
ពិធីករថ្មីរបស់ទូរទស្សន៍បាយ័នលោក អៀង វិច្ឆ័យ។ រូបថត ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ អស់រយៈពេល២ឆ្នាំមកហើយដែលគេបានឃើញ និងសង្ស័យពីភាពស្និទ្ធស្នាលប្លែកហួសពីទំនាក់ទំនងមិត្តភក្តិរវាងតារាចម្រៀងវ័យក្មេង នីកូ និងពិធីករស្រករក្រោយអៀង វិច្ឆ័យ ហើយថ្មីនេះ បន្ទាប់ពីអៀង វិច្ឆ័យ និងនីកូ បានទទួលការងារជាអ្នកគ្រប់គ្រងកម្មវិធី «វិស្សមកាលតន្ត្រី» របស់ស្ថានីយទូរទស្សន៍បាយ័នរួមគ្នាភ្លាម ស្រាប់តែក្រុមការងារនៅស្ថានីយទូរទស្សន៍នេះបាននិយាយផ្សាយបន្តកន្ទុយគ្នាស្របនឹងទស្សនិកជនមួយចំនួនមានការសង្ស័យថា តារាចម្រៀង នីកូ មានសម្ព័ន្ធស្នេហាភេទដូចគ្នាជាមួយនឹងពិធីករ វិច្ឆ័យ ។
«វិស្សមកាលតន្ត្រី» ដែលជាកម្មវិធីកម្សាន្តថ្មីរបស់ស្ថានីយទូរទស្សន៍បាយ័នផ្សាយនៅរៀងរាល់ល្ងាចថ្ងៃសុក្រវេលាម៉ោង៧កន្លះនោះ ត្រូវបានគេដឹងថា ស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នារវាង នីកូ និង អៀង វិច្ឆ័យ។ ការលេចមុខដោយចំហនៅក្នុងការងារថ្មីរួមគ្នានេះ ក្រុមការងារមួយចំនួនដែលមិនសូវសប្បាយចិត្តនឹងអ្នកគ្រប់គ្រងវ័យក្មេងវាយឫកទាំងពីរនេះ បានបង្ហើបឲ្យដឹងថា នីកូ និង វិច្ឆ័យ មានភាពស្អិតល្មួតខុសប្លែកពីធម្មតា ដែលអ្នកទាំងពីរទំនងជាមានសម្ព័ន្ធស្នេហាភេទដូចគ្នា ដូចដែលពួកគេ(ក្រុមការងារក្នុងកម្មវិធី វិស្សមកាលតន្ត្រី) ធ្លាប់លេចឮពីខាងក្រៅកាលពីគ្រាមុនមែន។
ក្រុមការងារក្រោមការគ្រប់គ្រងរបស់ នីកូ និង វិច្ឆ័យ មួយចំនួនដែលមិនសូវសប្បាយចិត្តបានឲ្យដឹងថា ពួកគេសង្កេតឃើញថា ទំនាក់ទំនងរវាង នីកូ និង អៀង វិច្ឆ័យ មិនមែនមានលក្ខណៈធម្មតាដូចមិត្តភក្តិបុរសៗអស់នឹងគេឯងនោះទេ។ ពួកគេទាំងពីរមានភាពស្និទ្ធស្នាលប្រៀបបាននឹងស្រីស្អាតប្រុសស្អាត តែដោយសារពួកគេជាប្រុសដូចគ្នាបែបនេះ ទើបក្រុមការងារទាំងនោះនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា នីកូ និង អៀង វិច្ឆ័យ មានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា ឬក៏ប្រុសស្រឡាញ់ប្រុស។ក្រុមការងារទាំងនោះបានបញ្ជាក់ថា កន្លងមកពួកគេធ្លាប់ឮគេនិយាយតៗគ្នាពីចំណងស្នេហាភេទដូចគ្នារបស់អ្នកទាំងពីរតែមិនសូវទុកក្នុងចិត្ត ឬក៏ជឿថាពួកគេពិតជាមានរឿងបែបនេះឡើយ ប៉ុន្តែនៅពេលដែលឃើញផ្ទាល់ភ្នែកទើបដឹងថា ការពិតមានទំហំប៉ុនណា មិនខុសពីពាក្យចាស់លោកពោលថា ឮ១០ដងមិនស្មើបានឃើញជាក់នឹងភ្នែកម្តងមែន។
រាល់ការលើកឡើងខាងលើ ពិធីករ អៀង វិច្ឆ័យ បានទទួលស្គាល់ថា លោកធ្លាប់ឮគេនិយាយ តែលោកបញ្ជាក់ថា នោះមិនមែនជាការពិតទេហើយការលើកឡើងពីទំនាក់ទំនងលោក នឹង នីកូ គ្រាន់តែជាការបង្កើតរឿងដើម្បីបំផ្លាញអនាគត និងកិត្តិយសរបស់លោក និងគ្រួសារតែប៉ុណ្ណោះ។
អៀង វិច្ឆ័យ បាននិយាយថា៖
« Okសំណួរនេះ ខ្ញុំធ្លាប់ឮ មានសារព័ត៌មានមួយចំនួនចុះផ្សាយដែរ តែខ្ញុំមិនសូវខ្វល់ ដោយសារតែរឿងហ្នឹង អ្នកសារព័ត៌មានអត់បានសម្ភាសខ្ញុំ។ នេះជាលើកទី១ដែលខ្ញុំផ្តល់បទសម្ភាស តែខ្ញុំក៏ហួសចិត្តអ្នកដែលនិយាយរឿងហ្នឹង ដែលបង្កើតរឿងនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ»។
មានការលើកឡើងថា វត្តមាន អៀង វិច្ឆ័យ និង នីកូ តែងលេចមុខនៅតាមខេត្តជាញឹកញាប់ បើ នីកូ ច្រៀង វិច្ឆ័យ ជូនទៅ តែបើ វិច្ឆ័យ ធ្វើពិធីករ នីកូ ជូនទៅ តែរឿងនេះ អៀង វិច្ឆ័យ បានបដិសេធ។ ពិធីករ វិច្ឆ័យ និយាយថា៖«ទៅតាមខេត្ត[ជាមួយគ្នា]ដូចជាខ្ញុំមិនដែលបានទៅទេ ប៉ុន្តែបើការងារស្ថានីយយើងធ្វើការជាមួយគ្នា លុះត្រាតែការងារពាក់ព័ន្ធ គាត់ជាProducer គាត់ជា Team Work របស់ខ្ញុំ មិនដែលមានបញ្ហាទេ ពួកខ្ញុំមានការងារជាមួយគ្នាច្រើន តែមិនដែលនឹកឃើញរឿងអី(ស្នេហាភេទដូចគ្នា)ផ្សេងទេ ព្រោះខ្ញុំមាន Team Work ច្រើននាក់ទៀតមិនមែនតែ នីកូ ទេ។ តែប្រហែលជាគេបង្កើតព័ត៌មានដើម្បីផលប្រយោជន៍ខ្លួនឯងច្រើនជាង។ ខ្ញុំមានក្រុមការងារខ្ញុំផ្សេងទៀត តែប្រហែលជាគេមិនចាប់អារម្មណ៍ តែពួកខ្ញុំល្បីឈ្មោះ គេលើកត្រឹមតែ នីកូ ហ្នឹង»។
អ្នកដឹកនាំកម្មវិធីថ្មីរបស់បាយ័នរូបនេះបន្ថែមថា៖«ខ្ញុំជាមនុស្សម្នាក់មិនដែលមានបញ្ហាអ្វីសោះ ខ្ញុំមិនដឹងថា គាត់[អ្នកនិយាយពីស្នេហ៍]វាយតម្លៃខ្ញុំបែបណាទេ តែគាត់គួរឲ្យតម្លៃនិងផ្តល់កិត្តិយសឲ្យខ្ញុំខ្លះ ក្នុងនាមជាពិធីករម្នាក់មិនដែលមានរឿងអីសោះ នៅពេលមានការចុះផ្សាយអ៊ីចឹងវាប៉ះពាល់ដល់កិត្តិយសគ្រួសាររបស់ខ្ញុំ ហើយគ្រួសារខ្ញុំជាអ្នកប្រកាន់សិល្បៈបំផុត។ បើមានការចុះផ្សាយបែបហ្នឹង ខ្ញុំក៏ពិបាកនឹងប្រឈមមុខក្នុងសិល្បៈដែរគាត់ដូចជាសម្លាប់ខ្ញុំទាំងរស់អ៊ីចឹង ដែលបង្កើតព័ត៌មានបែបហ្នឹង។
ពិធីករស្ថិតក្រោមការសង្ស័យស្នេហាភេទដូចគ្នានេះបញ្ជាក់ថា៖«វាជាការបំផ្លាញអនាគតខ្ញុំ ប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់ដៃគូខ្ញុំមួយចំហៀងទៀត។ វាជារឿងដ៏សោកស្តាយខ្ញុំហួសចិត្ត ខ្ញុំអាយុជិត៣០ឆ្នាំហើយ ខ្ញុំមិនដែលបានជួបរឿងអ៊ីចឹងសោះ»។
ដោយឡែកតារាចម្រៀង នីកូ ដែលជាភាគីគេដាក់បន្ទុកថា ស្រឡាញ់គ្នាជាមួយនឹង អៀង វិច្ឆ័យ នោះ មិនអាចទាក់ទងសុំការបកស្រាយឡើយ។ អ្នកដែលលើកទូរស័ព្ទរបស់លោកបានប្រាប់ថា ជាជំនួយការកម្មវិធីរបស់ នីកូ ហើយមិនអាចផ្តល់លេខ នីកូ មួយផ្សេងទៀតបានទេ ដោយសាររង់ចាំការសុំសិទ្ធិពីម្ចាស់សិន។
ទោះបីជាយ៉ាងណា អ្នកនៅក្នុងសង្គមសិល្បៈបានបញ្ជាក់ឲ្យដឹងថា តារាប្រុសទាំងពីរមានទំនាក់ទំនងនឹងគ្នាអស់រយៈពេលជាយូរមកហើយ៕ (PPP)