អាន គុណកូឡា ជាតារាចម្រៀងវ័យក្មេងដែលទើប និងចូលប្រឡូកនៅលើវិថីសិល្បៈនៅឆ្នាំ២០០៨ និងជាតារាចម្រៀងដ៏លេចធ្លោមួយរូបនៅក្នុងផលិតកម្ម [M] (M Production)។ បច្ចុប្បន្ន អាន គុណកូឡាកំពុងតែទទួលបាននូវប្រជាប្រិយភាពដ៏ខ្លាំងក្លា តាមរយៈបទចម្រៀងតម្រូវតាមយុវវ័យសម័យថ្មីជាច្រើនបទ។ គុណកូឡា មិនត្រឹមតែមានទឹកដមសម្លេងពិរោះប៉ុណ្ណោះទេ ថែមទាំងមានរូបសម្រស់ស្រស់សង្ហាគួរឱ្យទាក់ទាញទៀតផង។
ក្នុងមួយរយៈពេលដ៏ខ្លីដែល អាន គុណកូឡា បានខិតខំឈ្មុសឈ្មុលដណ្ដើមបានភាពជោគជ័យ គឺពិតជាគួរឱ្យមោទនៈ ហើយស្របពេលដែល អាន គុណកូឡា កំពុងតែមានឈ្មោះបោះ សម្លេង គុណកូឡា បានខ្សឹបប្រាប់ទស្សនាវដ្ដី “វិចតូរីយ៉ា” ថាមាន ទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនបាន Call មកលើកទឹកចិត្ដ និងគាំទ្រថែមទាំងមានអ្នកអះអាងធានា ចិញ្ចឹមទៀតផង។ អាន គុណកូឡា ពិតជាមានសំណាងគួរឱ្យស្ងើចសរសើរដែលមាន អ្នកធានាចិញ្ចឹមហើយ គុណកូឡា ប្រហែលជាឈប់លំបាកទៅច្រៀង លក់សម្លេងទៀតហើយមើលទៅ? កូឡា ឆ្លើយតបភ្លាមថា ចំពោះបញ្ហាភាសាស្នេហានៅពេលនេះខ្ញុំមិន ទាន់សម្រេចចិត្ដទទួលនោះទេ ទោះបីមានអ្នកធានាចិញ្ចឹមក៏ដោយ ពីព្រោះខ្ញុំនៅក្មេងចង់ប្រឡូកនៅក្នុងសិល្បៈឱ្យបានយូរបន្ដិចសិន ហើយម្យ៉ាងទៀតគោលដៅនៃជីវិតរបស់ខ្ញុំ គឺខ្ញុំ មិនចង់រស់នៅក្រោមការឧបត្ថម្ភទំនុកបំរុងគ្រប់គ្រងពីនរណាម្នាក់នោះឡើយ។ គឺចង់រស់នៅដោយឯករាជបញ្ចេញនូវសមត្ថភាព និងស្នាដៃរបស់ខ្លួន។ គុណកូឡា បញ្ជាក់បន្ថែមថា ក្នុងនាមខ្ញុំជាបុរសនិងជាកូនខ្មែរម្នាក់ ខ្ញុំរស់នៅមិនដេកចាំតែព្រេងសំណាងលាភសក្ការៈ ពីអ្នកដទៃឡើយ ហើយចង់ធ្វើជាបុរសម្នាក់ ដែលមានគោលជំហរដ៏រឹងប៉ឹងម្នាក់នៅក្នុងសង្គម។ គុណកូឡា បានបន្ដទៀតថា ទម្រាំខ្ញុំដណ្ដើមបានប្រជាប្រិយភាពប៉ុណ្ណេះ គឺខ្ញុំបានតស៊ូជំនះ រាល់ការលំបាកជាច្រើនក្នុងការប្រឡូកលើវិស័យសិល្បៈ ហើយខ្ញុំនិងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីសម្រេចគោលបំណងរបស់ខ្ញុំនាពេលខាងមុខ ពីព្រោះខ្ញុំចង់ក្លាយជាអ្នកជំនួញម្នាក់ដ៏ពូកែ។
អាន គុណកូឡា បញ្ចេញនូវទស្សនៈផ្ដាំផ្ញើទៅដល់យុវវ័យថា ចូរយើងកុំនាំគ្នាសេពគ្រឿងញៀន ពីព្រោះវានាំឱ្យអនាគតយើងអន្ដរាយ និងអាប់អោនដល់កិត្ដិយសសង្គមជាតិ។ គឺយើងត្រូវតែខិតខំប្រឹងប្រែងសិក្សា និងងាកមកចូលរួមក្នុងការលើកស្ទួយវិស័យសិល្បៈទើបជាការល្អប្រសើរ។ គុណកូឡា បានឱ្យដឹងថាខ្លួនមិនទាន់មានពេលគិតពីគូស្រករទេ គឺចាំរកស៊ីមានបានសិន។ គួរឱ្យដឹងផងដែរថា កូឡា ជានិស្សិតឆ្នាំទី២ នៅសាលា ន័រតុន ផ្នែកវិស្វករ ចាប់ផ្ដើមល្បី នូវបទ “លាមុនស្អប់” ហើយបច្ចុប្បន្នកំពុងតែទទួលបាននូវការគាំទ្រតាមរយៈបទ “គ្មានសិទ្ធិជាម្ចាស់បេះដូងអូន” និងកំពុងត្រៀមចេញវុលថ្មីៗជាបន្ដបន្ទាប់ទៀត៕