ដឹង​ថា ខ្លួន​ឯង​កំពុង​ចាប់​កាន់​អ្វី​ ធ្វើ​អ្វី​? គឺ​គ្រាន់​តែដឹង​ថា វា​ជា​តម្រូវ​ការ​មួយ​ផ្នែក​របស់​ខ្ញុំ​។ ពេល​នោះ​វា​ជាក់​ច្បាស់​ណាស់​ថា ខ្ញុំ​ចាប់​កាន់​នូវ​ភាព​ឈឺ​ចាប់​។ «​ខ្ញុំ​មាន​សង្សារ​ហើយ​» ឃ្លា​នេះដិត​ជាប់​ក្នុង​ចិត្ត​ និង​ទន្ទេញ​រាល់​ពេល​ព្រោះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​​សប្បាយ​ចិត្ត​ គឺ​សប្បាយ​ណាស់​​ និង​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ភាព​កក់​ក្តៅ​ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​វា​កើត​ឡើង​មួយ​ប៉ប្រិ​ច​ភ្នែក​​ហើយ​ក៏​បាត់​បង់​ទៅវិញ​​។ វា​បន្សល់​នូវស្លាក​ស្នាម​នៃ​ការ​ឈឺ​ចាប់​​និង​ទឹក​ភ្នែក​។ ទោះ​ជា​ស្រលាញ់​ភេទ​ដូច​គ្នា ក៏ត្រូវ​ការ​ស្នេហា​ស្មោះ​ដែរ​ ១​ឆ្នាំ​ ២​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ​។ កាន់​តែ​ឈឺ​ចាប់​ទៅទៀត​ នៅ​ពេល​នឹក​ឃើញ​នូវ​អ្វី​ដែល​គេ​និយាយ ​«​តើ​ការ​ដេក​ជា​មួយ​គ្នា​របស់​យើង​ទាំង​ពីរ​នាក់​ជាតម្រូវ​ការ​ ឬ​អ្វី​!!» តើ​សង្សារ​គួរ​និយាយ​បែប​នេះ​មែន​ទេ?

          អ្នក​ខ្លះ​និយាយ​ថា វា​មិន​ខាត​បង់​អ្វី​ទេ គ្រាន់​តែ​ដេក​ជាមួយ​គ្នា គឺ​សប្បាយ​ទាំងអស់​គ្នា​តើ! ខ្ញុំ​ដឹង​ ចំពោះ​ខ្ញុំ​វា​មិន​មែន​ជា​តម្រូវ​ការ​ទេ តែ​គឺ​ខ្ញុំ​ធ្វើ​ដោយ​ក្តី​ស្រលាញ់​ និង​ការ​ពេញ​ចិត្ត​។ ពេល​ខ្លះ​ខ្ញុំ​ធ្វើ​អ្វី​ឆ្កួត​ៗ​ក៏​ព្រោះ​តែ​សង្សារ​។ វា​ពិត​ជា​មាន​ឥទ្ធិពល​ធំធេង​ណាស់។

          ជា​បញ្ចប់​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​សង្គម​មួយ​នេះ​ បើ​កចិត្ត​ឲ្យ​ទូលាយ​ និង​យល់​ពី​តម្លៃ​ស្នេហា​ភេទ​ដូច​គ្នា​៕

Read Full Post »

ខ្ញុំ​បាទ​​​ ​គឺ​ជា​អ្នក​និយម​អាន​ និង​ តាម​ដាន​គ្រប់​ការ​ផ្សាយ​​​របស់ ​​ប្លក់ ​«​សួន​សុបិន​» ជា​និច្ច​​។ ខ្ញុំ​បាទ​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ ចង់​សំណូម​ពរ​ឲ្យ​​ បង​សុបិន​ ជួយ​​ដាក់​ផ្សាយ​អត្ថបទ​របស់​ខ្ញុំ​បាទ​ផង​ ដើម្បី​ឲ្យ​ប្រិយ​មិត្ត​​អ្នក​អាន​ជួយ​បញ្ចេញ​ជាមតិ​យោបល់​។

          ខ្ញុំ​បាទ​មាន​អាយុ​២២​ឆ្នាំ​ ជា​យុវជន​ម្នាក់​ដែល​មាន​រាង​កាយ​ និង​លក្ខណៈ​សម្បត្តិ​ជា​មនុស្ស​ប្រុស​សុទ្ធ​សាធ​ និង​មាន​រូប​សម្បត្តិ​សមរម្យ​។ ប៉ុន្តែ​ខ្ញុំ​បាទ​ធ្លាប់​មាន​​សង្សារ​ជា​មនុស្ស​ប្រុស​ដូច​គ្នា​ តែ​ពួក​យើង​មិន​ដែល​ខ្វល់​ពី​បញ្ហា​នេះ​ទេ​។ ពួក​យើង​ស្រលាញ់​គ្នា​ខ្លាំង​ណាស់​​។ គេ​ជា​ដៃ​គូ​ដំបូង​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​បាទ​មាន​ស្នេហា​យ៉ាង​បរិសុទ្ធ​ចំពោះ​គេ​​។ ខ្ញុំ​បាទ​ស្រលាញ់​គេ​ខ្លាំង​ណាស់ ​ព្រោះ​គេ​មាន​ចំណុច​គ្រប់​យ៉ាង​​ដែល​ខ្ញុំ​ត្រូវ​ការ មាន​ចិត្ត​ល្អ​ សុភាព​ មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​ រៀន​ពូកែ​ ជា​មនុស្ស​​ស្រលាញ់​ក្រុម​គ្រួសារ​ និង​ជា​មនុស្ស​​ស្ងៀម​ស្ងាត់​ និង​មាន​មនោសញ្ចេតនា​។

          តែ​ឥឡូវ​នេះ​ពួក​យើង​បាន​បែក​គ្នា​ហើយ​ ព្រោះ​ដោយ​ការ​ស្រលាញ់​ម្តាយ​ និង​ក្រុម​គ្រួសារ​ដែល​ខំ​ថែរក្សា​គេ​ ហើយ​គេ​មិន​ចង់​ធ្វើ​ឲ្យ​ពួកគាត់​ខុស​បំណង​។​ ថ្ងៃ​មួយ​គេ​បាន​ហៅ​ខ្ញុំ​ចូល​ទៅ​អង្គុយ​ក្នុង​រថយន្ត​របស់​គេ​ ហើយ​គេ​បាន​ប្រាប់​ខ្ញុំ​ថា គេ​ចង់​ធ្វើ​ជា​មនុស្ស​ប្រុស​ពេញ​លក្ខណៈ​ធម្មតា​។ ចាប់​ពី​ពេល​នោះ​មក​ខ្ញុំ​មិន​ដែល​បាន​ជួប​គេ​ទៀត​ទេ ព្រោះគេ​ប្រាប់​ខ្ញុំ​ថាគេ​ត្រូវ​ទៅ​ឆ្ងាយ​។ ចិត្ត​ខ្ញុំ​នៅ​តែ​ស្រលាញ់​គេ​​ ចង់​នៅ​ក្បែរ​គេ​។ នៅ​ពេល​ដែល​ពួក​យើង​នៅជាមួយគ្នា​ ពួក​យើង​បានសាង​អនុស្សាវរីយ៍​​ដ៏​ល្អ​ជាច្រើន​រាប់​មិន​អស់​។

          ដូច្នេះ​ បើ​មិត្ត​អ្នក​អាន​ដែល​អាន​អត្ថបទ​របស់​ខ្ញុំ​ ហើយ​ចង់​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្ញុំ​ សូម​មេត្តា​ជួយ​បញ្ចេញ​មតិ​យោបល់​នៅ​លើ​ទំព័រ​នេះ​ផង​។ ខ្ញុំ​ផ្ទាល់​មិន​ហ៊ាន​ប្រាប់​ឈ្មោះ ​ឬ​ផ្តល់​អ៊ីមែល​ជូន​បាន​ទេ សូម​អភ័យ​ទោស​។ ដោយ​សេចក្តី​គោរព និង​ សូម​អរគុណ!!

Read Full Post »

 

នៅ​ពេល​ដឹង​ថា​ប្តី​ជា​ហ្គេយ៍​ ភរិយា​មួយ​ចំនួន​អាច​​នឹង​មាន​អារម្មណ៍​ថា​ ពិភព​លោក​​ទាំង​មូល​កំពុង​​ត្រូវ​រលំ​រលាយ ឬ​ផែន​ដី​ត្រូវ​ជាប់​គាំង​ស្ងៀម​លែង​ដើរ​ទៅ​មុខ។ ខ្លះ​​ទៀត​មាន​អារម្មណ៍​តក់​ស្លុត​ ខឹង​ ខ្មាស​អៀន​ ឈឺ​ចាប់​ ស្មុគ​ស្មាញ​ ឆ្ងល់សង្ស័យ ឯកោ សោក​សៅ… ខ្លះ​ទទួល​អារម្មណ៍​ថា​ត្រូវ​ស្វា​មីក្បត់​បោក​ប្រាស ភ័យ​ខ្លាច​អ្នក​ដទៃ​ដឹង​ឮ​ អាណិត​ខ្លួន​ឯង​និង​កូន​ៗ​ ផ្តន្ទា​ដាក់​ទោសខ្លួន​ឯង រហូត​​ធ្ងន់​ធ្ងរ​បំផុត​ដល់​ថ្នាក់​​​មាន​គំនិត​ចង់​សម្លាប់​ស្វាមី​ សម្លាប់​ខ្លួន​ឯង​និង​កូន​ៗ​ ឲ្យ​ស្លាប់​​ផុត​​ពី​​ទុក្ខ​វិបត្តិ​ទាំង​នេះ​។           ដើម្បី​ជា​ការ​​លួង​លោម​​ចិត្ត​ដល់​ខ្លួន​ឯង​ មិន​ថា​អ្នកទទួល​អារម្មណ៍​​យ៉ាង​ណា​​​​​​​​ កុំ​គិត​ខ្លី​ឲ្យ​សោះ ជីវិត​មាន​ច្រក​ចេញ​ជានិច្ច។

  • តាំងសតិស្មារតី

          ត្រូវ​តាំង​ស្មារតី​ឲ្យ​បាន នៅ​ពេល​​ត្រជាក់​ចិត្ត​​​ខ្លះ​ហើយ ​​ត្រូវ​ខិត​ខំ​​ប្រមែ​ប្រមូល​រក​មើល​ចំណុច​​​ល្អ​ចំណុច​ខ្សោយ​ អ្វី​ដែល​អាច​ទទួល​យក​បាន​អត់​ធន់​បាន ឬ​អ្វី​ដែល​អត់​ធន់​មិន​បាន​ទទួល​យក​មិន​កើត​ ដើម្បី​រួប​រួម​ទម្ងន់​របស់​ហេតុ​និង​ផល ​​ដែល​អ្នកត្រូវ​​បែក​គ្នា​ឬ​នៅ​ជាមួយ​គេ​​បន្ត​។ ការ​បែក​គ្នា​នោះ​​មាន​ទាំង​ការ​បែក​គ្នា​ជា​អចិន្ត្រៃយ៍​​​ស្អប់​គ្នា​​រហូត​មិន​មើល​មុខ​ និង​ការ​បែក​​ដោយ​ធ្វើ​​ជា​មិត្ត​​ភក្តិ​នឹង​គ្នា ​​នៅ​​ទៅ​មក​រក​គ្នា​​បាន​។ ពាក្យ​ថា​នៅ​ជា​មួយ​គេ​នោះ​​ក៏​មាន​​ទាំង​បែប​នៅ​ដោយ​គ្មាន​លក្ខខណ្ឌ​ដូច​ដើម ​​ឬ​នៅ​បែប​គ្មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ កំណត់​​​ជីវិត​បែប​​មាន​ឥស្សរភាព ដោយ​ភាគីទាំង​សងខាង​អា​ច​មាន​អ្នក​ថ្មី​​រៀង​ៗ​ខ្លួន​បាន។

  • ធ្វើការស្វែងយល់ពីអារម្មណ៍របស់ខ្លួនឯង ស្វាមី ហើយនិងកូនៗ

          ដំណាក់​ការដំបូង​បំផុត​ បើ​អ្នក​គ្មាន​អារម្មណ៍​​កើត​ទុក្ខ​ភ័យ​ព្រួយ ​ដោយ​ចាត់​ទុក​វា​ថា​ជា​រឿង​ធម្មតា​​(មាន​តិច​បំផុត​ដែល​គិត​បែប​នេះ)​​ក៏​មិន​ចាំ​បាច់​ធ្វើ​អ្វី​ដែរ​​ តែ​បើ​អ្នក​​​​កើតមាន​បញ្ហា​ទុក្ខ​ព្រួយ​​ត្រូវ​ព្យាយាម​​អូស​ទាញ​អារម្មណ៍​របស់​ខ្លួន​ ឲ្យ​ត្រលប់​មក​សភាព​ដើម​វិញ​​ឲ្យ​បាន​លឿន​បំផុត​។ ច្រើន​គ្នា​អាច​​ពឹង​អាស្រ័យ​នឹង​មនុស្ស​​នៅ​ក្នុង​គ្រួសារ​ មិត្ត​ភក្តិ​ញាតិ​សន្តាន​ ​(អាស្រ័យ​លើ​ការ​ជឿទុក​ចិត្ត​និង​ជិតស្និទ្ធ​កម្រិត​ណា)​​​ដើម្បី​​ពិភាក្សា​​​​រម្លែក​ទុក្ខ​សោក ​និង​​បន្ធូរ​អារម្មណ៍​តាន​តឹង​។ អ្នក​ខ្លះ​​ អាស្រ័យ​លើ​ការ​អាន​សៀវភៅ​ស្វែង​យល់​អំពី​ហ្គេយ៍ ខ្លះទៀត​​​​​អាស្រ័យ​លើ​​គ្រូ​ពេទ្យ​ផ្លូវ​ចិត្ត ហើយមាន​មួយ​ចំនួន​​​​ជា​មនុស្ស​រឹងប៉ឹង​ខ្លាំង​ណាស់​ដោយ​អាស្រ័យ​លើ​ការ​ធ្វើ​សមាធិ​​​​រម្ងាប់​អារម្មណ៍​ដោយ​ខ្លួន​ឯង។

          ដំណាក់​ការ​​ទី​២​​ ត្រូវ​បបួល​ស្វាមី​និយាយ​​គ្នា​ពីរ​នាក់​ត​ទល់​​ ដើម្បី​ឲ្យ​ដឹង​ពី​អារម្មណ៍​​ពិត​ប្រាកដ​​​ឬ​សេចក្តី​ត្រូវ​ការ​ពិត​ប្រាកដ​របស់​គេ។ អ្នក​អាច​នឹង​ត្រូវ​ដើរ​ចេញ​ពី​ភាព​ជា​ម្ចាស់​​ឬជា​​​​ភរិយា​ត្រលប់​មក​​ស្ថិត​​​នៅ​ក្នុង​ឋានៈ​​ជាមិត្ត​ភក្តិ​ជិត​ស្និទ្ធ​ក៏​បាន​ ដើម្បី​​ពេល​មានបញ្ហា​នឹង​បាន​ពិភាក្សា​គ្នា។

          បើ​កូន​ៗ​​ធំ​អស់​​ហើយ​ អាច​និយាយ​នឹង​ពួក​គេ​ដោយ​បើក​ចំហ​​​ពី​រឿង​ឪពុក​ជា​ហ្គេយ៍​ តែ​បើ​កូនៗ​​នៅ​តូច​​ អ្នក​ខ្លះ​អាច​ត្រូវ​បិទ​បាំង​​រឿង​នេះ​ទុក​សិន​ ​ទម្រាំ​តែ​កូន​ៗ​អាច​​ស្វែង​យល់​​បាន​ពី​អ្វី​ដែល​ហៅ​ថា​ហ្គេយ៍។​ ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​​ គ្រួ​សារ​ជា​ផ្នែក​មួយ​ដែល​អាច​បិទ​​បាំង​សង្គម​ខាង​ក្រៅ​ព្រោះ​ខ្លាច​មាន​បញ្ហា​នៅ​ក្នុង​សង្គម​។ ទោះ​ជា​យ៉ាង​ណា​ក៏​សុំ​ឲ្យ​រម្លឹក​ថា​ ហ្គេយ៍​ជា​ច្រើន​នាក់​ទោះ​បី​ជា​មិន​អាច​ធ្វើ​​ជា​ស្វាមី​ដ៏​ល្អ​ត​ទៅ​ទៀត​​ តែ​គេ​ក៏​អាច​ធ្វើ​ជា​ឪពុក​ដ៏​ល្អ​​និង​មិត្ត​ដ៏​ល្អ​បា​ន។

  •  បើកឱកាសឲ្យមានច្រើនច្រកសម្រាប់ដើរ

          នេះ​មិន​មែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​តែ​ធ្វើ​ចិត្ត​ព្រម​​ទទួល​​ភាព​ជា​ហ្គេយ៍​របស់​ស្វាមី​នោះ​ទេ​ តែ​ត្រូវ​ជ្រើស​រើស​ផ្លូវ​ដើរ​ដែល​ល្អ​បំផុត​ដោយ​មិន​​ប្រើ​អារម្មណ៍​​ដូច​ជា​ ​មាន​ហ្គេយ៍​មួយ​ចំនួន​​ភ្ញាក់​រឭក​ដឹង​​កំហុស​ខ្លួន​ ​មិន​ចង់​​ក្លាយ​​ជា​ហ្គេយ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែ​ក៏​ធ្លោយ​វក់​​​នឹង​បរិស្ថាន​ជុំ​វិញ​ខ្លួន​​ បើ​ប្តូរ​កន្លែង​ធ្វើ​ការ​ ប្តូរ​ការសេព​គប់​មនុស្ស​ ​ប្រហែល​ជា​អាច​បញ្ឃប់​ប្រតិ​កិរិយា​បែប​នោះ​បាន។ ​នៅ​ក្នុង​ករណី​នេះ​អ្នក​គួរ​តែ​និយាយ​​ផ្តល់​ឱកាស​ឲ្យ​គេ​ភ្ញាក់​រឭក​ តែ​អ្នក​ខ្លះ​ក៏​មិន​អាច​បញ្ឈប់​ព្រឹត្តិកម្ម​នេះ​បាន​​ តែខំ​​តាំង​ចិត្ត​បិទ​បាំង​អារម្មណ៍​ដែល​​​ត្រូវ​ការ​ក្លាយ​​ជា​ហ្គេយ៍​​ពេញ​លក្ខណៈរបស់​ខ្លួន​ ដូច្នេះ​អ្នក​​អាចសម្រេច​ចិត្ត​​​រស់​នៅ​​បែក​គ្នា​ក៏​បាន​​។​

  • កុំនៅតែម្នាក់ឯង​   

          ​ការ​​នៅ​កណ្តោច​កណ្តែង​តែ​ម្នាក់​ឯង​ នឹង​ធ្វើ​ឲ្យ​អ្នក​​កាន់​តែ​គិត​កាន់​តែ​ស្មុគ​ស្មាញ​ កាន់​តែ​ឈឺ​ចាប់​​ជាមួយ​នឹង​បញ្ហា​ដែល​កើត​ឡើង​​ ធ្វើ​ឲ្យ​មិន​អាច​ស្វែងរក​​ច្រក​ចេញ​បាន​។ បច្ចុប្បន្ន​បញ្ហា​ដែល​ស្វាមី​ជា​ហ្គេយ៍​កើត​​​​មាន​កាន់​តែច្រើន​ឡើង ទើប​​បង្កើត​ឲ្យ​មាន​ក្រុម​ឬ​មជ្ឈមណ្ឌល​​ដែល​អាច​ពិភាក្សា​​ផ្តល់​ការ​ប្រឹក្សា​បាន​យ៉ាង​ល្អ​​មិន​ថា​តាម​ប្រព័ន្ធ​អ៊ីនធើណេត​ សមាគម​ហ្គេយ៍​ ឬ​មន្ទីរ​ពេទ្យ​ផ្លូវ​ចិត្ត​ឡើយ។ ដូច្នេះ​អ្នក​គួរ​តែ​ស្វែង​រក​សេវា​កម្ម​ទាំង​នោះ​ដើម្បី​ប្រឹក្សា​ផ្លាស់​ប្តូ​រ​យោបល់។

          *** ការពារខ្លួននឹងជំងឺផ្លូវភេទ​​​ជាមួយហ្គេយ៍

          មិន​ថា​អ្នក​សម្រេចចិត្ត​​នៅ​ជាមួយ​គ្នា​ ឬ​លែង​លះ​គ្នា​​ជាមួយ​ស្វាមី​ដែល​ជាហ្គេយ៍​​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ត្រួត​ពិនិត្យ​​រក​មើល​​ជំងឺ​ ដែល​​ឆ្លង​តាម​ទំនាក់​​ទំនង​ផ្លូវ​ភេទ​​ក្នុង​ពេល​បច្ចុប្ប​ន្ន ​ដើម្បី​ការ​ពារ​​​រោគ​ឆ្លង​តាម​​ទំនាក់​ទំនង​ផ្លូវ​ភេទ​ក្នុង​ពេល​អនាគត​។ វិធី​ដែល​ល្អ​បំផុត​គឺ​ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​ដើម្បី​ត្រួត​ពិនិត្យ​ឈាម។​​ បើ​មាន​ការ​រួម​ភេទ​កើត​ឡើង​ត្រូវ​ប្រើ​ស្រោម​អនាម័យ​គ្រប់​ពេល​ និង​ណែនាំ​ស្វាមី​ឲ្យ​ប្រើ​ស្រោម​អនាម័យ​គ្រប់​ពេល​ដែល​មាន​សម្ព័ន្ធ​ផ្លូវ​ភេទ​ជាមួយ​បុរស​ដទៃ៕     

បំណង​ល្អ​ពី​ សួន សុបិន

Read Full Post »

​សំណួរ​ដែល​​​ទទួល​បាន​ការ​ចោទ​សួរ ​និង ​ត្រូវ​ការ​ចម្លើយ​តប​​ច្រើន​បំផុត​នោះ​ គឺ​​ថា​តើ​​បុរស​ត្រូវ​ការ​មាន​សង្សារ​ដែល​​ជា​ក្រមុំ​បរិសុទ្ធ​ពិត​មែន​ឬ? នៅ​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​ ដែល​​សេរី​ភាព​នៃ​ការ        ​សម្តែង​ចេញ​​ខាង​ភេទ​ចូល​ដល់​កម្រិត​មួយ​ ដែល​​ហៅ​ថា​បើក​ចំហ​ និ​ង ​មាន​លក្ខណៈ​ស្មើ​ភាព​គ្នា​ជា​​​លំដាប់​​ហើយ​នោះ​​ តែ​សំណួរ​ដែល​ទាក់​ទង​នឹង​ក្រមុំ​បរិសុទ្ធ​ និង ​មិន​បរិសុទ្ធ​ក៏​នៅ​ជា​បញ្ហា​ដដែល។

តាម​ការស្ទាប​ស្ទង់​មួយ​​បង្ហាញ​ថា​​ បុរស​ត្រូវ​ការ​រៀប​ការ​និង​​រស់​នៅ​ ជាមួយ​នារី​ដែល​ល្អ​បរិសុទ្ធ​ តែសួរ​ថា​ ​បើ​រឿង​​ប្រលូក​នឹង​ការ​រួម​ភេទ​មុន​រៀប​ការ​ នៅ​តែ​ជា​រឿង​ធម្មតា​របស់​បុរស​នៅ​ក្នុង​សង្គម​​ហើយ តើ​ឲ្យ​យើង​ទៅ​រក​ក្រមុំ​បរិសុទ្ធ​មក​ពី​ណា?

បុរសត្រូវការអ្វី?

តាម​ទិន្ន​ន័យ​ដែល​ទទួល​បាន​ ពី​ការ​​ស្ទង់​មតិ​​​ក្រៅ​ផ្លូវ​ការ​មួយ​​​បង្ហាញ​ថា ក្នុង​ចំណោម​បុរស​២៥​នាក់​មាន​១៤​នាក់​ត្រូវ​ការ​ក្រមុំ​​ព្រហ្មចារីយ៍​ធ្វើ​ជា​ភរិយា​ ខណៈ​ដែល​១១​នាក់​​ទៀត​ឆ្លើយ​តប​ថា​បរិសុទ្ធ​ឬ​មិន​បរិសុទ្ធ​​ក៏​បាន ដែល​​នេះ​សង្កេត​ឃើញ​ថា ​​ទាំង​ពីរ​ក្រុម​សុទ្ធ​តែ​មាន​ទំនោរ​ មក​ខាង​ក្រមុំ​បរិសុទ្ធ​ទាំង​អស់​​ ដោយ​គ្មាន​នរណា​តប​ថា​ ចូលចិត្ត​ក្រមុំ​មិន​បរិសុទ្ធ​ជាង​នោះ​ទេ​ ហើយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា បុរស​ដែល​ចូលរួម​ឆ្លើយ​តប​​នឹង​​​សំណួរ​​នេះ ​សុទ្ធ​តែ​នៅ​កំលោះ​មិន​ទាន់​រៀប​ការ និង​សុទ្ធ​តែ​មាន​ការ​ពាក់​ព័ន្ធ​​​នឹងស្រី​កំណាន់​ឬ​ស្រី​ជា​សង្សារ​យ៉ាង​តិច​២នាក់។

ទោះ​បី​ជា​ការ​ធ្វើ​ស្ថិតិ​លើក​នេះ ​ប្រាស​ចាក​ពី​លក្ខណៈ​វិទ្យាសាស្រ្ត​បន្តិច​ក៏​ពិត​មែន​ តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​​ដឹង​ថា​ បុរស​ត្រូវ​ការនារី​ដែល​ស្អាត​ស្អំ​បរិសុទ្ធ​​​បំផុត​តាម​ដែល​អាច​រក​បាន ​​នៅ​ពេលដែល​ត្រូវ​ការ​រៀប​អាពាហ៍​ពិពាហ៍​ ទាំង​ដែល​ពួកគេ​​ក៏​សុទ្ធ​តែ​ឆ្លង​កាត់​​បទ​ពិសោធន៍ ​​រឿង​សង្សារ​យ៉ាង​ជោក​ជាំ​រួច​មក​ហើយ​ និង​ខ្លះ​មាន​ឌុប​រហូត​រាប់​ភ្លេច​ទៅ​ទៀត។ 

​បញ្ហា​របស់​មនុស្ស​ប្រុស ​គឺ​ពួកគេ​ត្រូវ​ការ​ទាំង​អស់ ​ទាំង​ក្រមុំ​បរិសុទ្ធ​សម្រាប់​រៀប​អាពាហ៍​ពិពាហ៍​និង​​ក្រមុំ​​ចូលចិត្ត​សប្បាយ​ ដើម្បី​​ពួក​គេ​បាន​បន្ថែម​បទ​ពិសោធន៍​​ និង​​ការ​យល់​ដឹង​រឿង​លើ​គ្រែ។ តែ​ពួក​គេ​នឹង​​​មិន​អាច​ទទួល​យក​បាន​ទេ ​បើ​ចៃ​ដន្យ​មាន​ភរិយា​​ប៉ះ​លើ​នារី​ ដែល​​ធ្លាប់​ប្រព្រឹត្ត​ខ្លួន​​ដូចពួក​​គេ​កន្លង​មក​។ ពួកគេ​មាន​អារម្មណ៍​មួយ​ ដែល​ពិបាក​​នឹង​ទទួល​យក​ណាស់​ ដែល​មក​​ត្រូវ​​ចាប់​ដៃ​គ្នា​ឬ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​មនុស្ស​ស្រី​​ ដែល​​មាន​ប្រវត្តិ​រឿង​រួម​​ភេទ​យ៉ាង​ជោក​ជាំ​ដូច​ពួកគេ។

ទោះ​បី​ជា​រឿង​ព្រហ្មចារីយ៍​​​ ជា​រឿង​ដែល​តែង​​ចោទ​សួរ​គ្នា​ជាញឹក​ញាប់​ តែ​ការ​មាន​សង្សារ​ជា​ក្រមុំ​មិន​បរិសុទ្ធ​ក៏​មិន​មែន​ជា​រឿង​អាក្រក់​អ្វីដែរ។ ការ​ដែល​មនុស្ស​ពេញ​វ័យ ​សម្រេច​ចិត្ត​​មាន​សម្ព័ន្ធ​ខាង​ផ្លូវ​ភេទ​​នៅ​ក្នុង​​សម័យ​នេះ​ ក៏​មិន​បាន​ចាត់​ទុក​ថា​ជា​រឿង​​​អាក្រក់​គួរ​ឲ្យ​​ស្អប់​ខ្ពើម​ ​​ឬ​ទទួល​យក​មិន​បាន​នោះ​ទេ ​តែ​ការ​ពិត ​វា​ជា​ការសម្តែង​ចេញ​នូវ​សេចក្តី​ស្រលាញ់​ម្យ៉ាង​​  នៅ​ក្នុង​ទម្រង់មួយ​​ដែល​មាន​លក្ខណៈ​ធម្មជាតិ​បំផុត។ លោក​អ្នក​ពិត​ជា​មិន​អាច​ដាក់​ទោស​នារី​ ឬ​នរណា​ម្នាក់​​ចំពោះរឿង​​អារម្មណ៍​ផ្លូវ​ភេទ​ដែល​កើត​ឡើង​តាម​ធម្មជាតិ​បាន​​នោះ​ទេ។

តែ​វា​ក៏​ជា​ជំនឿ​​មួយ​ដែល​ពិបាក​នឹង​​ផ្លាស់​ប្តូរ​រឿង ការ​ជឿ​​អំពី​​ក្រមុំ​បរិសុទ្ធ​និង​មិន​បរិសុទ្ធ​ ទោះ​បី​ជា​​បរិសុទ្ធ​ឬ​មិន ​ក៏​សុទ្ធ​តែ​មាន​ចំណុច​ល្អ​និង​​មិន​ល្អ​រៀង​ៗ​ខ្លួន​។ ដូច្នេះ​សាក​​មក​មើល​​អ្វី​ដែល​ជា​ចំណុច​ល្អ​និង​​​មិន​ល្អ​​របស់​នារី​​ទាំង​ពីរ​ប្រភេទ​នេះ?

នារីដែលមានបទពិសោធន៍

          ចំណុចល្អៈ ការ​ដែល​មាន​សង្សារ​ជា​ក្រមុំ​មិន​បរិសុទ្ធ​នោះ​ មិន​ចាំ​បាច់​ឲ្យ​អ្នក​ដើរ​តួ​ជា​ឪ​ព្រះ​​ឬ​​ជា​សុភាព​បុរស​នោះ​ទេ​​ ព្រោះ​នារី​មួយ​ចំនួន​ក៏​ត្រូវ​ការ​រក​បុរស​ មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ពួក​នាង​ដែរ​។ បើ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ខ្ពស់រឿង​ភេទ​សម្ព័ន្ធ​​ នោះ​សេចក្តី​សុខ​រឿង​លើ​គ្រែ​របស់​លោក​អ្នក​​​នឹង​គ្មាន​អ្វី​មក​បរិយាយ​ទៀត​ទេ។

          ចំណុច​​មិនល្អៈ បុរស​ដែល​មាន​បទពិសោធន៍​រឿង​ផ្លូវ​ភេទ​តិច​ជាង​សង្សារ ​ប្រហែល​ជា​ត្រូវ​សតិ​បែក​ហើយ​បើ​សង្សារ​​របស់​ខ្លួន​ជា​ប្រភេទ​មនុស្ស​ដែល​មាន​តម្រេក​ខ្លាំង។ ក្រៅ​ពី​នោះ​គេ​អាច​នឹង​ត្រូវ​​រំខាន​ពី​ជីវិត​​ស្នេហា​នៅ​ក្នុង​អតី​ត​របស់​នាង​ទៀត​ផង។

នារីបរិសុទ្ធ

        ចំណុចល្អៈ បុរស​មួយ​ចំនួន​​មានមោទនភាព​ខ្លាំង​ណាស់ ​ដែល​​​ខ្លួន​ឯង​គឺ​ជា​បុរស​ដំបូង​​របស់​នារី​ជា​ដៃ​គូ។ ពួកគេ​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់​​ នៅ​ក្នុង​តម្រា​គ្រូ​និង​សិស្ស​​ដោយ​រំពឹង​ទុក​ថា​នារី​របស់​គេ​នឹង​ត្រូវ​ហ្វឹក​ហាត់​​ឲ្យ​​ចូលចុះ​តាម​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​។ ម្យ៉ាង​ទៀត​ការ​ដែល​បាន​ក្លាយ​ជា​មនុស្ស​ប្រុស​ទី​១​​របស់​មនុស្ស​ស្រី​ ​​ធ្វើ​ឲ្យ​បុរស​កាត់​​បន្ថយ​អារម្មណ៍​តានតឹងឈប់​ខ្វាយ​ខ្វល់​​ ពី​បញ្ហា​ដែល​​ត្រូវ​តែ​ពូកែ​រឿង​លើ​គ្រែ​បាន​ច្រើន​ណាស់​​​​ ព្រោះ​នារី​ដ៏​សែន​ស្អាត​ស្អំ​របស់​​គេ​ ​នឹង​មិន​អាច​យក​រឿង​នេះ​ទៅ​ប្រៀប​​ធៀប​ជាមួយ​នរណា​បាន​ទៀត​។ រយៈ​ពេល​នេះ ​ជា​ពេល​ដែល​វិសេស​វិសាល​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ប្រុស​ហើយ!

          ​ចំណុចមិនល្អៈ បើ​បុរស​មាន​សង្សារ​ជាក្រមុំ​បរិសុទ្ធ​នោះ​ វា​នឹង​ពិបាក​ដែល​នាង​​ព្រម​ព្រៀង​ប្រគល់​ឲ្យ​ដោយ​ងាយ​ៗ​នូវ​អ្វី​ដែល​បុរស​ត្រូវ​ការ ហើយ​ឱកាស​ក្នុង​ការ​បដិសេធ​​ចំពោះ​ការ​មាន​សម្ព័ន្ធ​​​ផ្លូវ​ភេទ​មុន​រៀប​ការ ​នឹង​​មាន​​កម្រិត​កាន់​តែ​ខ្ពស់​ឡើង​ៗ ដែល​អាច​ជា​រយៈ​ពេលមួយ​​ដែល​​បុរស​​ត្រូវ​អត់​ធន់​ស៊ូ​ទ្រាំ​នឹង​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​យ៉ាង​ក្រហល់​ក្រហាយ​​បំផុត។ ម្យ៉ាង​ទៀត​ដោ​យ​សារ​​អ្នក​ជា​បុរស​ទី​១​របស់​នាង​ ដូច្នេះ​ឱកាស​ដែល​​នាង​មិន​ចេះ​រឿង​លើ​គ្រែ​ក៏​មាន​ច្រើន ព្រោះ​នាង​មិនធ្លាប់​មាន​បទ​ពិសោធន៍​​ និង​ត្រូវ​​បំភ្លេច​ចោល​ឲ្យ​ហើយ​ទៅ​ រឿង​ស្រណុក​ស្រួល​លើ​គ្រែ​ទាំង​ឡាយ ព្រោះ​វា​នឹង​ពិបាក​ដែល​បង្គាប់​ឲ្យ​​​ក្រមុំ​ជើង​ថ្មី​ម្នាក់​ធ្វើ​អូរ៉ាល់​ស៊ិច​(Oral Sex)ឲ្យ​អ្នក។ រឿង​មួយ​ទៀត​បើ​អ្នក​បាន​ជួប​ក្រមុំ​បរិសុទ្ធ​តាម​ត្រូវ​ការ​ហើយ អ្នក​នឹង​ត្រូវ​អង្គុយ​ខ្វាយ​ខ្វល់​ជានិច្ច​ថា តើ​ពេល​ណា​នាង​នឹងបែក​ចិត្ត​​ឈប់​​សេព​គប់​នឹង​អ្នក?

គិតឲ្យគ្រប់ជ្រុងជ្រោយ

  • ­  កុំ​ឲ្យ​រឿង​នៅ​ក្នុង​អតីតកាល​​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​។
  • កុំ​ឲ្យ​បទ​ពិសោធន៍​នៅ​ក្នុង​អតីតកាល ​​ក្លាយ​ជា​អង្គ​ប្រកបសំខាន់ ​​ក្នុង​ការ​សម្រេច​ចិត្ត​រឿង​អនាគត​​គូ​ស្រករ​​របស់​លោក​អ្នក។
  • កុំ​ប្រញាប់​វិនិច្ឆ័យ​នា​រី​ភេទ​​លើ​ភាព​បរិសុទ្ធ​ ឬ​មិន​បរិសុទ្ធ​ ដោយ​មិន​បាន​មើល​ឲ្យ​ជ្រៅ។
  • កុំ​ធ្វើ​ខ្លួន​ថា​មាន​សិទ្ធិ​រវីរវល់​នឹង​រឿង​អតីតកាល​របស់​នាង៕

Read Full Post »

Older Posts »